Paris Peace Accords 23 Oct. 1991

Monday, July 14, 2014

បក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា, ​មាន​រូបមន្ត​ ថ្មី ទាក់ទង ​នឹង​ការ​ជ្រើសរើស​ សមាសភាព​ គ.ជ.ប. | CNRP offers new formula for NEC membership

បក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា, ​មាន​រូបមន្ត​ ថ្មី ទាក់ទង ​នឹង​ការ​ជ្រើសរើស​ សមាសភាព​ គ.ជ.ប.

វិទ្យុ​ អាស៊ី សេរី | ១៣ កក្កដា ២០១៤

កឹម សុខា ៦១០
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

គណបក្ស​ សង្គ្រោះ​ជាតិ មាន​រូបមន្ត​ ថ្មី ទាក់ទង​ នឹង​ការ​ជ្រើស​រើស​ សមាសភាព ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ក្រៅ​ពី​រូបមន្ត ២ ​ភាគ​៣។  មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ប្រឆាំង បញ្ជាក់​ថា, រូបមន្ត​ ថ្មី​នោះ​ បាន​បញ្ជូន​ ទៅ​ដល់​ដៃ​ គណបក្ស ​ប្រជាជន​ កម្ពុជា តាំង​ពី​ថ្ងៃ​ ដង្ហែ​ព្រះ​អដ្ឋិ​ ព្រះ​បរម​ រតន​កោដ្ឋ​មក ​ម្ល៉េះ។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​វិទ្យុ​ អាស៊ី សេរី នៅ​រសៀល​ថ្ងៃ​ ទី​១៣ ខែ​កក្កដា ថា គណបក្ស​ប្រឆាំង ​បាន​បង្ហាញ​ឆន្ទៈ​ ក្នុង​ការ​ចរចា​ ជាមួយ ​បក្ស​ប្រជាជន ដោយ​បាន​បញ្ជូន ​រូបមន្ត​ថ្មី​ ទៅ​បក្ស ​កាន់​អំណាច ​រួច​ហើយ។  ប៉ុន្តែ​ លោក​ បដិសេធ​ មិន​អត្ថាធិប្បាយ ​ពី​រូបមន្ត​ថ្មី​ នេះ​ទេ។

ចំណែក ​ឯ​ប្រធាន​ ស្តីទី​ បក្ស​ប្រឆាំង លោក កឹម សុខា វិញ​ បែរ​ជា​បដិសេធ​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​ បាន​បញ្ជូន ​រូបមន្ត​ថ្មី​នេះ ​ទៅ​បក្ស​កាន់​អំណាច ​នោះ​ទេ។   លោក​ បន្ត​ថា រូបមន្ត​នោះ​ ជា​រូបមន្ត ​ដែល​អាច​ ដោះស្រាយ​ ទំនាស់ ​នយោបាយ​ នា​ពេល​នេះ​បាន, ហើយ​ បក្ស​ទាំង​ពីរ​ ក៏​នឹង​ទទួល​យក។  ហើយ ​រូបមន្ត​នោះ ​នឹង​បង្ហាញ ​នៅ​ថ្ងៃ​ណា ​ដែល​បក្ស​ ទាំង​ពីរ ​ចរចា​គ្នា​ តែ​ម្តង៖ «យើង​ ពិសោធ​មើល កាល​ណា​ យើង​ បញ្ចេញ​ទៅ​ មុន​ចឹង, យើង​ អត់​យល់​គ្នា​។  យើង ​រិះគន់​គ្នា​ហ្នឹង​ អត់​ចេញ​ទេ។  ពួក​គាត់​ ចង់​ឲ្យ​ បក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ ដើម្បី ​គ្រប់គ្រង ឬ​ចង់​កែ​ទម្រង់​ ការ​បោះ​ឆ្នោត​ហ្នឹង​ ពិត​ប្រាកដ។  បើ​ ចូល​ទៅ ​ដើម្បី​ ឲ្យ​គេ ​គ្រប់គ្រង​ ដដែល, មិន​ចូល​ទេ។»


ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​រូបមន្ត​របស់​គណបក្ស​ប្រឆាំង​នៅ​ឡើយ។ តែ​បើ​រូបមន្ត​នោះ​មាន​ប្រយោជន៍​សម្រាប់​ជាតិ នោះ​បក្ស​កាន់​អំណាច​នឹង​មិន​ជំទាស់​ទេ៖ «ខ្ញុំ​ អត់​ទាន់​ដឹង​ ថា, គេ​ ចង់​បាន​អី​ទេ។  ហើយ​ បើ​ គេ​ ចង់​បាន​ស្នើ​ មែន​ហើយ, គោរព​ គោលការណ៍​ច្បាប់​ ស្រែក​ជយោ, ព្រោះ​ថា​ វា​ មាន​ប្រយោជន៍​ សម្រាប់​រាស្ត្រ​ខ្មែរ។»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់​បាន​ចូលរួម​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ។ នៅ​ក្នុង​ពិធី​នោះ អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​បាន​សួរ​សុខ​ទុក្ខ និង​រាក់ទាក់​គ្នា​ធម្មតា ប៉ុន្តែ​មិន​មាន​ប្រភព​ណា​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ ថា​បក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ថ្ងៃ​ណា​ មួយ​នៅ​ឡើយ។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចរចា​គ្នា​ជាច្រើន​ដង​ច្រើន​សា​មក​ហើយ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ​ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​នោះ នៅ​ត្រង់​វិធី​នៃ​ការ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត។ បក្ស​កាន់​អំណាច​ដែល​មាន​អំណាច​ក្តោប​ស្ថាប័ន​ជាតិ​ស្ទើរ​តែ​ទាំងអស់​ហើយ​ នោះ ក៏​ចង់​បន្ត​ក្តោប​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត តាម​រយៈ​រូបមន្ត ៥០​ភាគរយ​បូក​១ និង​រូបមន្ត​ពុះ​ច្រៀក​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ចែក​គ្នា​ជាមួយ​បក្ស​ ប្រឆាំង៕


No comments:

Post a Comment