អន្តរជាតិ ជំរុញ ឲ្យកម្ពុជា យករូបមន្ត កែទម្រង់ ប្រព័ន្ធបោះឆ្នោត ពីប្រទេស ក្នុងតំបន់
វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៤
លោក ឡន ក្រានឺ (Lorne W. Craner) ដែលជាអតីត ប្រធាន វិទ្យាស្ថាន អន្តរជាតិ អាយ អ អាយ (IRI) និងជាអតីត ឧបការី រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋអាមេរិក ថ្លែងថា, វា ដល់ពេលហើយ ដែលកម្ពុជា ត្រូវ ដោះស្រាយ ប្រព័ន្ធបោះឆ្នោត របស់ខ្លួន ឲ្យមាន ភាពឯករាជ្យ។
លោក ឡន ក្រានឺ គូសបញ្ជាក់ ថា, គណបក្ស កាន់អំណាច និងគណបក្សប្រឆាំង ត្រូវ ធ្វើការចរចាគ្នា, ហើយ សម្រេច ឲ្យបាន នូវគណៈកម្មាធិការ បោះឆ្នោត មួយ ដែលមាន ការជឿជាក់ ពីមហាជន និងសហគមន៍ អន្តរជាតិ។
លោក បន្តថា បណ្ដាប្រទេស ប្រជាធិបតេយ្យ លើពិភពលោក មិនអាច ទទួលយកបានទេ ចំពោះ ការបោះឆ្នោត ក្នុងប្រទេស កម្ពុជា ដែលនៅពេល បោះឆ្នោត ម្តងៗ គណៈកម្មាធិការ បោះឆ្នោត នៅក្នុងប្រទេសនេះ តែងរងនូវ មន្ទិលសង្ស័យ ជាច្រើន អំពី ការជ្រៀតជ្រែក នយោបាយ, ការលួចបន្លំ សន្លឹកឆ្នោត, និងខ្វះតម្លាភាព។
លោក ឡន ក្រានឺ៖ «បក្សប្រឆាំង និងបក្សកាន់អំណាច ត្រូវ ចរចាគ្នា ដើម្បី សម្រេច ឲ្យបាន នូវគណៈកម្មការ ឯករាជ្យ និងឥតលំអៀងមួយ។ មានរូបមន្ត ច្រើនណាស់ លើពិភពលោក ដែលកម្ពុជា អាចរៀនសូត្របាន។ ប៉ុន្តែ កម្ពុជា មិនអាច មានគណៈកម្មាធិការ បោះឆ្នោតមួយ ដែលរងការ ចោទសួរ អំពី ភាពមិន ប្រក្រតី នៃការបោះឆ្នោត គ្រប់ពេលវេលា ដូច្នេះទេ។ កម្ពុជា មិនចាំបាច់ ដល់ថ្នាក់រៀនសូត្រ ពីសហរដ្ឋ អាមេរិក, បារាំង, កាណាដា, ស្អីទេ, តែ មានបណ្ដា ប្រទេស មួយចំនួន ក្នុងតំបន់ ដែលអាចរៀនសូត្រ តាមបាន ដូចជា ម៉ុងហ្គូលលី, ឥណ្ឌូនេស៊ី, អ៊ីស្ទីម័រ, ជាដើម។»
ការថ្លែងរបស់លោក ឡន ក្រានឺ ធ្វើឡើងកាលពីថ្ងៃទី៩ ខែកក្កដា ក្រោយពីសវនាការក្នុងរដ្ឋសភាសហរដ្ឋអាមេរិក អំពីបញ្ហាសិទ្ធិមនុស្សនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ បញ្ហាដែលកម្ពុជា កំពុងជាប់គាំងផ្នែកនយោបាយនេះ ស្ថិតត្រង់របត់មួយដែលគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យរដ្ឋសភាអនុម័តកែទម្រង់ គ.ជ.ប តាមរូបមន្ត ៥០% + ១ ហើយបក្សប្រឆាំងចង់បានតាមរូបមន្ត ២/៣។
ប៉ុន្តែអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា គន្លឹះសំខាន់ក្នុងការបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោត គឺឋិតនៅលើគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកមានអំណាចគ្របដណ្ដប់ទៅលើសង្គមកម្ពុជា ទាំងមូលនោះ។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្តីអត្ថាធិប្បាយពីមន្ត្រី រដ្ឋាភិបាលកម្ពុជា បានទេ កាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា។ ទោះជាយ៉ាងណាក៏ដោយ លោក អេដ រ៉យ (Ed Royce) ដែលជាតំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋនិយម និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យធ្ងន់ធ្ងរថែមទៀតទៅលើ គណបក្សប្រជាជនកម្ពុជា ឲ្យកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យឯករាជ្យ ឬមួយពួកគេទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចតែម្តង។
លោក អេដ រ៉យ៖ «ខ្ញុំ គិតថា សហគមន៍អន្តរជាតិត្រូវតែទាមទារឲ្យលោក ហ៊ុន សែន កែទម្រង់ និងបើកចំហនៃដំណើរការប្រព័ន្ធបោះឆ្នោត។ ប្រសិនបើមានយល់ព្រមកែទម្រង់ប្រកបដោយតម្លាភាព និងការជឿទុកចិត្តបានពីមហាជន នោះយើងនឹងបន្តធ្វើការតទៅមុខទៀត ហើយបើមិនដូច្នោះទេ សហគមន៍អន្តរជាតិត្រូវទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចទៅ។»
នៅក្នុងសវនាការរដ្ឋសភាអាមេរិកស្ដីពីបញ្ហាសិទ្ធិមនុស្សនៅ ប្រទេសកម្ពុជា វៀតណាម ថៃ និង មីយ៉ាន់ម៉ា ឬ ភូមា លោកតំណាងរាស្ត្រ អេដ រ៉យ ទទួលបន្ទុកកិច្ចការបរទេសនៅតំបន់អាស៊ីអាគ្នេយ៍បានស្នើអោយ រដ្ឋាភិបាលអាមេរិក ផ្អាកទំនាក់ទំនងជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់មានដំណោះស្រាយសមស្របលើវិបត្តិបោះឆ្នោត៕
No comments:
Post a Comment