Paris Peace Accords 23 Oct. 1991

Tuesday, April 26, 2016

អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ​ កោះ​ហៅ​ បុគ្គល ​៨​នាក់ ​បន្ថែម ​ក្នុង​ករណី​ ចោទ​ របស់​ អ្នក​នាង ​ស្រី​មុំ | Anti-Corruption Unit summons 8 more individuals in lawsuit of Srey Mom

អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ​ កោះ​ហៅ​ បុគ្គល ​៨​នាក់ ​បន្ថែម ​ក្នុង​ករណី​ ចោទ​ របស់​ អ្នក​នាង ​ស្រី​មុំ

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

 

ឱម យ៉ិនទៀង ២០១៦ ៨៥៥
លោក ឱម យ៉ិនទៀង (ឆ្វេង) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​សន្និសីទ​កាសែត នា​ការិយាល័យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ នៅ​ថ្ងៃ​ ទី​២៥ មេសា ចេញ​លិខិត​ កោះ​ហៅ​បុគ្គល ៨​នាក់​ បន្ថែម​ទៀត ពាក់ព័ន្ធ​ នឹង​ការ​ ចោទ​ប្រកាន់​ របស់ ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ថា, ​រូប​នាង​ ត្រូវ​ បាន​ណែនាំ​ ឲ្យ​ផ្ដល់​ចម្លើយ ​មិន​ពិត​ ដល់​អាជ្ញាធរ។  ការ​កោះ​ហៅ​ នេះ ធ្វើ​ឡើង ​ក្រោយ​អង្គភាព ​ប្រឆាំង អំពើ​ ពុក​រលួយ ចាប់​ខ្លួន​ លោក​មេ​ឃុំ ស៊ាង ចែត មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ ស្រក ស្រុក ​កំពង់សៀម ខេត្ត​ កំពង់ចាម កាល​ពី​ព្រឹក​ ថ្ងៃ​ទី​២៤ មេសា។

បុគ្គល​ ទាំង ៨​នាក់​ នោះ ​ដែល​អង្គភាព​ ប្រឆាំង ​អំពើ​ ពុក​រលួយ កោះ​ហៅ រួម​មាន អគ្គលេខាធិការ​ រង​ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត លោក នី ចរិយា, ប្រធាន​ អង្គការ ​សីលការ អ្នកស្រី ធីតា ឃឹះ, មន្ត្រី​ នៃ​ការិយាល័យ ​ឧត្ដម​ស្នងការ​ ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​ ប្រចាំ​ កម្ពុជា គឺ​ លោក សឺន សាលី, និង​មន្ត្រី ៥​រូប​ទៀត​ នៃ​សមាគម ​ការពារ ​សិទ្ធិ​មនុស្ស ​អាដហុក (ADHOC)។ មន្ត្រី ៥​រូប​ នោះ ​រួម​មាន លោក នី សុខា ជា​ប្រធាន ​ផ្នែក​ស៊ើប​អង្កេត, អ្នកស្រី លឹម មុនី ជា​មន្ត្រី​ អង្កេត​ជាន់​ខ្ពស់, អ្នកស្រី ទ្រី ឈូន ធ្លាប់​ជា​មេធាវី​ របស់ ​អ្នក​នាង ស្រី​មុំ, រួម​ទាំង​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា ដែល​អ្នក​ទាំង​ពីរ ​ជា​អនុប្រធាន​ ផ្នែក​ស៊ើប​អង្កេត​ នៃ​សមាគម ​អាដហុក។

តប​ទៅ​ នឹង​លិខិត ​កោះ​ហៅ​ របស់​ អង្គភាព​ ប្រឆាំង​ អំពើ​ ពុក​រលួយ​នេះ, បុគ្គល​ មួយ​ចំនួន​ ក្នុង​ចំណោម ​បុគ្គល ​ដែល​ត្រូវ​ បាន​កោះ​ហៅ បញ្ជាក់​ ថា, ពួក​គេ​ កំពុង ​ត្រៀម​ខ្លួន ​ចូល​បំភ្លឺ, រីឯ ​ខ្លះ​ទៀត រក្សា ​ភាព​ស្ងៀមស្ងាត់​ មិន​ឆ្លើយ​តប ​នឹង​អ្នក​សារព័ត៌មាន។

ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ បញ្ជាក់​ថា អ្នកស្រី ​កំពុង ​ពិគ្រោះ ​ផ្នែក​ច្បាប់​ ជាមួយ ​មេធាវី ដើម្បី ​ត្រៀម​ខ្លួន​ ចូល​បំភ្លឺ​ តាម​ការ​កោះ​ហៅ។

ដូច​គ្នា​ដែរ អគ្គលេខាធិការ​ រង​ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត លោក នី ចរិយា និង​ជា​អតីត​ ប្រធាន ​ផ្នែក​ស៊ើប​អង្កេត ​នៃ​សមាគម​ អាដហុក ដែល​ទទួល​បាន ​លិខិត​កោះ​ហៅ​ ដែរ​នោះ បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ ថា, ​តើ​ ហេតុ​អ្វី​ លោក​ ជាប់​ពាក់ព័ន្ធ​ ក្នុង​ករណី​នេះ ​ទេ  លោក ​គ្រាន់​តែ​ បញ្ជាក់​ថា, រូប​លោក​ នឹង​ចូល​ខ្លួន ​បំភ្លឺ​ តាម​ការ​កោះ​ហៅ៖ «ខ្ញុំ ​មិន​ដឹង​ម៉េច​ ដែរ​ហ្នឹង។   ប៉ុន្តែ ​ឥឡូវ ​ខ្ញុំ​ មិន​ធ្វើ​ អត្ថាធិប្បាយ​ អី​ទេ; ចាំ​ដល់​ថ្ងៃ​ ២៨ ហ្នឹង ខ្ញុំ​ នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ ឲ្យ​ស្ថាប័ន ​ទៅ​ ចប់​ហើយ។»



មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ឡាត់ គី សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «សមាគម ​យើង​មាន​ការ​សោកស្ដាយ​មែន​ទែន ដោយសារ​តែ​យើង​ទទួល​បាន​ដីកា​ហ្នឹង។ មិន​យ៉ាង​ម៉េច​ទេ យើង​គ្រាន់​តែ​នឹង​ចូល​ទៅ​បំភ្លឺ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ខាង​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។»

ជុំវិញ​ការ​កោះ​ហៅ លោក សឺន សាលី ដែល​ជា​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា វិញ វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​អន្តរជាតិ​នេះ​នៅ​ឡើយ​នា​រសៀល​ ថ្ងៃ​ទី​២៥ មេសា។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ថា ប្រសិន​បើ​បុគ្គល​ទាំង ៨​រូប​មិន​បង្ហាញ​ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ការ​កោះ​ហៅ​ ទេ អង្គភាព​នេះ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៨​នាក់​នេះ នៅ​បន្ទាប់​ពី​អ្នក​នាង ស្រី​មុំ បាន​សរសេរ​លិខិត​ចំនួន ៤​ទំព័រ រៀបរាប់​អំពី​រឿង​អាស្រូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា។ ក្នុង​លិខិត​នោះ ស្រី​មុំ បាន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ទាំង ៨​នាក់​នោះ ថា​បាន​ណែនាំ​នាង​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ។

នៅ​យប់​ថ្ងៃ​ទី​២៥ មេសា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) បញ្ជាក់ ​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​ទទួល​បាន​លិខិត​កោះ​ហៅ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ។ អ្នកស្រី​ឲ្យ​ដឹង​ថា ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​ឆ្លើយ​តប​នឹង​លិខិត​នោះ​តាម​ពេលវេលា​កំណត់។ ក្នុង​សារ​អេឡិចត្រូនិក​នោះ អ្នកស្រី វ៉ាន់ ហ៊ាលី ក៏​បញ្ជាក់​ដែរ​ថា ក្នុង​ករណី ស្រី​មុំ មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ កម្ពុជា លោក សឺន សាលី បាន​បំពេញ​ភារកិច្ច​ស្រប​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ ទាំង​ស្រុង ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស៕



No comments:

Post a Comment