លោក ហ៊ុន សែន ៖ CNRP ស្នើបង្កើត ទូរទស្សន៍ ដោយ ឯករាជ្យ មិនស្ថិតនៅក្រោមច្បាប់ មិនអាច ទៅរួច
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃសុក្រ ទី4 កក្កដា 2014
ប្រមុខ រាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានថ្លែងបែបចំអក ឲ្យគណបក្ស សង្គ្រោះជាតិ (CNRP) ថា ការស្នើសុំ របស់ គណបក្សនេះ ដើម្បីបង្កើត ទូរទស្សន៍ ដោយឯករាជ្យ ដោយមិនស្ថិតនៅក្រោម ច្បាប់ សារព័ត៌មាន មិនអាចទៅរួចនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីលែងកូនត្រីសម្រាប់ទិវាមច្ឆាជាតិថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៤ នៅខេត្តកំពង់ឆ្នាំង។ លោកបញ្ជាក់ថា ស្ថានីយទូរទស្សន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើង ត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន «ឥឡូវបើចង់បង្កើតទូរទស្សន៍ ឲ្យធ្វើលិខិតមក។ ឥឡូវគេថាអត់ទេ ទត់ធ្វើលិខិតមកទេ បើគេបង្កើតទូរទស្សន៍ គេត្រូវតែឯករាជ្យ អត់នៅក្រោមរបបច្បាប់សារព័ត៌មានអីទេ។ អើ! បើអ៊ីចឹងអត់ទៅ លោកឯកមិនយកហីទៅ មិនឲ្យ ព្រហើនម្ល៉េះ! ទូរទស្សន៍គេដទៃទៀត ឥឡូវរាល់ថ្ងៃហ្នឹង កំពុងធ្វើសកម្មភាពហើយ ទាំងទូរទស្សន៍ ទាំងវិទ្យុ សុទ្ធតែនៅក្រោមច្បាប់មួយ គឺច្បាប់ទាក់ទិនជាមួយក្រសួងព័ត៌មាន ឥឡូវគេថាអត់ទេ បើសិនជាគេធ្វើ ត្រូវតែឯករាជ្យ។ អើ! អ៊ីចឹងលោកឯងទៅបង្កើតរដ្ឋមួយផ្សេងនៅឋានព្រះចន្ទទៅ។»
ចំណែកនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរលកធាតុអាកាសនៅឡើយ។ លោកយល់ថា ដូច្នេះ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្នើសុំបង្កើតទូរទស្សន៍បាន ដោយមិនចាំបាច់ធ្វើតាមច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ ព្រោះច្បាប់នេះចែងលើការបោះពុម្ពផ្សាយតែប៉ុណ្ណោះ «ខ្ញុំយល់ថា ការស្នើសុំនេះ មិនគួរយកច្បាប់សារព័ត៌មានមកប្រើទេ ព្រោះយើងយកទៅគឹវាខុសតែម្តង ព្រោះនៅក្នុងច្បាប់សារព័ត៌មាន គ្រាន់តែថា ប្រសិនបើ បុគ្គលណាម្នាក់ ចង់ស្នើសុំបង្កើតសារព័ត៌មាន ឬកាសែតណាមួយ ត្រូវដាក់ពាក្យសុំទៅក្រសួងព័ត៌មាន ដោយរៀបរាប់អំពើរចនាសម្ព័ន្ធអង្គភាពរបស់ខ្លួន ប្រាប់ពីគោលបំណងនៃការបង្កើតកាសែតហ្នឹង។ អ៊ីចឹងអត់មានឃ្លាឃ្លោងណាមួយ ដែលចែងទាក់ទងនឹងការសុំបង្កើតវិទ្យុឬក៏ទូរទស្សន៍ទេ។»
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកគាំទ្រប្រមាណ៣០០០នាក់ បានធ្វើបាតុកម្មម្តងរួចមកហើយ នៅទីលានប្រជាធិបតេយ្យ និងហែក្បួនទៅមុនក្រសួងព័ត៌មាន ដើម្បីទាមទារហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត។ ប៉ុន្តែបាតុកម្មរបស់លោកត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ប្រើប្រាស់គ្រាប់បែកផ្សែង បាញ់ទៅលើក្រុមប្រជាពលរដ្ឋ ដើម្បីបំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន។ ការបង្ក្រាបនេះធ្វើឲ្យពលរដ្ឋជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។ រហូតមកដល់ពេលនេះ ក្រសួងមិនទាន់ធ្វើតាមការស្នើសុំរបស់ប្រធានវិទ្យុសំបុកឃ្មុំនៅឡើយ ក្រោមហេតុផលថា មិនមានហ្វ្រេកង់នៅសល់នោះទេ៕
No comments:
Post a Comment