Paris Peace Accords 23 Oct. 1991

Wednesday, July 23, 2014

បក្ស​សង្គ្រោះ​ជាតិ​ ព្រម​ចូល​សភា​ ជាមួយ ​បក្ស​ប្រជាជន | CNRP agrees to take seats in Parliament with CPP

បក្ស​សង្គ្រោះ​ជាតិ​ ព្រម​ចូល​សភា​ ជាមួយ ​បក្ស​ប្រជាជន

RFA | ២២ កក្កដា ២០១៤

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ ចរចា​ នា​វិមាន ​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

គណបក្ស​ ទាំង​ពីរ​ បាន​បញ្ចប់​ បញ្ហា​ជម្លោះ ​នយោបាយ​ហើយ ​នៅ​ថ្ងៃ​ ទី​២២ កក្កដា នេះ បន្ទាប់​ ពី​អូស​បន្លាយ​ពេល ​ជិត១​ឆ្នាំ​ កន្លង​មក។  ការ​ព្រមព្រៀង​គ្នា ​រវាង ​ថ្នាក់​ដឹក​នាំ​ កំពូល ​ក្នុង​ការ​ចរចា​នេះ នៅ​បន្ទាប់ ​បេក្ខជន ​តំណាង​រាស្ត្រ​ ជាប់​ឆ្នោត​ គណបក្ស ​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ និង​សកម្មជន ​មួយ​រូប​ទៀត ត្រូវ តុលាការ​ ចាប់​ខ្លួន​ ដាក់​ពន្ធនាគារ។


អ្នក​វិភាគ​លើក​ឡើង​ថា ការ​ចរចា​ត្រូវរ៉ូវ​គ្នា​នៅ​ពេល​នេះ គ្រាន់​តែ​បាន​បញ្ចប់​នៃ​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុង​រយៈពេល​បច្ចុប្បន្ន ​ប៉ុណ្ណោះ តែ​ការ​ដោះស្រាយ​ពី​បញ្ហា​សង្គម និង​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ឯករាជ្យ​ពិត​ប្រាកដ​នោះ នឹង​មិន​មាន​នោះ​ឡើយ។

សេចក្តី​ថ្លែងការណ៍​រួម​មាន ៧​ចំណុច បាន​ចេញ​ផ្សាយ​ជា​សាធារណៈ ក្រោយ​ពេល​អ្នក​ដឹក​នាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ បាន​ជួប​ចរចា​គ្នា​ជាង ៥​ម៉ោង បង្ហាញ​ថា គណបក្ស​ទាំង​ពីរ​យល់​ព្រម​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​បញ្ហា​នានា និង​មាន​ការ​បែង​ចែក​តួនាទី​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ផង។

មេ​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​ចរចា ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង​នា​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២២ កក្កដា នេះ​ទេ។

មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​គណបក្ស ដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន​សម្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​សួរ​អំពី​លទ្ធផល ​នៃ​ការ​ចរចា​នេះ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់​តែ​ឆ្លើយ​យ៉ាង​ខ្លី​ថា ការ​ចរចា​ទទួល​បាន​ជោគជ័យ​ហើយ ក្នុង​ទឹក​មុខ​ញញឹម​មុន​នឹង​ដើរ​ចូល​ឡាន។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ទះ​ដៃ​អបអរ ចំពោះ​លទ្ធផល​ចរចា​ជោគជ័យ​ទៀត​ផង។

នៅ​ក្នុង​ការ​ចរចា​មាន​រយៈពេល​ជាង ៥​ម៉ោង​នេះ លទ្ធផល​នៃ​ការ​ចរចា គឺ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​ចូល​សភា។ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ នឹង​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​ថ្វាយ​អំពី​លទ្ធផល​នៃ​ការ​ចរចា​នេះ បន្ទាប់​មក​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ​៥៥​រូប នឹង​ចូល​ស្បថ​នៅ​ក្នុង​ព្រះបរមរាជវាំង។

លោក អេង ឆៃអ៊ាង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ដោយសារ​គោលការណ៍​គណបក្ស​ដាក់​ឲ្យ លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស នឹង​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​នៅ​ពេល​ឈ្នះ​ឆ្នោត​នោះ ដូច្នេះ លោក កឹម សុខា នឹង​ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បន្ទាប់​ពី​បាន​ចូល​ស្បថ​នៅ​ក្នុង​ព្រះបរមរាជវាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។

ចំពោះ លោក សម រង្ស៊ី វិញ ដែល​លោក​មិន​មាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ក្នុង​បញ្ជី​បោះ​ ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នោះ នៅ​ក្នុង​ការ​ចរចា​នេះ មិន​បាន​បញ្ជាក់​ថា លោក​នឹង​ទទួល​បាន​តួនាទី​អ្វី​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ករណី លោក សម រង្ស៊ី នេះ មិន​មែន​យក​តួនាទី​ជា​រឿង​សំខាន់​នោះ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ គិត​សំខាន់​ទៅ​លើ​បញ្ហា​ប្រទេស​ជាតិ​ជា​កត្តា​ចម្បង។

កិច្ច​ព្រមព្រៀង​បន្ទាប់​ពី​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នោះ មាន​ចំនួន ៧​ប្រការ​សំខាន់ៗ ក្នុង​នោះ​រួម​មាន សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន ៩​រូប ក្នុង​នោះ ៤​រូប​ជ្រើស​រើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង ៤​រូប​ផ្សេង​ទៀត ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សមាសភាព​១​ទៀត គឺ​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ ក្នុង​រដ្ឋសភា។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរ​ការ។ ក្នុង​ករណី​ដែល​ខកខាន​មិន​បាន​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន​ស្រាប់ ត្រូវ​បន្ត​ការងារ​របស់​ខ្លួន និង​មាន​សមត្ថកិច្ច​ដើម្បី​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ច្បាប់។

ចំពោះ​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​វិញ ការ​បែង​ចែក​តួនាទី​ដឹក​នាំ​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ តាម​រូបមន្ត ៧ ទល់ ៦ ដោយ​ត្រូវ​បង្កើត​បន្ថែម​គណៈកម្មការ​ជំនាញ​ថ្មី​មួយ​ទៀត ហើយ​មាន​សមាសភាព​ប្រធាន​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​១​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​សភា​ទី​២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

គណៈកម្មការ​បង្កើត​ថ្មី​ជា​គណៈកម្មការ​ទី​១០ មាន​ឈ្មោះ​ថា គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​បំបែក​ពី​គណៈកម្មការ​ទី​៤ ហើយ​ដូរ​ឈ្មោះ​គណៈកម្មការ​ទី​៤ មក​ជា​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ។

គណៈកម្មការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ រួម​មាន គណៈកម្មការ​ទី​២ គណៈកម្មការ​ទី​៤ គណៈកម្មការ​ទី​៥ គណៈកម្មការ​ទី​៦ និង​គណៈកម្មការ​ទី​៩។ គណៈកម្មការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ រួម​មាន គណៈកម្មការ​ទី​១ គណៈកម្មការ​ទី​៣ គណៈកម្មការ​ទី​៧ គណៈកម្មការ​ទី​៨ និង​គណៈកម្មការ​ទី​១០។ គណៈកម្មការ​នីមួយៗ​មាន​សមាជិក ៩​រូប ហើយ​គណៈកម្មការ​ណា​ដែល​គណបក្ស​ណា​ធ្វើ​ជា​ប្រធាន សមាជិក​មក​ពី​គណបក្ស​នោះ​មាន ៥​រូប និង​គណបក្ស​ផ្សេង​ទៀត ៤​រូប។ ចំពោះ​ស្ថាប័ន​ព្រឹទ្ធសភា​វិញ គណបក្ស​ទាំង​ពីរ​ក៏​ព្រមព្រៀង​គ្នា​រៀបចំ​ក្បាល​ម៉ាស៊ីន​ឡើង​វិញ​ដែរ។

ចំពោះ​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា មិន​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ចំពោះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ តែ​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី និង​រៀបចំ​ការ​បោះ​ឆ្នោត​អាច​ថា​នៅ​មុន​អាណត្តិ​សម្រាប់​ការ​បោះ​ឆ្នោត​ អាណត្តិ​ទី​៦ អាស្រ័យ​លើ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​ឆ្នោត​ថ្មី​រួច​រាល់។

នៅ​ក្នុង​ការ​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លើក​ពី​ការ​ដោះ​លែង​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ៧​នាក់ និង​សកម្មជន​របស់​ខ្លួន​ម្នាក់​ទៀត​ដែរ។ លោក ព្រុំ សុខា បញ្ជាក់​ថា ការ​ដោះ​លែង​អាស្រ័យ​លើ​នីតិវិធី​របស់​តុលាការ ដែល​ដោះ​លែង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ទៅ​តាម​សំណើ​របស់​មេធាវី​របស់​ពួក​គាត់។
\
នៅ​ក្រោយ​ពេល​បញ្ចប់​ការ​ចរចា​បិទ​ទ្វារ​រយៈពេល​ជាច្រើន​ម៉ោង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដើរ​ចាប់​ដៃ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៨​រូប​នោះ​នៅ​ក្រៅ​បន្ទប់​ចរចា។ ក្រោយ​មក មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​បំបែក​គ្នា​រៀងៗ​ខ្លួន។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ជា​លទ្ធផល​នៃ​ការ​ចរចា​នេះ​ឃើញ​ថា គណបក្ស​ទាំង​ពីរ​អាច​បញ្ចប់​ជម្លោះ​នយោបាយ និង​ធ្វើ​ឲ្យ​ភាព​តានតឹង​ផ្នែក​នយោបាយ​បន្ធូរបន្ថយ​វិញ។ លោក កែម ឡី បញ្ជាក់​ថា ការ​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ងាក​ចេញ​ពី​ការ​ទាមទារ​របស់​ខ្លួន​កន្លង​មក ហើយ​ក៏​មិន​ធានា​ថា គ.ជ.ប នៅ​ពេល​ខាង​មុខ​ឯករាជ្យ​នោះ​ដែរ។

អ្នក​វិភាគ​បាន​ហៅ​ការ​ចរចា​នេះ​ថា ជា​ការ​ចរចា​ចាប់​បង្ខំ ពីព្រោះ​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ចុះ​នៅ​ពេល​សមាជិក​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ ពន្ធនាគារ នៅ​ក្នុង​ដំណើរ​ការ​ចរចា​នេះ។ ហើយ​លទ្ធផល​នៃ​ការ​ចរចា​នេះ មិន​ធានា​ថា ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​មាន​គុណភាព ប្រសិទ្ធភាព ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នោះ​ឡើយ ពិសេស​ទៅ​លើ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​និយាម​អន្តរជាតិ ស្រប​ទៅ​តាម​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នោះ មិន​អាច​ទៅ​រួច​នោះ​ទេ។

រីឯ​ទីលាន​ប្រជាធិបតេយ្យ​វិញ លោក ព្រុំ សុខា លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​បើក​ឡើង​វិញ​នៅ​បន្ទាប់​ពី​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង និង​ចូល​ប្រជុំ​សភា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕






No comments:

Post a Comment