Paris Peace Accords 23 Oct. 1991

Wednesday, July 16, 2014

អ្នករាយការណ៍​ពិសេស​ UN អំពាវនាវ ​ព្រះមហាក្សត្រ​ កុំ​ ឡាយព្រះហស្ថលេខា​ លើ​សេចក្តីព្រាងច្បាប់ ​តុលាការ​​

លោកស្រី Gabriela Knaul (ឆ្វេង) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឯករាជ្យ​ភាព​នៃ​ចៅក្រម និង​មេធាវី (រូបថត៖ តាំង វីដា)

អ្នករាយការណ៍​ពិសេស​ UN អំពាវនាវ ​ព្រះមហាក្សត្រ​ កុំ​ ឡាយព្រះហស្ថលេខា​ លើ​សេចក្តីព្រាងច្បាប់ ​តុលាការ​​


ដោយ៖​ តាំង វី​ដា​​ / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014

អ្នករាយការណ៍​ពិសេស​ របស់ ​អង្គការ សហប្រជាជាតិ ទទួលបន្ទុក​ ឯករាជ្យ​ភាព ​នៃ​ចៅក្រម និង​មេធាវី នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ ដល់​ព្រះមហាក្សត្រ​ កម្ពុជា លើកកម្ពស់​ ឯករាជ្យភាព​ នៃ​ប្រព័ន្ធតុលាការ ដោយ​ពិចារណា​ជាថ្មី មុន​ឡាយព្រះហស្ថលេខា ​លើ​សេចក្តីព្រាងច្បាប់​ ទាំង​៣​ នៃ​តុលាការ​។​
​សេចក្តីព្រាងច្បាប់​ ទាំងនោះ រួមមាន ច្បាប់ ​ស្តីពី ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម, ច្បាប់ ​ស្តីពី​ លក្ខន្តិកៈ​ នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់ ​ស្តីពី ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​ នៃ​អង្គការ​ តុលាការ​។
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ លោកស្រី Gabriela Knaul អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឯករាជ្យ​ភាព​នៃ​ចៅក្រម និង​មេធាវី ឲ្យដឹង​តាម​អ្នកបក​ប្រែថា គោលការណ៍ និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​ឯករាជ្យ​របស់​តុលាការ​។ លោកស្រី​បន្ត​ថា អំណាច​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ នៅតែ​មាន​ការ​ជ្រៀត​ជ្រៀក និង​ជះ​ឥទ្ធិពល​មកលើ​អំណាចតុលាការ គឺ​ច្បាប់​ទាំងនេះ បែរ​ជា​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្រ សួង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការដាក់បញ្ចូល​រចនាសម្ព័ន្ធ ដំណើរការ និង​ហិរញ្ញវត្ថុ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទៅវិញ​។
លោកស្រី​បន្ត​ថា ការ​មិន​បាន​បែងចែក​ស្ថាប័ន​ទាំង​ពីរ​នេះ ឲ្យដាច់​ពីគ្នា គឺ​នាំឲ្យ​ការអនុវត្ត​តួនាទី​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា មិនអាច​ដំណើរការ​ប្រកបដោយ​ឯករាជ្យភាព​។​
​លោកស្រី Gabriela បារម្ភ​ថា សេចក្តីព្រាងច្បាប់​ទាំងនោះ អាច​នឹង​រឹតបន្តឹង​លើ​សិទ្ធិ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​កង្វះ​នៃ​ការការពារ​សុវត្ថិភាព​របស់​ស្ថាប័ន​តុលាការ ក្នុង ការជ្រើសរើស ការដកចេញ និង​នីតិវិធី​នៃ​ការដាក់​វិន័យ​លើ​ចៅក្រម​ជាដើម​។​លោកស្រី ឲ្យដឹងថា លោកស្រី បាន​ដាក់​លិខិត​ស្នើ​ឲ្យ​ស្ថាប័ន​សភា​ពិចារណា​ជា​ថ្មី​លើ​ពង្រៀង​ច្បាប់​ទាំងនេះ ហើយ​ក៏​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ កុំ​ឡាយព្រះហស្តលេខា លុះ​ណា​សេចក្តីព្រាងច្បាប់ មាន​ការចូលរួម​ផ្តល់​មតិ​យោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

​អ្នកសម្របសម្រួល​គម្រោង​សង្កេតការណ៍​សវន​ការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឌុ​ច ពិសិដ្ឋ ឲ្យដឹង​ដែរថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​អ្នក​វិនិយោគិន និង​ក្រុម​ប្រទេស​ជា​ម្ចាស់ជំនួយ មាន​ក្តីព្រួយបារម្ភ បន្ទាប់​ពី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ទាំងបី​នេះ ដែល​ពួកគេ​យល់ថា មិន​អាច​ធានាបាន​នូវ​ឯករាជ្យ​ដល់​ស្ថាប័ន​តុលាការ​ឡើយ​។ លោក​ថា បើទោះបីជា​សេចក្តីព្រាងច្បាប់​នេះ បានចែង​កំណត់​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​ប្រកាន់​ដាច់ខាត​នូវ​ឥរិយាបថ​អព្យាក្រឹត​ក្នុង​វិស័យ​នយោបា​យក្តី តែ​កត្តា​នេះ​នៅតែ​មិនមាន​ភាពច្បាស់លាស់ ដោយសារ​មិន​មាន​ការកំណត់​ពី​ទណ្ឌកម្ម​ជាក់លាក់​ណាមួយ ប្រសិន​ជា​ចៅក្រម ឬ​ព្រះរាជអាជ្ញា មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ នាំឲ្យ​ការអនុវត្ត​ការងារ មិន​មាន​ឯករាជ្យភាព​។
VOD​ មិនអាច​សុំ​ការឆ្លើយ​ពី​មន្ត្រី​ព្រះបរមរាជវាំង លោក អ៊ុំ ដារ៉ាវុធ ពាក់ព័ន្ធ​នឹង​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​លើ​ការស្នើសុំ​នេះ​បាន​នៅឡើយ​ទេ​។​ចំណែក​រដ្ឋសភា និង​ព្រឹទ្ធសភា ក៏​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទាក់ទង​នឹង​សំណើ​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ឲ្យមាន​ការពិនិត្យ​លើ​សេចក្តីព្រា​ង​ច្បាប់ទាំងបី​នេះ​។​
​គួរបញ្ជាក់​ថា សេចក្តីព្រាង​ច្បាប់​នៃ​តុលាការ​ទាំង​បី​នេះ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋ​សភា​កម្ពុជា នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ពិនិត្យ និង​យល់ព្រម​ដោយ​ព្រឹទ្ធសភា​នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ និង​ត្រូវបាន​ប្រកាសថា ស្រប​រដ្ឋធម្មនុញ្ញ​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ខែ​កក្កដា ឆ្នាំ​២០១៤​។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការត្រួតពិនិត្យ ហើយ​នឹង​ត្រូវ​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហ​មុនី​៕



No comments:

Post a Comment