គណបក្ស សង្គ្រោះជាតិ មិនទាមទារ ប្រាក់បៀវត្ស កន្លងមកវិញទេ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះឈ្មោះនៅមុនសម័យប្រជុំរដ្ឋសភានៅរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចូលរួមប្រជុំរដ្ឋសភាជាលើកដំបូងក្រោយពីបានធ្វើពហិការរយៈពេល១០ខែ។
ហេង រស្មី / វីអូអេ | ១៣ សីហា ២០១៤
ភ្នំពេញ—ក្នុងអំឡុងពេល នៃការជាប់គាំង នយោបាយ ជាង១០ខែកន្លងមកនេះ ប្រាក់បៀវត្ស អ្នកតំណាងរាស្ត្រ ទាំង៥៥ របស់ គណបក្ស សង្គ្រោះជាតិ មិនត្រូវ បានរដ្ឋសភា របស់ ប្រទេសកម្ពុជា ផ្តល់ជូនទេ ដោយលើក ហេតុផល ថា, អ្នកតំណាងរាស្ត្រ ទាំងនោះ អវត្តមាន និងមិនមកបំពេញ ភារកិច្ច ជាអ្នកតំណាងរាស្ត្រ ស្របច្បាប់។
ក្រោយពីបានស្បថចូលកាន់មុខតំណែងនិងបានចូលរួមបើកកិច្ចប្រជុំសភាដំបូងកាលពីសប្តាហ៍មុន ប្រាក់បៀវត្សអ្នកតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិត្រូវបានលើកយកមកជជែកគ្នាឡើងវិញបន្ទាប់ពីវិបត្តិនយោបាយបានបញ្ចប់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃច័ន្ទម្សិលមិញនេះបានទម្លាក់ការទទួលខុសត្រូវការបើកប្រាក់បៀវត្សនេះអាស្រ័យទៅលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញថា តើត្រូវបើកប្រាក់ជូនអ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិទាំង៥៥រូបដែលខកខានមិនបានចូលរួមប្រជុំសភាកន្លងមកឬក៏យ៉ាងណា?
លោក អ៊ុច ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា មកទល់ពេលនេះគ្មានការស្នើសុំជាលាយលក្ខណ៍អក្សរពីគណបក្សសង្គ្រោះជាតិ អំពីប្រាក់បៀវត្សរបស់ខ្លួនទេ។ លោកមានប្រសាសន៍ថា ប្រសិនបើមានលិខិតស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញនិងទទួលយកទៅពិចារណា។
លោកបាននិយាយថា៖ «បើសិនជាមាន ខាងខ្ញុំត្រូវពិភាក្សាគ្នាថាតើត្រឹមត្រូវតាមច្បាប់ឬអត់?»
ប្រាក់ខែអ្នកតំណាងរាស្ត្រគឺជាបន្ទុករបស់គណ់ៈកម្មាធិការហិរញ្ញវត្ថុ និងសវនកម្មរបស់រដ្ឋសភាជាអ្នកបើកជូនអ្នកតំណាងរាស្ត្រទាំង១២៣រូបដែលជាគណបក្សមានអាសនៈក្នុងរដ្ឋសភា។
អ្នកតំណាងរាស្ត្រក្នុងម្នាក់ៗទទួលបានប្រាក់បៀវត្សប្រមាណជាង២.០០០ដុល្លារសហរដ្ឋអាមេរិក។ប្រសិនបើអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូបមិនត្រូវបានបើកប្រាក់បៀវត្សទេ នោះអ្នកតំណាងរាស្ត្រទាំងនោះនឹងបាត់បង់ថវិកាសរុប ប្រមាណជាង១១សែនដុល្លារសហរដ្ឋអាមេរិក។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សគ្មានគម្រោងណាមួយដើម្បីសរសេរលិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីស្នើសុំបើកប្រាក់បៀវត្សដល់សមាជិកសភាអ្នកតំណាងរាស្ត្រទាំង៥៥រូបនោះទេ។
លោកបានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍នឹងបញ្ហាបៀវត្សទេ ដោយសារតែលោករវល់នឹងការរៀបចំពង្រាងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា សមាភាពគជប និងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថ្មីតាមកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ។
លោកបាននិយាយថា៖ «បាទ! អត់មានទេយើងកំពុងតែធ្វើសេចក្តីព្រាងសំខាន់គឺកំណែទម្រង់កិច្ចការបោះឆ្នោតក្នុងការរៀបចំគជប ក្នុងការរៀបចំច្បាប់បោះឆ្នោតឲ្យបានល្អសម្រាប់ប្រទេសយើងទៅថ្ងៃអនាគត។»
លោក ជាម យៀប ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មរបស់រដ្ឋសភាមិនអាចស្នើសុំសេចក្តីពន្យល់បានទេនៅថ្ងៃអង្គារ៍នេះ។ ក៏ប៉ុន្តែកន្លងមកលោកបានបញ្ជាក់ប្រាប់វីអូអេថារដ្ឋសភាបានបង្វិលថវិកាទាំងនេះទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញហើយ។
លោកបាននិយាយថា៖ «កាលណាគាត់មិនទាន់ចូល អត់មានអភ័យឯកសិទ្ធិ អត់មានទទួលបានប្រាក់ខែទេ។ មិនអាចទទួលបានទេ។ យើងត្រូវធ្វើយ៉ាងណាដើម្បីវេប្រាក់ជូនទៅរដ្ឋវិញ។»
ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ថា យោងតាមច្បាប់ អ្នកតំណាងរាស្ត្រក៏ដូចជាមន្ត្រីរាជការដែរ ប្រសិនណាបើមិនបានមកបំពេញភារកិច្ចនោះមិនអាចទទួលបៀវត្សបានទេ៕
No comments:
Post a Comment