សំណើប្តូរ បេក្ខភាព លោក សម រង្ស៊ី ទៅដល់គ.ជ.ប. នៅថ្ងៃនេះ
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ។
Siv Channa/RFI
គណបក្ស សង្គ្រោះជាតិ នឹងបញ្ជូន សំណើផ្លាស់ប្តូរ
បេក្ខភាព របស់លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ
ទៅជំនួសលោក គួយ ប៊ុនរឿន
តំណាងរាស្ត្រ ជាប់ឆ្នោត នៅមណ្ឌល កំពង់ចាម នៅថ្ងៃព្រហស្បតិ៍
ទី២៤ កក្កដា នេះហើយ។ ការផ្លាស់ប្តូរនេះ
គឺ ដើម្បី អាចឲ្យលោក សម
រង្ស៊ីទទួលបាន តំណែង ជាតំណាងរាស្ត្រ
និងចូលអង្គុយ ក្នុងសភាបាន។
សំណើផ្លាស់ប្តូរ បេក្ខភាព របស់លោក សម រង្ស៊ី ទៅជាតំណាងរាស្ត្រ នឹងទៅដល់ ស្នាក់ការ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ។ នេះ បើ តាមការបញ្ជាក់ ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ។ លោក យឹម សុវណ្ណ បានបន្ថែម ថា, គណបក្ស កំពុងរៀបចំ ឯកសារ ផ្លាស់ប្តូរ។
សូម បញ្ជាក់ថា ការផ្លាស់ប្តូរ បេក្ខភាព តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិនេះ គឺ ធ្វើឡើង ក្រោយកិច្ចចរចា ថ្នាក់កំពូល ដើម្បី បិទបញ្ចប់ជម្លោះ ដែលបាន ធ្វើឡើង កាលពីដើម សប្តាហ៍ កន្លងទៅ។ គណបក្ស សង្គ្រោះជាតិ បានឲ្យដឹង ថា, ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលមិនមានឈ្មោះ បេក្ខភាព តំណាងរាស្ត្រ ជាប់ឆ្នោត របស់ គណបក្ស សង្គ្រោះជាតិ ក្នុងនីតិកាល ទី៥នេះ បាន នឹងទៅឈរ នៅលេខរៀង ទី២ នៅមណ្ឌល់ កំពង់ចាម ជំនួស បេក្ខភាព ជាប់ឆ្នោត លោក គួយ ប៊ុនរឿនវិញ។ លោក គួយ ប៊ុនរឿន ដែលនឹងត្រូវ លាលែង ពីតំណែង តំណាងរាស្ត្រ ទៅឈរឈ្មោះ ជាបេក្ខជន តំណាង សម្រាប់ ក្បាលម៉ាស៊ីន ដឹកនាំ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ដែលមាន សមាសភាព ៤-៤-១ ជាមួយ នឹងគណបក្ស ប្រជាជន កម្ពុជាវិញ។ នេះ បើ តាមការបញ្ជាក់ ពីគណបក្ស សង្គ្រោះជាតិ ដដែល។
បើ តាមការបញ្ជាក់ ពីលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប., នីតិវិធី នៃការផ្លាស់ប្តូរ ឈ្មោះ បេក្ខជន តំណាងរាស្ត្រ គឺ ត្រូវ ការរយៈពេល មួយសប្តាហ៍។ ប៉ុន្តែ លោក បានបញ្ជាក់ថា, ដោយសារ បេក្ខជន ដែលត្រូវ ផ្លាស់ប្តូរឈ្មោះ ទាំងពីរ (លោក សម រង្ស៊ី និងលោក គួយ ប៊ុនរឿន) គឺ ជាបេក្ខជន ចាស់ៗ និងធ្លាប់ឈរ ជាតំណាងរាស្ត្រ ហើយនោះ, ដូចនេះ គណៈកម្មការ វាយតម្លៃ អាចទទួលស្គាល់ និងផ្លាស់ប្តូរ បានយ៉ាងឆាប់។ លោក ទេព នីថា ដដែល បានបញ្ជាក់ ថា, ការផ្លាស់ប្តូរនេះ ស្របទៅ តាមច្បាប់ នៃការបោះឆ្នោត ដែលមានចែង។
សូម រំលឹកជូន ថា, ការផ្លាស់ប្តូរ សមាសភាព តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ទៅឲ្យលោក សម រង្ស៊ី នេះ ដើម្បី អាចឲ្យប្រធាន គណបក្ស សង្គ្រោះជាតិ ដែលមិនមានឈ្មោះ ជា តំណាងរាស្ត្រ ក្នុងអាណត្តិ ទី៥រូបនេះ អាចចូលស្បថ កាន់តំណែង ជាសមាជិក សភា ស្របច្បាប់បាន។ យ៉ាងណា ក៏ដោយ បើ គ្មាន អ្វី ប្រែប្រួល នោះទេ ក្រោយ គ.ជ.ប. ផ្តល់សុពលភាព ជាបេក្ខជន ជាប់ឆ្នោត ដល់លោក សម រង្ស៊ី នោះ, គណបក្ស សង្គ្រោះជាតិ នឹងទៅស្បថ សច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង នៅថ្ងៃសុក្រ ទី២៥កក្កដា ស្អែកនេះ៕
No comments:
Post a Comment