Paris Peace Accords 23 Oct. 1991

Thursday, July 24, 2014

លោក កឹម សុខា នឹង​ចូល​បំភ្លឺ​ នៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ​ថ្ងៃ​២៥​ កក្កដា | Kem Sokha will appear in court July 25

លោក កឹម សុខា នឹង​ចូល​បំភ្លឺ​ នៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ​ថ្ងៃ​២៥​ កក្កដា

RFA | ២៤ កក្កដា ២០១៤

កឹម សុខា ៦១០
លោក កឹម សុខា ប្រធាន​ ស្ដីទី ​គណបក្ស​ សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់ ​អ្នក​កាសែត ​នៅ​មុខ​ ព្រះបរមរាជវាំង នៅ​ថ្ងៃ​ ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ ព្រះ​បរម​អដ្ឋិ នា​ថ្ងៃ ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Yeang Socheametta 
គណបក្ស សង្គ្រោះ​ជាតិ និង​គណបក្ស​ ប្រជាជន​កម្ពុជា បាន​ត្រូវរ៉ូវ​គ្នា​ លើ​ការ​ដោះស្រាយ ​បញ្ចប់​ជម្លោះ នយោបាយ​ ដែល​អូស​បន្លាយ​ ជិត​១​ឆ្នាំ និង​បាន​ ព្រមព្រៀង​គ្នា​ ដោះ​លែង​ បេក្ខជន​ ជាប់​ឆ្នោត​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​ ជា​បណ្ដោះអាសន្ន​ វិញ​ក្ដី តែ​ សំណុំ​រឿង មេ​ដឹក​នាំ​ ជាន់​ខ្ពស់ ​របស់ ​គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តុលាការ ​កោះ​ហៅ​ ទៅ​សាកសួរ​ នៅ​ថ្ងៃ​ ទី​២៥ កក្កដា នេះ នៅ​មិន​ទាន់​បញ្ចប់ ​នៅ​ឡើយ។

អនុប្រធាន គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ដឹង​ថា, លោក​ នឹង​ចូល​ខ្លួន​ ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី​២៥ កក្កដា វេលា​ម៉ោង ៨​ព្រឹក​ ទៅ​តាម​ការ​ហៅ ​របស់ ​ចៅក្រម ​ស៊ើបសួរ​ សាលា​ដំបូង។

លោក កឹម សុខា អនុប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ ទី​២៤ កក្កដា ថា, នៅ​ថ្ងៃ​ចរចា​ ជាមួយ ​គណបក្ស ​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា នោះ, គណបក្ស​ សង្គ្រោះ​ជាតិ បាន​ស្នើ ​ឲ្យ​ដោះ​លែង ឬ​លើក​លែង​ ការ​ចោទ​ប្រកាន់​ សមាជិក​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំងអស់ ​នៅ​ជាប់​បណ្ដឹង​ នៅ​តុលាការ។  លោក ​មិន​បាន​ស្នើសុំ​ ឲ្យ​តុលាការ​ បញ្ឈប់​ ការ​កោះ​ហៅ​លោក​ សាកសួរ​ នៅ​ថ្ងៃ​ ទី​២៥ កក្កដា នោះ​ទេ៖ «ខ្ញុំ​ អត់​មាន ​ស្នើ​អី​ទេ។  ខ្ញុំ​ គ្រាន់​តែ ​ទៅ​ឆ្លើយ​ធម្មតា។  ខ្ញុំ​ អត់​ស្នើសុំ​ ឲ្យ​លើក​លែង​ ការ​ចោទ​អី​ទេ។  គេ​ មិន​ទាន់​ ចោទ​អី​យើង។»

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី បាន​ចេញ​ដីកា​កោះ​ហៅ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សួរ​បញ្ជាក់​ក្នុង​នាម​ខ្លួន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វេលា​ម៉ោង ៨​ព្រឹក នៅ​ជាន់​ទី​៣ បន្ទប់ "គ" នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ការ​ចេញ​ដីកា​កោះ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការ​ចាប់​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ៧​រូប និង​សកម្មជន ១​រូប កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។

នៅ​ថ្ងៃ​ទី​១៦ កក្កដា ដដែល​នោះ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កណ្ដាល មួយ​រូប​ទៀត លោក ចាន់ ចេន ក៏​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល កោះ​ហៅ​មក​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ពី​បទ​ផ្ដល់​មធ្យោបាយ​លួច​រត់ នៅ​ស្រប​ពេល​គណបក្ស​ទាំង​ពីរ​កំពុង​ចរចា។ លោក ចាន់ ចេន មាន​ប្រសាសន៍​ថា សំណុំ​រឿង​របស់​លោក​នេះ​ជា​សំណុំ​រឿង​ចាស់ ៣​ឆ្នាំ​មុន ប៉ុន្តែ​ពេល​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​នោះ សំណុំ​រឿង​របស់​លោក​ក៏​ត្រូវ​បាន​ដោះស្រាយ​ជា​កញ្ចប់​ជាមួយ​បេក្ខជន​តំណាង​ រាស្ត្រ​ជាប់​ឆ្នោត​ដទៃ​ទៀត​ដែរ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​របស់ លោក កឹម សុខា នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ កក្កដា នេះ មិន​មាន​បញ្ហា​អ្វី​ចោទ​ទេ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​ដែល​តុលាការ​ចោទ​ប្រកាន់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់​នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង​នោះ ជា​សំណុំ​រឿង​នយោបាយ ហើយ​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​របស់ លោក កឹម សុខា គ្រាន់​តែ​ទៅ​បំពេញ​នីតិវិធី​របស់​តុលាការ​តែ​ប៉ុណ្ណោះ៖ «យើង​មើល​ឃើញ​ តាំង​ពី​ថ្ងៃ​ដំបូង​នោះ​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​នោះ ជា​រឿង​នយោបាយ គ្មាន​ហេតុផល​អី​ទាក់ទង​ជា​រឿង​ធម្មតា ជា​រឿង​បទល្មើស​ធម្មតា​ទេ។»

ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ដែល​លោក​បាន​ស្វាគមន៍​ចំពោះ​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​គណបក្ស​ទាំង ​ពីរ​នោះ​ថា លោក​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​សន្យា​ធ្វើ​ឲ្យ​បាន​ដោយ​គ្មាន​ការ​ពន្យារ ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ ដើម្បី​ធានា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ដោយ​លោក​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន ជា​ឧបករណ៍​នយោបាយ​របស់​ស្ថាប័ន​ប្រតិបត្តិ ឬ​រដ្ឋាភិបាល៕


No comments:

Post a Comment