Paris Peace Accords 23 Oct. 1991

Saturday, July 26, 2014

បក្ស​ប្រឆាំង ​រំពឹង​ ថា​, សមាជិក​ គ.ជ.ប.​ ទី​៩​ នឹង​ត្រូវ​ បាន​​ជ្រើសរើស​ មុន​ពេល​ ចូល​ស្បថ | CNRP expects 9th member of NEC will be named before swearing in ceremony

បក្ស​ប្រឆាំង ​រំពឹង​ ថា​, សមាជិក​ គ.ជ.ប.​ ទី​៩​ នឹង​ត្រូវ​ បាន​​ជ្រើសរើស​ មុន​ពេល​ ចូល​ស្បថ

​វិទ្យុ​ អាស៊ី សេរី​  | ២៥ កក្កដា ២០១៤
 
បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ជួប​ជាមួយ ​អ្នក​គាំទ្រ​ ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន ​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។  Photo: RFA

ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ រំពឹង​ថា នឹង​មាន​ ការ​ជួប​ពិភាក្សា​គ្នា ​មួយ​ទៀត ​ក្នុង​ពេល ​ឆាប់ៗ​នេះ ​រវាង​ គណបក្ស​លោក និង​គណបក្ស ​ប្រជាជន​កម្ពុជា ដើម្បី​ ជ្រើសរើស​ សមាជិក ​ទី​៩ នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ទៅ​តាម ​កិច្ច​ព្រមព្រៀង​ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា។  ការ​កំណត់​ សមាជិក​ ទី​៩ ត្រូវ ​ចាត់​ទុក​ថា ជា​ចំណុច​គន្លឹះ ​មួយ​ ក្នុង​ចំណោម​ ចំណុច​ មួយ​ចំនួន​ទៀត ​ដែល​ជា​លក្ខខណ្ឌ​ សម្រាប់ ​គណបក្ស​នេះ ​ក្នុង​ការ​ស្បថ​ ចូល​សភា។

គណបក្ស​ សង្គ្រោះ​ជាតិ ពុំ​ទាន់​ កំណត់​ថ្ងៃ​ ចូល​ធ្វើ​សច្ចា​ ប្រណិធាន​ នៅ​ចំពោះ ​ព្រះ​ភក្ត្រ​ព្រះ​មហាក្សត្រ ឲ្យ​ពិត​ប្រាកដ​ នៅ​ឡើយ បើ ​ទោះ​ជា ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវបាន​ គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត បាន​ទទួល​ស្គាល់​ ជា​បេក្ខជន ​ជាប់​ឆ្នោត ​តំណាងរាស្ត្រ ​មណ្ឌល​កំពង់ចាម, ហើយ​ បើ ​ទោះ​ជា​ រដ្ឋ​សភា​ ប្រកាស​ថា នឹង​បើក​សម័យ​ប្រជុំ​ ពេញ​អង្គ ​នៅ​ថ្ងៃ​ ទី​២៨ កក្កដា ខាង​មុខ ដើម្បី​ ប្រកាស​សុពលភាព​លោក សម រង្ស៊ី ជា​សមាជិក ​រដ្ឋសភា ​ក៏ដោយ។

​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ នៅ​ថ្ងៃ ​ទី​២៦ កក្កដា ថា, លោក​ នឹង​ទៅ ​រដ្ឋសភា​ នៅ​ថ្ងៃ​ ទី​២៨ ខែ​កក្កដា ខាង​មុខ ដើម្បី ​ចូល​រួម​ ក្នុង​ពិធី​ប្រកាស​ សុពលភាព ​រូប​លោក ​ជា​សមាជិក សភា​ មណ្ឌល​ កំពង់ចាម។  លោក​ ថា, ចំណែក ​រឿង​ចូល​ស្បថ​នោះ គឺ វា​ អាស្រ័យ​ ទៅ​លើ​ កិច្ច​ការ​ ដែល​គណបក្ស​ ទាំង​២ កំពុង​ធ្វើ, ថា ​តើ​ ធ្វើ​ទាន់ ឬ​មិន​ទាន់ ឬ​ក៏​យ៉ាង​ណា​នោះ។

លោក សម រង្ស៊ី«មាន​គណៈកម្មការ​ ៣ ដែល​ត្រូវ​ រៀបចំ​ វិសោធនកម្ម​ បទបញ្ជា​ផ្ទៃក្នុង​ រដ្ឋ​សភា, វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត, វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ ​តែម្ដង។  រដ្ឋធម្មនុញ្ញ​ នៅ​ក្រោយ​គេ ពីព្រោះ ​ស្មុគស្មាញ​, យូរ, ទាមទារ​ ពេល​វេលា​ យូរ​ ជាង​គេ។   ហើយ​ ការងារ​ មួយ​ទៀត គឺ​ ឯកភាព​គ្នា ​រវាង​ គណបក្ស​ ទាំង​២ ក្នុង​ការ​ជ្រើសរើស ​បេក្ខជន​ ដើម្បី​ ធ្វើជា​សមាជិក​ ទី​៩ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ ​ការ​បោះឆ្នោត។»


ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី អះអាង​ថា ដំណើរ​ការ​ការងារ​កំពុង​រលូន​ទៅ​មុខ ព្រោះ​លោក​ថា គណបក្ស​ទាំង​២ បាន​បង្ហាញ​សុ​ឆន្ទៈ​សហការ​ល្អ និង​ទុក​ចិត្ត​គ្នា​​ទៅ​វិញ​ទៅ​មក។ លោក សម រង្ស៊ី បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​គម្រោង​ជួប​ពិភាក្សា​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ស្វែង​រក​ការ​ឯកភាព​គ្នា​ទៅ​លើ​បេក្ខភាព​សម្រាប់​បេក្ខជន​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក សម រង្ស៊ី ថ្លែង​ដោយ​ជឿជាក់​ថា គណបក្ស​ទាំង​២ នឹង​មាន​ការ​ឯកភាព​គ្នា ហើយ​នឹង​មាន​ការ​ចូល​ស្បថ​ជា​មិន​ខាន។

​ដោយ​ឡែក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​ការ​ឯកភាព​ទៅ​លើ​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​មុន មុន​នឹង​ចូល​សភា គឺ​ជា​ការ​ត្រឹមត្រូវ និង​ជា​ការ​ប្រុងប្រយ័ត្ន​ទុក​ជា​មុន​របស់​បក្ស​ប្រឆាំង។ លោក​ថា ការ​ទាមទារ​នេះ មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ហើយ​វា​អាច​ដោះស្រាយ​បាន ប្រសិនបើ​អ្នក​នយោបាយ​មាន​ឆន្ទៈ។

លោក​បណ្ឌិត សុខ ទូច ក៏​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ស្វែង​រក​បេក្ខភាព​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត​ទាំង​សង្ខាង៖ «អ្នក​ ណា​ជា​តួអង្គ​ទី​៩ ហ្នឹង អ៊ីចឹង​អាច​គណបក្ស​សង្គ្រោះ​ជាតិ គាត់​លើក​មួយ​មក គណបក្ស​ប្រជាជន​លើក​បុគ្គល​ហ្នឹង​មួយ​មក លើក​ហើយ​យល់​ព្រម​ចរចា​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន ព្រោះ​យើង​បង្កើត​គណៈកម្មការ​៣​ហ្នឹង គណៈកម្មការ​មួយ​សិក្សា​ពី គ.ជ.ប. ឲ្យ​យល់​អា​ហ្នឹង​សិន អា​បទបញ្ជា​ផ្ទៃក្នុង វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​រឿង​ក្រោយ​ទេ សំខាន់​ណាស់ គ.ជ.ប នេះ ព្រោះ គ.ជ.ប នេះ  គឺ​ជា​បញ្ហា​ជាប់​ស្ទះ​ដែល​គ្រប់​ភាគី​គណបក្ស​ដែល​ឈ្នះ​ហើយ មិន​ដែល​ទទួល​លទ្ធផល អ៊ីចឹង​យើង​ត្រូវ​រៀបចំ គ.ជ.ប ហ្នឹង ឲ្យ​ហើយ​សិន ហើយ​បេក្ខជន​ទី​៩ គឺ​ជា​បេក្ខជន​សំខាន។»

​នៅ​ក្នុង​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន ​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គណបក្ស​ទាំង​២ បាន​ឯកភាព​គ្នា​ទៅ​លើ​សមភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ ចំនួន ៩​រូប ក្នុង​នោះ​សមាសភាព ៤​រូប ជ្រើសរើស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង ១​រូប​ទៀត ត្រូវ​ជ្រើសរើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​២។

តែ​ទោះជា​យ៉ាង​ណា គណបក្ស​ទាំង​២​មិន​បាន​កំណត់​ពេល​វេលា​ឲ្យ​ច្បាស់លាស់​ពី​ការ​ជ្រើសរើស​ បេក្ខភាព​សមាជិក គ.ជ.ប. ថា​តើ​ត្រូវ​ធ្វើ​ឡើង​មុន​បក្ស​ប្រឆាំង​ចូល​សភា ឬ​ក្រោយ​ពេល​បក្ស​ប្រឆាំង​ចូល​សភា​ឡើយ។ កិច្ចព្រមព្រៀង​ក៏​បញ្ជាក់​ដែរ​ថា ក្នុង​ករណី​ដែល​ខកខាន​មិន​បាន​រៀបចំ​សមាសភាព គ.ជ.ប. ថ្មី សមាសភាព គ.ជ.ប ដែល​មាន​ស្រាប់​ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ប្រៀប​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ និយាយ​បែប​ផ្សេង បាល់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ជើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕


No comments:

Post a Comment