អ.ស.ប. សាទរ ចំពោះ ដំណោះស្រាយ នយោបាយ នៅកម្ពុជា
វិទ្យុ អាស៊ី សេរី | ២៣ កក្កដា ២០១៤
អង្គការ សហប្រជាជាតិ (អ.ស.ប.) ផ្នែកសិទ្ធិមនុស្ស បានសាទរ ចំពោះ មេដឹកនាំ បក្សនយោបាយ ខ្មែរ ទាំងពីរ ដែលបាន ជួបចរចាគ្នា ទម្លាយបញ្ហា នយោបាយ ដែលបាន ជាប់គាំង អស់ជិត មួយឆ្នាំ មកហើយនេះ។ ក៏ប៉ុន្តែ អង្គការ សហប្រជាជាតិ ព្រួយបារម្ភ ខ្លាចបក្ស ទាំងពីរ នឹងមិនធ្វើការ កែទម្រង់ ដូចពាក្យសន្យា ចំពោះ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (ក.ជ.ប.) ដូចដែលមេបក្ស ទាំងពីរ បានសន្យា ក្នុងជំនួប ចរចាកំពូល កាលពីថ្ងៃ ទី២២ កក្កដា កន្លងទៅនេះ។
សេចក្ដី ប្រកាសព័ត៌មាន របស់ ការិយាល័យ នៃឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួលផ្នែក សិទ្ធិមនុស្ស នៅកម្ពុជា ចេញនៅថ្ងៃ ទី២២ កក្កដា បានស្រង់សម្ដី អ្នករាយការណ៍ ពិសេស សហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ថា៖ «យ៉ាងណា ក៏ដោយ កិច្ចព្រមព្រៀង លើគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោតនេះ គ្រាន់តែ ជាការកំណត់ចំណាំ នៃចាប់ផ្ដើម ការងារ កែទម្រង់ ចំពោះ ស្ថាប័នរដ្ឋ មួយនេះ តែប៉ុណ្ណោះ។ នេះ ជាឱកាសមួយ ក្នុងការអនុវត្ត នូវការកែទម្រង់ លក្ខណៈ ស៊ីជម្រៅ ចុងក្រោយ ឲ្យស្របតាម និយាមអន្តរជាតិ ដូចដែលខ្ញុំ បានបញ្ជាក់ ក្នុងរបាយការណ៍ របស់ខ្ញុំ ស្ដីអំ ពីការកែទម្រង់ ការបោះឆ្នោត, ប្រព័ន្ធយុត្តិធម៌, និងរដ្ឋសភា មកម្ល៉េះ។ ដូច្នេះ ស្ថានភាព ដែលបាន លេចឡើង កាលពីពេល បោះឆ្នោត ជាតិ ខែកក្កដា ឆ្នាំ២០១៣ មកនោះ មិនកើតឡើង ជ្រាំដែល ដូច្នេះទេ។»
ក្រៅពីនេះ អង្គការ សហប្រជាជាតិ នៅតែ ព្រួយបារម្ភ អំពី វាសនាអនាគត របស់ បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត និងសកម្មជន បក្សសង្គ្រោះជាតិ ទាំង៨នាក់ ដែលតុលាការ ទើបដោះលែង ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្ន នោះថា នឹងអាច ប្រឈម ការចោទប្រកាន់ ណាមួយ យ៉ាងធ្ងន់ធ្ងរ ក្នុងហេតុផល ជម្លោះ នយោបាយ នៅពេល ណាមួយ ជាក់ ជាមិនខាន, ហើយ បានអំពាវនាវ ដល់មេដឹកនាំ បក្សទាំងពីរ ធ្វើការរួមគ្នា ក្នុងភាព ទទួលខុសត្រូវ ក្នុងការអនុវត្ត និងត្រួតពិនិត្យ នៃការគោរព សិទ្ធិមនុស្ស ដោយឯករាជ។
No comments:
Post a Comment