Paris Peace Accords 23 Oct. 1991

Wednesday, July 23, 2014

ស៊ុន ចាន់៖ «ការ​ត្រូវរ៉ូវ​គ្នា ​រវាង ​អ្នក​នយោបាយ ​នឹង​ធ្វើ ​ឲ្យ​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ កើន​ឡើង» | Sun Chanthol: "Political agreement will lead to economic growth"

«ការ​ត្រូវរ៉ូវ​គ្នា ​រវាង ​អ្នក​នយោបាយ ​នឹង​ធ្វើ ​ឲ្យ​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ កើន​ឡើង»

​វិទ្យុ​ អាស៊ី សេរី  | ២៣ កក្កដា ២០១៤

ស៊ុន ចាន់ថុល ៦១០
រដ្ឋមន្ត្រី​ ក្រសួង​ ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/An Sithav

រដ្ឋមន្ត្រី​ ក្រសួង​ ពាណិជ្ជកម្ម​ អះអាង​ នៅ​ថ្ងៃ​ ទី​២៣ កក្កដា ថា, ​ការ​ចរចា ​ត្រូវ​រ៉ូវ​គ្នា ​រវាង​ អ្នក​នយោបាយ គឺ ​ជា​​ចំណុច​ ចាប់​ផ្ដើម​​ ថ្មី​មួយ​ ក្នុង​​ការ​អភិវឌ្ឍ​​ សេដ្ឋកិច្ច​​​ ឡើង​វិញ តាម​រយៈ​​ ការ​ទាក់ទាញ ​អ្នក​​វិនិយោគ ​បរទេស​ និង​ការ​ធ្វើ​ ពាណិជ្ជកម្ម​ អន្តរជាតិ។  ទោះ​បី​ ជា​ភាព​ ជាប់​គាំង​ នយោបាយ​ បាន​ដោះស្រាយ ​យ៉ាង​ណា ​ក៏​ដោយ ក៏​មាន​ ស្ថាប័ន​ ស្រាវ​ជ្រាវ​ អន្តរជាតិ​ ជា​ច្រើន បាន​​ព្យាករ​​ កំណើន​សេដ្ឋកិច្ច​ ក្នុង​ឆ្នាំ​២០១៤ នេះ ថា ​នឹង​ធ្លាក់​ចុះ។



ភាព​ជាប់​គាំង ​នយោបាយ​​​ កម្ពុជា បាន​អូស​បន្លាយ ​អស់​រយៈ​ពេល​ ជិត​​មួយ​ឆ្នាំ​ មក​នេះ បាន​ប៉ះពាល់​ ដល់​ការ​វិនិយោគ​ និង​ការ​ចុះ​បញ្ជី​ ធ្វើ​អាជីវកម្ម​​ នៅ​ក្នុង​ប្រទេស ​កម្ពុជា។  តួលេខ ​របស់ ​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ ថា,​ ការ​ចុះ​បញ្ជី​ ពាណិជ្ជកម្ម​ថ្មី​ បាន​ធ្លាក់​ចុះ ១២%​ នៅ​​កំឡុង​ ក្នុង​ឆ្នាំ​២០១៣។  ប៉ុន្តែ ​​ថ្នាក់​ដឹក​នាំ ​ក្រសួង​ ពាណិជ្ជកម្ម​​ កម្ពុជា សង្ឃឹម​ថា, ការ​ចរចា ​រក​ដំណោះស្រាយ ​រវាង​​​ គណបក្ស ​នយោបាយ ​ដែល​ជាប់​ឆ្នោត​​ នៅ​ពេល​នេះ នឹង​ជំរុញ​ កំណើន ​នៃ​​អាជីវកម្ម​ និង​ពាណិជ្ជកម្ម។

​រដ្ឋមន្ត្រី​ ក្រសួង​ ពាណិជ្ជកម្ម​ លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ប្រាប់ ​វិទ្យុ​ អាស៊ី សេរី តាម​ទូរស័ព្ទ​​ នៅ​ថ្ងៃ​ ទី​២៣ កក្កដា ថា, ការ​ចង់​បាន ​របស់​ អ្នក​វិនិយោគ​ បរទេស​ គឺ​ ស្ថិរភាព​ នយោបាយ។  ការ​មក​អង្គុយ ​រក​ដំណោះស្រាយ ​រវាង ​អ្នក​នយោបាយ​ គឺ ​ជា​សញ្ញា ​ល្អ​​មួយ ​សម្រាប់​ វិស័យ​ពាណិជ្ជកម្ម​​ កម្ពុជា តាម​រយៈ​​ ការ​​ទាក់ទាញ​ អ្នក​វិនិយោគ​ បរទេស។  នៅ​អំឡុង​ពេល ​ជាប់​គាំង ​នយោបាយ មាន​អ្នក​វិនិយោគ​ មួយ​ចំនួន​ បាន​ផ្អាក​ សកម្មភាព ​របស់​គេ និង​មួយ​ចំនួន​ទៀត​ បាន​ដក​ ការ​វិនិយោគ ​ចេញ​ ពី​ប្រទេស ​កម្ពុជា។

លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ បន្ថែម​ទៀត ​ថា,​ ទំហំ​​ វិនិយោគ​ និង​ទំហំ ​នៃ​ការ​នាំ​ចេញ​ មិន​ទាន់​អាច ​ប៉ាន់​ស្មាន​បាន​ នៅ​ឡើយ ព្រោះ ​វា ​ជាប់​ទាក់ទង​ នឹង​កត្តា​ ខាង​ក្រៅ។

បន្ថែម​លើ​នេះ អគ្គនាយក​ សភា​ ពាណិជ្ជកម្ម​ លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ ថា​​, អំឡុង​ពេល​ ជាប់​គាំង ​នយោបាយ​ ដែល​អូស​បន្លាយ​ អស់​រយៈ​ពេល ​ជិត​​មួយ​ឆ្នាំ មិន​បាន​ប៉ះពាល់​​​​​ ដល់​វិស័យ​ ពាណិជ្ជកម្ម​ នាំ​ចេញ​ និង​នាំ​ចូល ​​របស់​ កម្ពុជា​ ធ្ងន់ធ្ងរ​ឡើយ។  ប៉ុន្តែ​ ស្ថិរភាព ​នយោបាយ ​នៅ​ពេល​នេះ ជា​ការ​លើក​ទឹកចិត្ត​ បន្ថែម​ ចំពោះ ​វិនិយោគិន និង​ពាណិជ្ជករ ​ក្នុង​ការ​បណ្ដាក់​ ទុន ​​នៅ​ប្រទេស ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា ​ក៏​ដោយ ​​ភាព​ជាប់​គាំង​​ នយោបាយ​ កន្លង​មក​ បាន​បណ្ដាល​ ឲ្យ​មាន ​មនុស្ស​ស្លាប់, របួស,​ ការ​បំផ្លិចបំផ្លាញ​ ទ្រព្យ​សម្បត្តិ​ ក្រុមហ៊ុន ឬ​រោងចក្រ,​ ​និង​ការ​ឡើង​ថ្លៃ ​ម្ហូប​អាហារ​។  តាម​ការ​ប៉ាន់​ស្មាន ​ដោយ​​​ធនាគារ ​អភិវឌ្ឍ ​អាស៊ី​ បង្ហាញ​ថា, ការ​ខូច​ខាត ​ទ្រព្យ​សម្បត្តិ​​ ក្រុមហ៊ុន​ មាន​ចំនួន​ ជិត ១០០​លាន ​ដុល្លារ​ អាមេរិក។

ម៉្យាង​វិញ​ទៀត​ ទោះ​បី ​​​​អ្នក​នយោបាយ ​បាន​ត្រូវ​រ៉ូវ​គ្នា​ ក៏​ដោយ​ ប៉ុន្តែ​​ ការ​ព្យាករ​ កំណើន ​សេដ្ឋកិច្ច​ កម្ពុជា នឹង​ថយ​ចុះ​ មក​ត្រឹម ៧% នៅ​ក្នុង​ឆ្នាំ​ ២០១៤, ហើយ​ កំណើន ​នៃ​ការ​នាំ​ចេញ ​សំលៀក​បំពាក់​ ក៏​បាន ​ធ្លាក់​ចុះ​ មក​ត្រឹម ៨.៧%។  កំណើន ​វិស័យ ​សេវាកម្ម ​ក៏​ថយ​ចុះ​ មក​ត្រឹម ៧%​ និង​កំណើន ​វិស័យ​ កសិកម្ម​ បាន​ថយ​ចុះ ​មក​ត្រឹម ២%។  ដោយ​ឡែក​ លំហូរ ​វិនិយោគ​ផ្ទាល់ ​ពី​បរទេស ​​មាន​ការ​ធ្លាក់​ចុះ​ បន្តិចបន្តួច​ បើ ​ធៀប ​នឹង​ឆ្នាំ​២០១៣​ សមាមាត្រ​​ នឹង​ទំហំ ១.៣០០​លាន​ ដុល្លារ​ អាមេរិក។

អ្នក​វិភាគ​ សេដ្ឋកិច្ច​ បាន​លើក​ឡើង ​ថា, ​ឧបសគ្គ​ ចម្បង ​ដែល​អ្នក​ នយោបាយ ​​ទាំង​ពីរ​ ត្រូវ ​ដោះស្រាយ ​ឲ្យ​បាន បន្ទាប់ ​ពី​ត្រូវ​រ៉ូវ​គ្នា​ ហើយ​នោះ គឺ​​ ការ​កាត់​បន្ថយ​ គម្លាត ​អ្នក​មាន ​និង​អ្នក​ក្រ ឬ​ការ​បែង​ចែក​ ផល​ ពី​កំណើន ​សេដ្ឋកិច្ច​ ប្រកប ​ដោយ​ស្មើភាព​គ្នា៕




No comments:

Post a Comment