ពលរដ្ឋ នៅកំពង់ចាម បារម្ភ ពីអាជ្ញាធរភូមិ ចុះសួរ ពីការគាំទ្រ បក្ស នយោបាយ
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ១៥ កក្កដា ២០១៤
ប្រជាពលរដ្ឋ នៅភូមិស្វាយព្រៃ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានការព្រួយបារម្ភ នៅពេល អាជ្ញាធរភូមិ បាននាំគ្នា ដើរតាមផ្ទះ របស់ ប្រជាពលរដ្ឋ ហើយសួរពួកគាត់ អំពីរឿងបោះឆ្នោត និងការគាំទ្រ បក្ស នយោបាយ មួយណា។ ប៉ុន្តែ មេភូមិវិញ បដិសេធ ថា លោកគ្រាន់តែ ដើរជាមួយ សមាជិក បក្សប្រជាជន កម្ពុជា តែប៉ុណ្ណោះ ដោយមិនដឹង ពីគោលបំណង នៃការសាកសួរ ប្រជាពលរដ្ឋ ច្បាស់លាស់ នោះទេ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិស្វាយព្រៃ ឃុំសំរោង ថ្លែងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងថា កាលពីថ្ងៃទី១២ កក្កដា មេភូមិ អនុភូមិ និងសមាជិកភូមិម្នាក់ទៀត បានដើរតាមផ្ទះអ្នកភូមិ ដើម្បីសួរបញ្ជាក់ពួកគាត់ចំពោះរឿងគាំទ្រគណបក្សណាមួយ សម្រាប់ជាការងាយស្រួលស្រង់ឈ្មោះរក្សាទុក។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ហើយជាសកម្មជនគណបក្សសង្គ្រោះជាតិ ផងនោះ លោក ជុន ផ្លេក ហៅសកម្មភាពរបស់អាជ្ញាធរភូមិពេលនេះ គឺជាសញ្ញាបង្ហាញពីការរើសអើងនិន្នាការបក្សនយោបាយ ហើយវាជារឿងខុសទៅនឹងផ្លូវច្បាប់បោះឆ្នោតទៀតផង។ លោកបញ្ជាក់ថា កន្លងមកមេភូមិធ្លាប់ផ្តល់ជំនួយកាកបាទក្រហម ដែលជាជំនួសមនុស្សធម៌នោះ គឺមិនបានស្មើភាពគ្នារួចមកហើយ ដោយសារការរើសអើងបក្សនយោបាយនេះ៖ «បាទ! ខ្ញុំសូមបញ្ជាក់ថា រឿងនេះ គឺមិនមែនជារឿងត្រូវទេ គឺជារឿងផ្ទុយទៅនឹងផ្លូវច្បាប់ ពីព្រោះអាជ្ញាធរ គឺអាជ្ញាធរតំណាងឱ្យប្រជាពលរដ្ឋទូទៅ មិនមែនតំណាងឱ្យបក្សទេ ព្រោះពួកគាត់ស៊ីប្រាក់ខែប្រជាពលរដ្ឋបាទ»។
ប្រជាពលរដ្ឋទាំងនោះចង់ឱ្យអាជ្ញាធរតាមមូលដ្ឋាន គប្បីបំពេញការងាររបស់ខ្លួនប្រកបដោយភាពស្មើគ្នា មិនប្រកាន់បក្សនយោបាយ ពីព្រោះអាចនាំឱ្យប្រជាពលរដ្ឋបែកបាក់សាមគ្គីគ្នា។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិស្វាយព្រៃ លោក ញឹម ភឿង មានប្រសាសន៍ថា លោកគ្រាន់តែជាអ្នកដើរតាមសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីសាកសួរប្រជាពលរដ្ឋ ថាតើពួកគាត់គាំទ្របក្សប្រជាជនកម្ពុជា ឬគាំទ្របក្សប្រឆាំង ឬក៏នៅជាកណ្ដាល។ លោកបញ្ជាក់ថា លោកមិនបានដឹងពីគោលបំណងក្នុងការចុះសាកសួរនោះច្បាស់លាស់ទេ ហើយការចុះសាកសួរនោះ គឺបានប្រហែលជា ៦០គ្រួសារប៉ុណ្ណោះ៖ «គេសមាជិកគណបក្សគេៗដើរសួរគ្នាគេទាក់ទាញអ្នកគាំទ្របក្សគេអ៊ីចឹង។ មានមែន ប៉ុន្តែអាសមាជិកម្ខាងៗដើរសួរអ៊ីចឹង។ អត់ទេ ខ្ញុំចូលរួម ប៉ុន្តែគ្រាន់តែខ្ញុំដើរពិនិត្យមើលគេទេ»។
លោកបន្ថែមទៀតថា កន្លងមកក្នុងនាមអាជ្ញាធរ លោកមិនដែលប្រកាន់បក្ខពួក ឬនិន្នាការនយោបាយនោះទេ ហើយរាល់ជំនួយមនុស្សធម៌ គឺលោកចែកជូនប្រជាពលរដ្ឋដែលក្រីក្រដោយមិនមានការរើសអើងឡើយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា បញ្ហានេះអាជ្ញាធរភូមិអាចបង្ហាញការគាំទ្រដល់រាល់សកម្មភាពស្រាវជ្រាវណាដែលកើតចេញពីក្រុមមួយដែលឯករាជ្យ ដើម្បីចង់ដឹងជុំវិញមតិគាំទ្របក្សនយោបាយរបស់ពលរដ្ឋបាន។ ប៉ុន្តែអាជ្ញាធរភូមិមិនអាចធ្វើដោយផ្ទាល់ ឬបម្រើឱ្យបក្សនយោបាយណាមួយនោះទេ។ លោកបញ្ជាក់ថា បើសិនករណីនេះស្ថិតនៅកំឡុងពេលនៃការបោះឆ្នោត គឺអាជ្ញាធរទាំងនោះអាចត្រូវមានទោសទៅតាមច្បាប់បោះឆ្នោត ដែលបានកំណត់។
បើទោះបីជាសកម្មភាពរបស់អាជ្ញាធរភូមិពេលនេះ មិនមានទោសតាមច្បាប់បោះឆ្នោតក៏ដោយ ក៏ប៉ុន្តែគឺខុសពីក្រមសីលធម៌របស់អាជ្ញាធរ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយតម្រូវឱ្យពួកគាត់បម្រើការងារជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា ពោលគឺគ្មានការរើសអើងបក្សនយោបាយនោះឡើយ៕
No comments:
Post a Comment