ក្រសួងការបរទេសកម្ពុជា មានរយៈពេលកន្លះខែ រហូតដល់ដំណាច់ខែសីហា ខាងមុខនេះ ដើម្បីដោះស្រាយរឿងទឹកដីកម្ពុជាជាមួយរដ្ឋាភិបាលវៀតណាមតាមស្នើសុំរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និង សម្ព័ន្ធយុវជនខ្មែរ ។ ហើយអំឡុងពេលនេះ សហគមន៍ទាំងពីរនឹងផ្អាកការធើ្វបាតុកម្មបណ្តោះអាសន្នមួយរយៈសិន ដើម្បីរង់ចាំលទ្ធផលពីក្រសួងការបរទេសកម្ពុជា។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និង ជាតំណាងគណៈកម្មការរៀបចំបាតុកម្មនាពេលកន្លងមក បានមានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកសៅរ៍នេះថា សហគមន៍ខ្មែរកម្ពុជាក្រោម នឹងបន្តធ្វើបាតុកម្មតទៅទៀត ប្រសិនបើពុំមានដំណោះស្រាយជាផ្លូវការទេនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ១២ និង ១៣ ដើមសប្តាហ៍នេះ សហគមន៍ខ្មែរកម្ពុជាក្រោម បានដឹកនាំបាតុកម្មទាមទារឲ្យអ្នកនាំពាក្យស្ថានទូតប្រចាំនៅកម្ពុជាសុំទោសរឿងទឹកដីកម្ពុជាក្រោម ដោយមានការដាក់នៅញត្តិស្វែងរកអន្តរាគមន៍នៅក្រសួងការបរទេសកម្ពុជា និង បណ្តាស្ថានទូតមួយចំនួន។ ក្នុងបាតុកម្មនោះដែរ ក្រុមបាតុករបានផ្ទុះកំហឹងដុតទង់ជាតិវៀតណាម។
កាលពីថ្ងៃ ១៣ សីហា ក្រសួងការបរទេសវៀតណាមបានចេញមុខថ្កោលទោសបាតុកម្មរបស់សហគមន៍ខ្មែរកម្ពុជាក្រោមនេះ ហើយបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកតវ៉ាទាំងនោះ។ ប្រឈមនឹងបញ្ហានេះ លោក ថាច់ សេដ្ឋា បានអះអាងថា ការប្រកាសផ្អាកបាតុកម្មនេះ មិនមែនសហគមន៍ខ្មែរកម្ពុជាក្រោមខ្លាចការគំរាមកំហែងរបស់វៀតណាមនោះទេ តែដើម្បីទុកឲ្យរដ្ឋាភិបាលកម្ពុជា និង វៀតណាមធ្វើការងារជាមួយគ្នារឿងទឹកដីកម្ពុជាក្រោមនេះ។
ជុំវិញការធ្វើបាតុកម្មនេះដែរ កាលពីរសៀលថ្ងៃសុក្រ ទី ១៥ សីហា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរចុះជួបជាមួយពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីមកពីខេត្តក្រចេះ ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្សីបានសម្តែងការគាំទ្រចំពោះការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោសរឿងទឹកដីកម្ពុជាក្រោម។ លោក សម រង្ស៊ី បានផ្តល់គំនិតឲ្យមានការធ្វើញត្តិដែលចុះហត្ថលេខាដោយប្រជាពលរដ្ឋខ្មែររាប់លាននាក់ បណ្តេញអ្នកនាំស្ថានទូតវៀតណាមចេញពីកម្ពុជា ប្រសិនបើមិនសុំទោសចំពោះការលើកឡើងរបស់ខ្លួនទេនោះ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះក្រសួងការបរទេសកម្ពុជានៅតែរក្សាភាពស្ងៀមស្ងាត់ មិនទាន់បញ្ជេញប្រតិកម្មអ្វីបន្តិចនៅឡើយទេ ។ ចំណែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏នៅតែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានផងដែរ ដោយលោក មិនព្រមទទួលទូរស័ព្ទទាល់តែសោះ។
ក៏ប៉ុន្តែ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ការដុតទង់ជាតិវៀតណាមដោយក្រុមបាតុករ វាជារឿងអសីលធម៌ តែមិនចម្លែកទេ ព្រោះសកម្មភាពបែបនេះតែងតែកើតមានជាទូទៅនៅក្នុងប្រទេសផ្សេងៗលើពិភពលោក។ លោក បន្តថា សូម្បីតែប្រជាពលរដ្ឋវៀតណាមខ្លួនឯងក៏ធ្លាប់ដុតទង់ជាតិចិនក្នុងពេលធ្វើបាតុកម្មប្រឆាំងចិននាពេលកន្លងមកផងដែរ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រសួងមហាផ្ទៃទទួលយកការស្នើសុំរបស់វៀតណាម ប៉ុន្តែលោកបញ្ជាក់ថា បាតុកម្មនាពេលកន្លងមក គឺស្ថិតនៅក្រោមការគ្រប់គ្រងបានរបស់រដ្ឋាភិបាលកម្ពុជា។
ដោយឡែក ចំពោះការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាវិញនោះ ត្រូវបានលោក ខៀវ សុភ័គ ចាត់ទុកថា ជាកំហុសបុគ្គល និងស្នើកុំឲ្យមានការពង្រីកបញ្ហានេះឲ្យកាន់តែធំដែលអាចនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល៕
No comments:
Post a Comment