អ្នកភូមិ ឡពាង នៅកំពង់ឆ្នាំង ដុតទីងមោង ដាក់បណ្ដាសា អ្នកឃុបឃិត រំលោភយកដីធ្លី
RFA | 13 July 2014
ប្រជាពលរដ្ឋ មានទំនាស់ ដីធ្លី ជាមួយ ក្រុមហ៊ុន ខេឌីស៊ី (KDC) ប្រមាណ ជា២០០នាក់ នៅខេត្ត កំពង់ឆ្នាំង បន្តធ្វើពិធីបុណ្យ ដាក់បណ្ដាសា និងដុត រូបទីងមោង ដែលអ្នកភូមិ ឧបកិច្ច ជារូប អ្នកដែលបាន ឃុបឃិត រំលោភយកដីធ្លី របស់ ពួកគាត់។
រូបទីងមោង ទាំងនោះ គឺ សំដៅលើម្ចាស់ ក្រុមហ៊ុន លោកស្រី ជា ខេង, លោក ថៃ ហ៊ី ជាតំណាង ក្រុមហ៊ុន, លោក ឡំ ឡី ជាក្រុមប្រឹក្សា ឃុំតាជេស និងរូបទីងមោង ចំនួន ២ទៀត គឺ តំណាង ឲ្យមន្ត្រីតុលាការ និងអាជ្ញាធរ ដែលពួកគាត់ យល់ថា មានជាប់ពាក់ព័ន្ធ ក្នុងរឿងដីធ្លីនេះ។
នៅថ្ងៃទី១៣ កក្កដា ជាថ្ងៃបញ្ចប់នៃពិធីបួងសួងដាក់បណ្ដាសា ក្រុមអ្នកភូមិបានបញ្ចេញកំហឹងរបស់ខ្លួនដាក់រូបទីងមោងចំនួន៥ ដោយចងកអូសទៅដាក់កណ្ដាលផ្លូវលំមួយខ្សែ ក្នុងភូមិក្បែរដីមានជម្លោះ រួចកាច់កទីងមោងទាំងនោះដាក់គរលើគ្នា រួចរោយបាចម្ទេស និងអំបិលមុននឹងដុត ហើយស្រែកបន្ទរដាក់បណ្ដាសាតាមក្រោយយ៉ាងលាន់កងរំពង។
ប្រជាពលរដ្ឋម្នាក់មកពីភូមិបឹងកក់ អ្នកស្រី អ៊ូ ធី មានប្រសាសន៍ថា ក្រៅពីមានជំនឿបែបអរូបីនេះ អ្នកស្រីក៏សង្ឃឹមថា ថ្ងៃណាមួយរដ្ឋាភិបាលនឹងជួយដោះស្រាយដីដែលគ្រួសារអ្នកស្រីបាត់បង់ ទំហំជាង ៨ហិកតារ ដែលមានប្លង់កម្មសិទ្ធិចេញដោយអាជ្ញាធរភូមិឃុំ និងបានកាន់កាប់ជាង ២០ឆ្នាំមកហើយនោះ។ បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនឈូសឆាយលុបភ្លឺស្រែ និងដំបូកនៅលើដីនោះ ក៏អ្នកស្រីនៅតែចាំទីតាំងដីស្រែរបស់គ្រួសារអ្នកស្រីច្បាស់ដែរ៖ «ទេ ខ្ញុំជឿដែរ ព្រោះទៅតុលាការអីគេអត់ទទួលដឹងឮ ម្ល៉ោះហើយធ្វើបុណ្យអ៊ីចឹង ដើម្បីម្ចាស់ទឹកម្ចាស់ដីជីដូនជីតាដែលម្ចាស់ដីពីបុរាណមកណា ឲ្យជួយដឹងឮថា ដីនេះគឺជាដីរបស់ប្រជាពលរដ្ឋមែន។»
នៅក្នុងពិធីបួងសួងដាក់បណ្ដាសានេះ ក្រុមអ្នកភូមិបានចោទ លោក ថៃ ហ៊ី និងលោក ឡំ ឡី ព្រមទាំងអាជ្ញាធរក្នុងខេត្តមួយចំនួនថា ជាអ្នកដើមគំនិត និងឃុបឃិតគ្នាឲ្យមានការរំលោភបំពានយកដីធ្លីអ្នកភូមិ។ ក្រុមកម្មករដែលកំពុងស៊ីឈ្នួលកាប់ព្រៃ និងធ្វើរបងក្រុមហ៊ុន បានចាក់ចម្រៀងសប្បាយៗ ឆ្លើយឆ្លងនឹងសំឡេងភ្លេងពិណពាទ្យដែលអ្នកភូមិចាក់តាមមេក្រូ ដើម្បីធ្វើពិធីដាក់បណ្ដាសាដែរ។
ឆ្លើយតបបញ្ហានេះ តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ការតវ៉ារបស់អ្នកភូមិ និងការចោទប្រកាន់នានាមកលើក្រុមហ៊ុន ថាបានរំលោភយកដីប្រជាពលរដ្ឋ គឺជារឿងមិនពិត និងមានភាពអយុត្តិធម៌បំផុតសម្រាប់ក្រុមហ៊ុន។ លោកថា ក្រុមហ៊ុនមានប្លង់កម្មសិទ្ធិត្រឹមត្រូវ និងមានការអនុញ្ញាតពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការអភិវឌ្ឍនៅលើដីរបស់ខ្លួន។ ចំពោះការចោទថា លោកបានឃុបឃិតរំលោភអ្នកភូមិនោះ ត្រូវលោកឆ្លើយតបថា លោកគ្មានសិទ្ធិអំណាចអ្វីទៅរំលោភយកដីប្រជាពលរដ្ឋនោះទេ៖ «ខ្ញុំ អ្នករកស៊ីឲ្យតែគេលក់ខ្ញុំទិញ ធ្វើឲ្យគេលក់មកមានសំបុត្រស្នាម ភូមិខ្ញុំទិញលក់ឲ្យគេសិទ្ធិរកស៊ីជារឿងធម្មតា អត់មានសិទ្ធិអីទៅយកដីគេទេ។ ខ្ញុំហ្នឹងអំណាចប៉ុណ្ណា ទៅយកហ្នឹង ខ្ញុំមិនដែលស្គាល់ទៅឯណាផង ហើយថាខ្ញុំទៅយកដីយ៉ាងម៉េច? ខ្ញុំត្រឹមមេភូមិតាជេស មួយទៅយកដីអីសាហាវម្ល៉េះ ខ្ញុំមនុស្សអីហ្នឹង អាជ្ញាធរគេបណ្ដោយឲ្យខ្ញុំធ្វើតាមអំពើចិត្តជាមួយ ឡំ ឡី យ៉ាងម៉េច បងឯងពិចារណាមើល។»
លោកបញ្ជាក់ថា ភាគីក្រុមហ៊ុននៅតែបន្តចរចា និងផ្ដល់សំណងជាគោលនយោបាយសម្រាប់ប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលនៅសល់ពីការដោះស្រាយកាលពីពេលកន្លងទៅ ប៉ុន្តែសម្រាប់គ្រួសារក្រៅពីនេះ ក្រុមហ៊ុនដាច់ខាតនឹងមិនធ្វើការដោះស្រាយជូនឡើយ។
ចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រុមអ្នកភូមិមានបញ្ហាដីធ្លីមកពីភូមិឡពាង ភូមិសូវង្ស និងភូមិបឹងកក់ នៃឃុំតាជេស បានប្រយុទ្ធគ្នាយ៉ាងចាស់ដៃជាមួយក្រុមកម្មករស៊ីឈ្នួលកាប់ព្រៃ និងធ្វើរបងក្រុមហ៊ុន ខេ.ឌី.ស៊ី ដោយចម្ពាមកៅស៊ូ ប្រើគ្រាប់ដែក និងដុំថ្ម បណ្ដាលឲ្យរងរបួសជាច្រើននាក់ទាំងសងខាង។
ក្នុងរយៈពេលជិតដប់ឆ្នាំ ដែលអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ លោកស្រី ជា ខេង មានអ្នកភូមិចំនួន ៦នាក់ជាប់គុក និង ១១នាក់កំពុងជាប់បណ្ដឹងនៅតុលាការ តាមអំណាចនៃការប្ដឹងរបស់តំណាងក្រុមហ៊ុន។ ចំណែកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង ១០០បណ្ដឹង ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងកំពង់ឆ្នាំង ខាងតុលាការបានចាត់ការលើពាក្យបណ្ដឹងទាំងនោះតិចតួចបំផុត៕
No comments:
Post a Comment