អាមេរិក កូរ៉េខាងត្បូង នឹងបង្កើត មជ្ឈមណ្ឌលកុំព្យូទ័រ ក្នុងខេត្តចំនួន៣
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញមិនអាចផ្តល់តួលេខបានទេថា តើសិស្សានុសិស្សចំនួនប៉ុន្មាននឹងទទួលបានផលប្រយោជន៍ពីការអប់រំន
គង់ សុឋានរិទ្ធ / វីអូអេ | ១៣ សីហា ២០១៤
ភ្នំពេញ—សហរដ្ឋ អាមេរិក និងប្រទេស កូរ៉េ ខាងត្បូង បានសម្រេច ផ្តល់ការបណ្តុះបណ្តាល ផ្នែកព័ត៌មាន និងបច្ចេកវិទ្យា គមនាគមន៍ នៅថ្ងៃអង្គារនេះ ដល់សិស្សសាលា មានសក្តានុពល ក្នុងខេត្តចំនួន៣។ ខេត្តទាំងនោះ រួមមាន ខេត្ត សៀមរាប, ក្រចេះ, និងកំពង់ចាម។
ទីភ្នាក់ងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េ (KOICA)បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះដើម្បីផ្តល់ការបណ្តុះបណ្តាលរួមគ្នាដល់សិស្សានុសិស្សក្នុងខេត្តទាំងបីលើផ្នែកព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍នេះដោយរំពឹងថា ការបណ្តុះបណ្តាលនេះនឹងជួយគាំទ្រដល់យុទ្ធសាស្ដ្រអប់រំរបស់ប្រទេសកម្ពុជា។

លោកស្រី Rebecca Black នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលនេះថា៖ «ប្រទេសកម្ពុជាជាប្រទេសវ័យក្មេងមួយដែលមានប្រជាពលរដ្ឋស្ទើរតែពាក់កណ្តាលមានអាយុក្រោម២៥ឆ្នាំ។ ដូច្នេះវាមានសារៈសំខាន់សម្រាប់ប្រទេសម្ចាស់ជំនួយក្នុងការផ្តោតការវិនិយោគលើវិស័យអប់រំ។»
ក្រុមអ្នកស្មគ្រ័ចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េដែលមានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យានឹងបង្រៀនកុំព្យូទ័រដល់សិស្សសាលាគោលដៅទាំងនេះ ហើយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនឹងផ្តល់ជាម៉ាស៊ីនកុំព្យូទ័រ។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញមិនអាចផ្តល់តួលេខបានទេថា តើសិស្សានុសិស្សចំនួនប៉ុន្មាននឹងទទួលបានផលប្រយោជន៍ពីការអប់រំនេះ។លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណាលោក កេតុ ច័ន្ទតូ អ្នកឯកទេសលើវិស័យអប់រំនៃអង្គការ Plan International Cambodia អធិប្បាយថា ការអប់រំផ្នែកព័ត៌មានវិទ្យាប្រមូលផ្តុំតែនៅតំបន់ក្រុងតែប៉ុណ្ណោះហើយគឺជាការល្អកាលណាមានជំនួយអប់រំលើវិស័យនេះ។
«ជាទូទៅកូនសិស្សគួរតែដឹងផ្នែកព័ត៌មានវិទ្យានេះ។ សព្វថ្ងៃចំណេះដឹងព័ត៌មានវិទ្យាសម្រាប់កូនសិស្សតាមជនបទមានកម្រិតទាបនៅឡើយ។ ព័ត៌មានវិទ្យាដែលយើងមានសព្វថ្ងៃមានតែនៅតាមទីប្រជុំទីក្រុងទេ។»
ទោះជាយ៉ាងណា ក្រសួងអប់រំយុវជននិងកីឡាគ្រោងនឹងដាក់កម្មវិធីអប់រំផ្នែកព័ត៌មានវិទ្យាដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំសាធារណៈចាប់ពីថ្នាក់ទី១១ដល់ថ្នាក់ទី១២៕
No comments:
Post a Comment