Paris Peace Accords 23 Oct. 1991

Tuesday, April 26, 2016

លោក ហ៊ុន ម៉ាណែត អះអាង​ថា ​មិន ​ទាន់​ឃើញ ​ពាក្យ​ប្ដឹង​លោក ​នៅ​អាមេរិក​ នៅ​ឡើយ | Hun Manet says yet to see lawsuit against him in US

លោក ហ៊ុន ម៉ាណែត អះអាង​ថា ​មិន ​ទាន់​ឃើញ ​ពាក្យ​ប្ដឹង​លោក ​នៅ​អាមេរិក​ នៅ​ឡើយ

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

 

ហ៊ុន ម៉ាណែត ២០១៦ ៨៥៥
មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Morm Moniroth

មេ​បញ្ជាការ​ រង ​កងទ័ព ​ជើង​គោក និង​ជា​នាយ​ រង ​សេនាធិការ​ ចម្រុះ ​នៃ​កង​យោធពល ​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា, រហូត​ មក​ដល់​ពេល​នេះ លោក​ នៅ​មិន​ដឹង​ ថា, បណ្ដឹង ​ដែល​ប្ដឹង​លោក​ ជុំវិញ​ ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា និង​មួយ​ ករណី​ទៀត ​ដោយ​ចោទ​ ថា, អង្គរក្ស​ របស់​លោក ប្រើ​ហិង្សា​ បណ្ដាល ​ឲ្យ​ជនជាតិ​ អាមេរិកាំង​ ម្នាក់​ មាន​របួស​ នៅ​សហរដ្ឋ​  អាមេរិក នោះ ថា​ ជា​សំណុំ​រឿង​ ពិត ឬ​មិន​ពិត​ នៅ​ឡើយ​ទេ។  លោក ហ៊ុន ម៉ាណែត អះអាង​ ថា, ប្រសិន​បើ ​ពិត​ ជា​មាន​សំណុំ​រឿង​ ទាំង​នេះ​មែន, លោក​ នឹង​មិន​ខ្លាច ​បង្ហាញ​ ជូន​ជា​សាធារណៈ ​ទេ។

គ្រាន់​តែ​ ជើង​យន្តហោះ​ ជាន់​ដល់​ដី​ភ្លាម ដោយ​មិន ​រង់ចាំ​យូរ, កូន​ប្រុស​ច្បង​ របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ អ្នក​កាសែត​ ថា, លោក​ នៅ​រក្សា​ជំហរ​ ស្ងប់ស្ងាត់​ នៅ​ឡើយ រហូត​មាន​សំណុំ​រឿង​ នៅ​ក្នុង​ដៃ ​របស់​លោក ទើប​ អាច​បញ្ជាក់​ បាន​ថា នឹង​ត្រូវ​ ឆ្លើយ​តប​ បែប​ណា។

ការ​ប្រើ​ពេល​ប្រមាណ​ជាង ១​ម៉ោង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មក​ដល់​ពេល​នេះ លោក​មិន​ទាន់​អាច​ប្រាប់​បាន​នៅ​ឡើយ​ទេ​ចំពោះ​ចំណាត់​ការ ដោយសារ​ពុំ​ទាន់​ឃើញ​មាន​សំណុំ​រឿង​ណា​មួយ​ដូច​ព័ត៌មាន​ដែល​គេ​ចុះ​ ផ្សព្វផ្សាយ​កន្លង​មក​នេះ​ទេ។ លោក​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណ ៣​សប្ដាហ៍ ទាំង​នៅ​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក គឺ​លោក​ពុំ​ទទួល​បាន​ដីកា​កោះ​ហៅ​អ្វី​ឡើយ។ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ព័ត៌មាន​ដែល​បែក​ធ្លាយ​ថា លោក​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​បណ្ដឹង​នៅ​សហរដ្ឋ​អាមេរិក នោះ គឺ​ជា​ការ​ប្រឌិត​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ប៉ុន្តែ​ខ្ញុំ​ គ្រាន់​តែ​បាន​ឮ​តាម​ព័ត៌មាន​ថា​មាន​ការ​ប្ដឹង​ខ្ញុំ​ប៉ុន្មាន​ចំណុច​ណោះ រួម​ទាំង​ភេរវកម្ម​អន្តរជាតិ ហើយ​ខ្ញុំ​កប់​យោបល់​រឿង​ហ្នឹង ព្រោះ​បើ​ជ្រុល​ថា​ប្ដឹង​ដាក់​រឿង​អី​ដែល​វា​សម​ហេតុផល​ផង​ទៅ។ ឥឡូវ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ស្គាល់ ហ៊ុន ម៉ាណែត ហើយ​តាម​ដាន​របស់​ខ្ញុំ​ប្រហែល​ជា​គាត់​កប់​យោបល់​ដែរ​ហើយ នៅ​ពេល​ឮ​ថា​ប្ដឹង​ខ្ញុំ​ភេរវកម្ម​អន្តរជាតិ។ ខ្ញុំ​គិត​ថា​ការ​ប្ដឹង​កន្លង​មក​នេះ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គឺ​គ្រាន់​តែ​ជា​រៀប​កេង​ចំណេញ​ផ្នែក​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ។»


មុន​មួយ​ថ្ងៃ​ដែល លោក ហ៊ុន ម៉ាណែត ទៅ​ដល់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៩ មេសា ប្រពន្ធ​លោក មាជ សុវណ្ណារ៉ា គឺ​អ្នកស្រី ជេមី មាជ បាន​ដាក់​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។
នៅ​ក្នុង​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សហព័ន្ធ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៨ មេសា នោះ មេធាវី​តំណាង​ឲ្យ​ភរិយា​លោក មាជ សុវណ្ណារ៉ា ចំនួន ២​រូប គឺ​លោក មូរតុន ក្លារ (Morton Sklar) និង​លោក ណាហ្សារ៉ាត់ អៃស្បើត (Nagareth Haysbert) ចោទ ​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពី​បទ​ធ្វើ​ទារុណកម្ម តាម​រយៈ​ការ​ឃុំឃាំង​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​ក្រៅ​ច្បាប់ ឃុំ​ខ្លួន​រយៈពេល​យូរ និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

មិន​តែ​ប៉ុណ្ណោះ ក្នុង​បណ្ដឹង​នោះ​ក៏​បាន​ទាមទារ​ការ​ខូចខាត​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដោយ​ចេតនា ​លើ​ផ្លូវ​ចិត្ត ការ​វាយ​ដំ ការ​ចាប់​ដាក់​ពន្ធនាគារ និង​បាត់បង់​សិទ្ធិ​រស់នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​រង​បណ្ដឹង​មួយ​ទៀត​ពី​បទ​ថា អង្គរក្ស​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​រត់​សំបុត្រ​ជនជាតិ​អាមេរិក គឺ​លោក ផល ហេយស៍ (Paul Hayes) ម្នាក់​របួស​បែក​ក្បាល។

ឆ្លើយ​តប​រឿង​នេះ លោក ហ៊ុន ម៉ាណែត បាន​បដិសេធ​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​លើក​នេះ គឺ​ពុំ​មាន​អង្គរក្ស​ទៅ​តាម​ឡើយ ក្រៅ​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋ​នោះ។ ម្យ៉ាង​ទៀត ការ​ប៉ះ​ទង្គិច​ដែល​រហូត​បណ្ដាល​ឲ្យ​ជនជាតិ​អាមេរិកាំង មាន​របួស​ស្នាម​ផង​នោះ គឺ​លោក​ពុំ​បាន​ដឹង​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​ដែរ​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រពន្ធ​របស់​លោក មាជ សុវណ្ណារ៉ា គឺ​អ្នកស្រី ជេមី មាជ ឲ្យ​ដឹង​ថា អ្នកស្រី​ពិត​ជា​បាន​ដាក់​បណ្ដឹង​ពិត​មែន​ប្រឆាំង​លោក ហ៊ុន ម៉ាណែត។ អ្នកស្រី​បន្ត​ថា ដំណើរ​ការ​បែប​នៃ​បណ្ដឹង​នោះ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​សំណុំ​រឿង​នេះ​បាន​រុញ​ដល់​ដៃ​តុលាការ​រួច​ហើយ។ អ្នកស្រី​បន្ត​ថា «ចំពោះ​ពាក្យ​បណ្ដឹង​ហ្នឹង គឺ​ពួក​យើង​បាន​យក​ដល់​ដៃ​លោក ផល ហេយស៍ ថ្ងៃ​ដែល​លោក ហ៊ុន ម៉ាណែត មក​ដល់​ទីក្រុង​ឡុងប៉ិច ក្នុង​ភោជនីយដ្ឋាន​ឡានលូន។ ហើយ​ក៏​មាន​ឧបទ្ទវហេតុ​ដែល​កង​ការពារ​បាន​ធ្វើ​ឲ្យ​គាត់ (ផល ហេយស៍) មាន​របួស​ស្នាម​ធ្ងន់ធ្ងរ។»


អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ប្រសិន​បើ​សំណុំ​រឿង​នេះ​អាច​មាន​ទម្ងន់ ប្រហែល​លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ ឬ​ឈាន​ទៅ​ដល់​ចាប់​ខ្លួន។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា វា​ពិបាក​សន្និដ្ឋាន​ណាស់​ថា តើ​សំណុំ​រឿង​នេះ លោក ហ៊ុន ម៉ាណែត អាច​ត្រូវ​ចាប់​ខ្លួន ឬ​ត្រូវ​រង​ការ​ចោទ​ដោយ​តុលាការ​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ដែរ​ឬ​យ៉ាង​ណា។ លោក​បន្ត​ថា ចំណុច​នេះ គឺ​គេ​ត្រូវ​ពិនិត្យ​ជា​មុន​សិន​ពី​គោលការណ៍​របស់​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ថា «ជា​ធម្មតា​សិទ្ធិ​អ្នក​ប្ដឹង គឺ​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង ប៉ុន្តែ​ស្ថានភាព​នៃ​តុលាការ​គេ គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង ថា​តើ​ចូល​ទៅ​ក្នុង​គោលការណ៍​គេ ឬ​មិន​ចូល ឬ​មួយ​គេ​ដំណើរ​ការ ឬ​មិន​ដំណើរ​ការ​នោះ​បាទ។»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រមាណ ៣​សប្ដាហ៍​មក​នេះ គឺ​មាន​ទាំង​ផ្អែម​ល្ហែម​ផង និង​ជូរ​ចត់​ផង។ យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា លោក​នឹង​មិន​ប្ដឹង​ផ្ដល់​អ្វី​ទាំងអស់​ប្រឆាំង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ លោក ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​កាណាដា។ ថ្លែង​ក្នុង​កាយវិការ និង​សម្ដី​កំប្លុកកំប្លែង​ផង លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ថា មូលហេតុ​ដែល​លោក​មិន​តប​ត​ដោយ​ហិង្សា​វិញ គឺ​ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ៕



No comments:

Post a Comment