៦ កក្កដា ខួប១៥ឆ្នាំ នៃការបាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា
RFA | ៦ កក្កដា ២០១៤
អស់រយៈពេល ១៥ឆ្នាំ មកហើយ ដែលឃាតកម្ម បាញ់សម្លាប់ តារាភាពយន្ត ដ៏ល្បីឈ្មោះ ក្នុងទសវត្ស ទី៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែ ជាអាថ៌កំបាំង នៅឡើយ។ មន្ត្រី សង្គមស៊ីវិល លើកឡើង ថា, ឃាតក ក្នុងសំណុំរឿងនេះ អាចរស់នៅ ក្រៅសំណាញ់ច្បាប់ បានដោយសារ តែ កម្ពុជា មានប្រព័ន្ធ យុត្តិធម៌ មិនរឹងមាំ និងជាពិសេស អាជ្ញាធរ មានសមត្ថកិច្ច ធ្វើការ ក្រោមឥទ្ធិពល នយោបាយ។
សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ ភូមិវិចិត្រសិល្បៈ និងជាតារា ភាពយន្ត ដ៏ល្បី អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវ បានឃាតក បាញ់សម្លាប់ នៅកណ្ដាល ថ្ងៃត្រង់ កាលពីថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ១៩៩៩។ អ្នកស្រី ត្រូវ បានគេ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត, តែ ដោយសារ ស្ថានភាព ធ្ងន់ធ្ងរ, ហើយ អ្នកស្រី ក៏បានស្លាប់ នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ១៩៩៩។
ឃាតកម្មនេះ មិនមែន ជាសោក នាដកម្ម របស់ គ្រួសារ អ្នកស្រី ពិសិដ្ឋ ពិលីកា មួយគ្រួសារ នោះទេ, តែ វា ជាការ សោកសង្រេង របស់ ពលរដ្ឋខ្មែរ ដែលស្នេហា វិស័យសិល្បៈ ជាច្រើន ពាន់នាក់ និងជាការបាត់បង់ ធនធានមនុស្ស ដ៏កម្រមួយ របស់ កម្ពុជា។ កាលនោះ អ្នកខ្លះ ជេរប្រទេច ដាក់បណ្ដាសា ឃាតក និងជំរុញ ឲ្យអាជ្ញាធរ ចាប់ឃាតក ដាក់ទោស ឲ្យខាងតែបាន។
ទោះយ៉ាងណា ក៏ដោយ ១៥ឆ្នាំ មកនេះ ឃាតក បាញ់សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា ទំនងជារស់នៅ គ្រហើៗ ឬក៏ត្រូវ គេ បំបិទមាត់ផង ក៏មិនដឹង។
ប្រធាន ផ្នែកបច្ចេកទេស អង្កេត របស់ អង្គការ ការពារ សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ ថា, ការបណ្ដែត បណ្ដោយ ឲ្យឃាតក នៅក្រៅច្បាប់ ជាការបង្ហាញ ឲ្យឃើញ ពីកង្វះ សមត្ថភាព របស់ អាជ្ញាធរ មានសមត្ថកិច្ច។ ម្យ៉ាងទៀត វា ក៏អាចបញ្ជាក់ ថា, ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា មានភាព ទន់ជ្រាយ និងមិនអាច ឲ្យពលរដ្ឋ អាចជឿ ទុកចិត្តបាន។ លោក បន្តថា អ្នកស្រី ពិសិដ្ឋ ពិលីកា និងជនរងគ្រោះ ដទៃទៀត, រួម មាន តារាចម្រៀង, អ្នកនយោបាយ, អ្នកកាសែត, មន្ត្រីសហជីព ក៏សុទ្ធតែ បានត្រូវ សម្លាប់ យ៉ាងអាណោច អាធ័ម។
លោក អំ សំអាត៖ «ទាក់ទង នឹងរឿង នយោបាយក្តី, រឿងឧក្រិដ្ឋកម្ម ធំៗក្តី, គេ មិនទាន់ឃើញ តុលាការ បង្ហាញ ពីលទ្ធភាព និងប្រសិទ្ធភាព ដែលថា, តុលាការ អាចរក យុត្តិធម៌ បានទេ។ នេះ ធ្វើឲ្យ វប្បធម៌និទណ្ឌភាព ចេះតែ បន្តកើតមាន។ កាលណា វប្បធម៌ និទណ្ឌភាព កាន់តែ ច្រើននោះ, ប្រទេសយើង គ្មាន, ទេនីតិរដ្ឋ នោះ។»
លោកបន្តថា កាលពីដំបូងលោកសង្ឃឹមថា ច្បាប់ទាំងបីដែលពាក់ព័ន្ធនឹងវិស័យតុលាការនឹងអាចក្លាយជាឧបករណ៍ ពង្រឹងខឿនយុត្តិធម៌នៅកម្ពុជា ប៉ុន្តែដល់ពេលសភាអនុម័តទើបដឹងថា ច្បាប់នេះគ្រាន់តែបម្រើមហិច្ឆតាអ្នកនយោបាយប៉ុណ្ណោះ។ លោកបញ្ជាក់ថា បើគ្មានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតប្រាកដទេ ព្រលឹងជនរងគ្រោះដោយការប្រហារជីវិតនៅក្រៅច្បាប់នោះពិតជាបិទ ភ្នែកមិនជិតនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ផ្កាយបួន ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងជំនាញកំពុងតាមដាននិងស៊ើបអង្កេតករណីឧក្រិដ្ឋកម្មនៅនានា ដែលកើតឡើងកាលពីឆ្នាំមុនៗ មិនដែលធ្វេសប្រហែសឡើយ។ លោកបន្តថា លោកទទួលស្គាល់ថា អាជ្ញាធរពិតជាធ្វើការមិនបានល្អមែន ព្រោះថា ច្រើនឆ្នាំហើយនៅតែចាប់ឃាតកមិនបាន តែនេះគ្រាន់ជាបច្ចេកទេសអង្កេតប៉ុណ្ណោះ។
លោកបដិសេធដាច់ខាតថា គ្មានការលូកលាន់ផ្នែកនយោបាយណាមួយក្នុងដំណើរស៊ើបអង្កេតរបស់ មន្ត្រីនគរបាលយុត្តិធម៌លើសំណុំរឿងឧក្រិដ្ឋទេ។
ទាក់ទងនឹងសំណុំរឿងអ្នកស្រី ពិសិដ្ឋ ពិលីកា នេះ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ធ្លាប់ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានឃាតកសម្លាប់ដោយសារស្នេហាត្រីកោណ៖ «ខ្ញុំ នឹងចោទ ភរិយាគាត់ ប៊ុន រ៉ានី ហ៊ុន សែន ថា ជាអ្នកសម្លាប់ ពិសិដ្ឋ ពិលីកា ពីព្រោះ ក្រុមគ្រួសារ ពិសិដ្ឋ ពិលីកា ខ្ញុំ នាំមកនៅ ប្រទេសបារាំង, ហើយ គេ ឲ្យឯកសារ ច្រើនណាស់។ ខ្ញុំ ដឹងរឿង ច្រើនណាស់។»
ទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលតែងឆ្លើយតបថា ការលើកឡើងរបស់លោក សម រង្ស៉ី ជាការកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។ ក្រៅពីអ្នកស្រី ពិសិដ្ឋ ពិលីកា ក៏អ្នកសិល្បៈដទៃទៀតមានជាអាទិ៍សាស្ត្រាចារ្យសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ កញ្ញា ទូច ស៊ុននិច តារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ តារាភាពយន្ត អ្នកស្រី តាត ម៉ារីណា។
ក្រៅពីសំណុំរឿងអ្នកសិល្បៈ ក៏នៅមានសំណុំរឿងសម្លាប់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជា លោក ជា វិជ្ជា ឃាតកម្មលើប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ឃាតកម្មលើឧត្ដមសេនីយ៍ហ៊្វុនស៊ិនប៉ិច កាលឆ្នាំ១៩៩៧ និងឃាតកម្មកម្មករ និងអ្នកតវ៉ាជាច្រើនទៀត៕
No comments:
Post a Comment