Paris Peace Accords 23 Oct. 1991

Monday, July 14, 2014

អង្គការ​ សិទ្ធិ​មនុស្ស ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ បើក​ទីលាន​ ប្រជាធិបតេយ្យ ​វិញ | Civil society urges govment open Democracy Square



អង្គការ​ សិទ្ធិ​មនុស្ស ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ បើក​ទីលាន​ ប្រជាធិបតេយ្យ ​វិញ

វិទ្យុ​ អាស៊ី សេរី | ១៣ កក្កដា ២០១៤

ទីលាន ​ប្រជាធិបតេយ្យ​ ត្រូវ​ បាន​រដ្ឋាភិបាល​ បិទ​រយៈពេល​ ប្រមាណ ៦​ខែ​ មក​ហើយ។  បច្ចុប្បន្ន​ ទីលាន ​សម្ដែង​មតិ​ របស់​ ប្រជាពលរដ្ឋ​នេះ នៅ​តែ ​ឡោមព័ទ្ធ​ ដោយ​បន្លា​លួស ​ដដែល។

មន្ត្រី​ សាលា​រាជធានី ​ភ្នំពេញ លើក​ឡើង​ ថា, រដ្ឋាភិបាល ​នឹង​បើក​ឡើង​វិញ ​ដរាប​ណា​ ការ​ស៊ើប រក​អ្នក​ទទួល​ ខុស​ត្រូវ​ លើ​ការ ​បង្ក​អំពើ​ហិង្សា​ នៃ​ការ​ធ្វើ​បាតុកម្ម​ កាល​ពី​ខែ​ មករា នោះ​ ឃើញ​សិន។ 
មន្ត្រី​សិទ្ធិមនុស្ស ​ឲ្យ​ដឹង​ថា, ការ​លើក​ឡើង ​របស់​ មន្ត្រី​ សាលា​រាជធានី ភ្នំពេញ​នេះ គ្រាន់តែ​ ជា​លេស​ តែប៉ុណ្ណោះ, ព្រោះ ​ទីតាំង​ ទីលាន​ ប្រជាធិបតេយ្យ និង​កន្លែង​ មាន​អំពើ​ហិង្សា ​ប៉ះទង្គិច​គ្នា​ រវាង​ កងកម្លាំង ​សមត្ថកិច្ច ​និង​កម្មករ គឺ ​នៅ​ទីតាំង​ ខុស​គ្នា, មិន​ពាក់ព័ន្ធ​ នឹង​ទីលាន ​ប្រជាធិបតេយ្យ ​ទេ។  [Also, just ask the govment.]


ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​គ្រោង​ជួប​ពិភាក្សា​គ្នា​និង​ធ្វើ​របាយការណ៍ ​ស្ដីពី​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ ដាក់​ជូន​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បើក​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ទីលាន ​ប្រជាធិបតេយ្យ​ដូច​ដើម​ឡើង​វិញ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​សិទ្ធិ​មនុស្ស​នឹង​បើក​ កិច្ចប្រជុំ​មួយ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​រៀបចំ​ផែនការ​បន្ទាន់ និង​ផែនការ​រយៈពេល​យូរ​ទាក់ទង​នឹង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​បើក​ទីលាន​ ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​ជាប់​គាំង​នយោបាយ​នេះ ជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ ប្រសើរ​ឡើង។ ផ្ទុយ​ទៅ​វិញ អ្នក​ការពារ​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ឃើញ​ថា ការ​ជាប់​គាំង​នយោបាយ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​នៅ​កម្ពុជា។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​បេះដូង​នៃ​ប្រជាធិបតេយ្យ​នោះ គឺ​ជា​ហេតុផល​នយោបាយ​ដែល​រដ្ឋាភិបាល​ឯក​បក្ស យក​ហេតុផល​នយោបាយ​នេះ​មក​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ គឺ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ទីលាន​ប្រជាធិបតេយ្យ​នេះ រដ្ឋាភិបាល​នឹង​បើក​ឡើង​វិញ​នៅ​ពេល​ការ​ស៊ើប​អង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ ​ឃើញ​សិន។ លោក​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​ ក៏​រង់ចាំ​របាយការណ៍​ស៊ើប​អង្កេត​ពី​តុលាការ និង​ពី​រដ្ឋាភិបាល​ដែរ។ តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​ការ​ស៊ើប​អង្កេត​នោះ មាន​រយៈពេល​ប៉ុន្មាន​ខែ​ពិត​ប្រាកដ​នោះ​ឡើយ?

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា ពន្យល់​ថា ការ​ឆ្លើយ​តប​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នេះ គ្រាន់តែ​ជា​លេស​និង​មិន​សម​ហេតុ​ផល​ទេ។ ដោយ​លោក​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​ថា ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​មិន​មែន​ជា​ទីកន្លែង​បង្ក​ហេតុ​ប៉ះទង្គិច​គ្នា​ រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ដូច​នៅ​ផ្លូវ​វ៉េង ស្រេង និង​នៅ​រោងចក្រ​យ៉ាកជីន កាល​ពី​ដើម​ខែ​មករា ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​បាញ់​មនុស្ស​ស្លាប់​និង​របួស​នោះ​ទេ។

លោក នី ចរិយា សង្កត់​ធ្ងន់​ថា តុលាការ​ក៏​បាន​បិទ​សំណុំ​រឿង​មនុស្ស​ទាំង ២៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​រឿង​ប៉ះទង្គិច​គ្នា​នេះ​ដែរ តុលាការ​ក៏​មិន​បាន​និយាយ​អំពី​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​មិន​ដែល​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​បិទ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ដែល​ ឡោមព័ទ្ធ​ដោយ​បន្លា​លួស​នេះ​ដែរ។

អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​ជាង ១០​ទំព័រ នៅ​ក្នុង​បេសកកម្ម​របស់​លោក​កាល​ពី​ខែ​មិថុនា ថា លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​រួម​តូច​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស និង​រថពាសដែក​យ៉ាង​ពេញ​ទំហឹង តាំង​ពី​លោក​មក​ទស្សនកិច្ច​កាល​ពី​ខែ​មករា។

លោក​អះអាង​ថា ការ​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ជា​ទីតាំង​យោធា ពុំ​មាន​មូលហេតុ​ផ្លូវ​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​ បញ្ចេញ​មតិ និង​ជួបជុំ​របស់​ប្រជាពលរដ្ឋ។

​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ​លើ​ព្រឹត្តិការណ៍​ហិង្សា​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ថ្ងៃ​ទី​១២ឋ​វិច្ឆិកា ឆ្នាំ​២០១៣ និង​នៅ​ថ្ងៃ​ទី​៣ មករា ​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជា​ច្រើន​នាក់ និង​បាត់​ខ្លួន​កុមារ​ម្នាក់​ឈ្មោះ ខឹម សម្បត្តិ នោះ។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត​នោះ​ឡើយ គ្រាន់​តែ​រដ្ឋាភិបាល​បញ្ជាក់​ពី​ហេតុផល​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ថា ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ អះអាង​ថា អ្នកស្រី​មាន​គម្រោង​ដឹកនាំ​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ដើម្បី​ទាមទារ​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ ​ឡើង​វិញ។

​ទីលាន​ប្រជាធិបតេយ្យ​សព្វ​ថ្ងៃ​នេះ​ឡោមព័ទ្ធ​ដោយ​បន្លា​លួស ពេល​ខ្លះ​មាន​ទាំង​កម្លាំង​រដ្ឋាភិបាល​ប្រដាប់​អាវុធ​ទៅ​យាម​ត្រៀម​ ទប់ស្កាត់​បង្ក្រាប​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សម្ដែង​មតិ មិន​ខុស​ពី​ការ​ត្រៀម​ប្រយុទ្ធ​នៅ​សមរភូមិ​នោះ​ទេ។ ទីលាន​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដាក់​ឈ្មោះ​ថា "ទី​លែង​ប្រជាធិបតេយ្យ" បន្ទាប់ពី​រដ្ឋាភិបាល​ដណ្ដើម​កាន់កាប់ បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៤ មករា ឆ្នាំ​២០១៤ ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​យក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ បាតុកម្ម​ទាមទារ​យុត្តិធម៌​រឿង​សន្លឹក​ឆ្នោត​នោះ៕


No comments:

Post a Comment