Paris Peace Accords 23 Oct. 1991

Thursday, August 21, 2014

បទ​វិភាគ៖ តើ​ បក្ស​ទាំង​ពីរ ​អាច​រួម​ដៃ​គ្នា​ ដោះស្រាយ ​វិបត្តិ​ដីធ្លី​ បាន​ដែរ​ ឬ​ទេ? | Analysis: Can both parties work together to resolve land disputes?

បទ​វិភាគ៖ តើ​ បក្ស​ទាំង​ពីរ ​អាច​រួម​ដៃ​គ្នា​ ដោះស្រាយ ​វិបត្តិ​ដីធ្លី​ បាន​ដែរ​ ឬ​ទេ?

RFA | ២១ សីហា ២០១៤ 
ជម្លោះ​ដី ព្រះវិហារ ៦១០
ប្រជាពលរដ្ឋ​ ដែល​មាន​ជម្លោះ ​ដីធ្លី​ មក​ពី​តំបន់​ ពីរ​ ផ្សេង​គ្នា ក្នុង​ខេត្ត​ ព្រះវិហារ នាំ​គ្នា​ដាក់​ញត្តិ​ ទៅ​ខុទ្ទកាល័យ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ដើម​ពោធិ៍ ​ក្បែរ​វិមាន ​ឯករាជ្យ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។  RFA/Sochivy

ពលរដ្ឋ​ ដែល​មាន ​ជម្លោះ​ដីធ្លី​ ចាប់​ផ្ដើម ​កក្រើក​តវ៉ា​ ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់ ​មួយ​រយៈ បន្ទាប់​ ពី​ការ​ជាប់​គាំង​ នយោបាយ​ ជិត​មួយ​ឆ្នាំ ​រួច​មក។  គណបក្ស ​សង្គ្រោះ​ជាតិ មាន​កម្មវិធី​ នយោបាយ​ ច្បាស់​លាស់ ដើម្បី ​ដោះស្រាយ​ វិបត្តិ​ដីធ្លី​ ជូន​ពលរដ្ឋ។  រីឯ ប្រមុខ​ដឹក​នាំ​ រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជាក់ ​ពី​ជំហរ ​ក្នុង​ការ​ដោះស្រាយ ​វិបត្តិ​ដីធ្លី​ដែរ។  ថែម​ទាំង​បាន​ ស្តី​បន្ទោស​ ទៅ​មន្ត្រី​ ក្រោម​ឱវាទ មាន​ទាំង ​រដ្ឋមន្ត្រី អភិបាល​ខេត្ត និង​ថ្នាក់​ដឹក​នាំ​ ពាក់ព័ន្ធ​ ទាំងអស់ ថា​ មិន​បាន​ យក​ចិត្ត​ ទុក​ខិត ខំ​ដោះស្រាយ​ បញ្ហា​ដីធ្លី​ ជូន​ពលរដ្ឋ។

បើ ​គណបក្ស ទាំង​ពីរ​ មាន​ជំហរ ​ដូច​គ្នា ​ហើយ​នោះ, តើ​ អាច​រួម​ដៃ​គ្នា ​ដោះស្រាយ ​វិបត្តិ​ដីធ្លី​ នៅ​កម្ពុជា បាន​ដែរ​ ឬ​ទេ?

នរណា​ទៅ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ពិត ឬ​កុហក ចំពោះ​ពាក្យ​ដែល​លោក​ថា លោក​មិន​ធ្លាប់​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ទាល់​តែ​សោះ ពី​រឿង​ដែល​ពលរដ្ឋ​ស្នើសុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។ ថា​រឿង​ញត្តិ​ចុះ​ថា​លោក​មិន​បាន​ទទួល ចុះ​ពេល​ពលរដ្ឋ​ទៅ​ស្រែក​ឡូងៗ​ទាមទារ​នៅ​ក្បែរ​របង​ផ្ទះ​សម្ដេច រហូត​ក្រុម​សន្តិសុខ​ប្រើ​ហិង្សា​វាយ​ដំ​ច្រំ​ធាក់ និង​ចាប់​សែង​មនុស្ស​ដូច​សត្វ​ធាតុ​នោះ​យ៉ាង​ម៉េច​ដែរ? ប្រសិន​បើ​លោក​យក​ចិត្ត​ទុក​ដាក់​ងាក​មើល ឬ​យក​ត្រចៀក​ស្តាប់​តែ​បន្តិច ក៏​លោក​ប្រហែល​ជា​ដឹង​តិចតួច​ដែរ។

លោក ហ៊ុន សែន ហាក់​ដូច​ជា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់​ពី​ទុក្ខ​កង្វល់ និង​ផល​វិបាក​របស់​ពលរដ្ឋ ដោយ​ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ក្នុង​ករណី​ដី​ទំនាស់​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច លោក​បញ្ជាក់​ច្បាស់​ថា គឺ​ត្រូវ​គិត​ពលរដ្ឋ​ជា​ធំ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវ​អនុវត្ត​គោល​នយោបាយ​ស្បែក​ខ្លា​ជា​ដាច់​ខាត។

លោក​ក៏​បាន​បន្ទោស​ទៅ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មើល​តែ​តាម​ផែនទី និង​មិន​បាន​ចុះ​ទៅ​មើល​ផ្ទាល់ ពិសេស​មិន​បាន​អនុវត្ត​អនុសាសន៍​របស់​លោក​ឲ្យ​មាន​ប្រសិទ្ធភាព។

យ៉ាង​ណា លោក ហ៊ុន សែន ហាក់​មាន​ជំហរ​រឹងមាំ​ដោះស្រាយ​វិបត្តិ​សង្គម ពិសេស​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​ប្រសើរ​ឡើង​វិញ។ ទំនង​ជា​លោក​ចង់​ស្ដារ​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ឡើង​វិញ​ក៏​ថា​បាន។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ឯណោះ​វិញ ហាក់​បង្ហាញ​ថា ខ្លួន​មាន​ឆន្ទៈ​រួច​ហើយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី ដោយ​គណបក្ស​នេះ​បាន​បង្កើត​កម្មវិធី​នយោបាយ​សម្រាប់​ដោះស្រាយ​វិបត្តិ​ ដីធ្លី ដោយ​ផ្ដើម​ពី​ការ​សើរើ​ឡើង​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ។ ការ​បែង​ចែក​ដី​ដល់​គ្រួសារ​កសិករ​ដែល​គ្មាន​ដីធ្លី ឬ​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ ពិសេស គឺ​ការ​ដក​ហូត​ដី​ពី​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ដែល​យក​ទៅ​ដោយ​បំពាន ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​វិញ។ ដូច្នេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដោះស្រាយ​វិបត្តិ​ដីធ្លី​បាន​ដែរ​ទេ?

ទំនង​ជា​បក្ស​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​វិបត្តិ​សង្គម​មួយ​នេះ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​សហការ​គ្នា​នោះ។

នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ទន្ទ្រាន​យក​ដីធ្លី​ពី​ពលរដ្ឋ គឺ​សុទ្ធ​សឹង​ជា​ឧកញ៉ា ជា​មន្ត្រី​គ្រាក់ៗ ដែល​មាន​តួនាទី​ក្នុង​រាជ​រដ្ឋាភិបាល និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ពិបាក​នឹង​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ឬ​ចាប់​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស។ ពិសេស ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​នោះ គឺ​ជា​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​មក​លើ​គណបក្ស​កាន់​អំណាច។

គណបក្ស​សង្គ្រោះ​ជាតិ ទំនង​មិន​អាច​មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​ដីធ្លី​តែ​ឯង​បាន​ទេ អាច​បាន​ត្រឹម​កែលំអ​ខ្លះ ដើម្បី​ឲ្យ​ល្អ​មើល និង​ឲ្យ​ម្ចាស់​ឆ្នោត​អស់​ចិត្ត​ប៉ុណ្ណោះ។

យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​នេះ​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ ក្នុង​រដ្ឋសភា នឹង​អាច​មាន​តុល្យភាព​អំណាច​ជាមួយ​បក្ស​កាន់​អំណាច។ តាម​រយៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​កោះ​ហៅ​រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ មក​បំភ្លឺ​ក្នុង​រដ្ឋសភា និង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​បាន។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​កាតព្វកិច្ច ឬ​អំណាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ឡើយ គឺ​ការ​ដោះស្រាយ​ទាំង​អម្បាលម៉ាន ស្ថិត​លើ​រាជ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច។ ដូច្នេះ ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​បាន ឬ​មិន​បាន​នោះ គឺ​អាស្រ័យ​ទៅ​លើ​បក្ស​កាន់​អំណាច មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះស្រាយ​រឿង​នេះ​ដែរ ឬ​អត់?

ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន ទំនង​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​ជូន​ ពលរដ្ឋ។ ប៉ុន្តែ​សំខាន់​នោះ គឺ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ឯណោះ​ទេ​ជា​បញ្ហា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ទទួល​ស្គាល់​ពី​ការ​បរាជ័យ​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​រួច​ ហើយ ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី។ លោក​ថែម​ទាំង​បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ជា​សាធារណៈ តាំង​ពី​រដ្ឋមន្ត្រី អភិបាល​ខេត្ត ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​មិន​លើក​លែង​សូម្បី​តែ​កូន​ប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ានិត ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ ដីធ្លី​ជូន​ពលរដ្ឋ។ ម្យ៉ាង​ទៀត គឺ​ប្រហែល​មក​ពី​ការ​ទទួល​ស្គាល់​បរាជ័យ​អំពី​រឿង​នេះ​ហើយ បាន​ជា​មិន​ឃើញ​លោក​ចាប់​ផ្តើម​កម្មវិធី​យុវជន​វាស់​នោះ​ជា​បន្ត​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​នោះ។

រីឯ​បទបញ្ជា​០១ គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​នោះ ក៏​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ ជាក់ស្តែង នៅ​ខេត្ត​ពោធិ៍សាត់ មាន​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ប្លង់​រឹង​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ហើយ តែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់។ ពលរដ្ឋ​ខ្លះ​ទៀត នៅ​បឹង​ប្រាំ ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដោយ​ដី​ក្នុង​ប្លង់​នោះ​បែរ​ជា​មាន​ពលរដ្ឋ​ផ្សេង​រស់នៅ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ​បែរ​ជា​គ្មាន​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ។

តាម​មើល​ទៅ គណបក្ស​ទាំង​ពីរ​ចៀស​មិន​ផុត​ពី​ការ​ចាប់​ដៃ​គ្នា​បញ្ចប់​វិបត្តិ​ដីធ្លី​ នោះ​ទេ គឺ​ប្រៀប​ដូច​ចង្កឹះ​ដែល​មិន​អាច​ឃ្លាត​គ្នា​បាន។ គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល ហើយ​បើ​បក្ស​កាន់​អំណាច​មិន​ដោះស្រាយ​ទេ​នោះ ម្ចាស់​ឆ្នោត​នឹង​ដឹង​ថា គណបក្ស​ណា​មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​បក្ស​ប្រឆាំង​អាច​នឹង​មាន​ប្រជាប្រិយភាព​កើន​ទ្វេដង។ ដូច្នេះ ចង់​មិន​ចង់ ដើម្បី​ឲ្យ​បាន​ប្រជាប្រិយភាព​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នោះ លុះត្រា​តែ​បក្ស​កាន់​អំណាច ត្រូវ​តែ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៕


No comments:

Post a Comment