ក្រុមហ៊ុន Chevron បញ្ចប់ប្រតិបត្តិការ ១២ឆ្នាំនៅកម្ពុជា
ក្រុមហ៊ុនChevron Overseas Petroleum (Cambodia) Ltd បានធ្វើការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំ។គង់ សុឋានរិទ្ធ
វីអូអេ / 15 សីហា 2014
ភ្នំពេញ—ក្រុមហ៊ុន រុករកប្រេង អាមេរិកាំង ដ៏ធំមួយ បានដកខ្លួនពីការវិនិយោគ នៅប្រទេសកម្ពុជា ក៏ប៉ុន្តែ គេនៅមិនទាន់ ដឹងពីមូលហេតុពិតប្រាកដ នៃការដកខ្លួននេះនៅឡើយទេ។ក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ដែលបានធ្វើការ រុករកប្រេងនៅ ក្នុងប្រទេស កម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ បានសម្រេច ដកការបណ្តាក់ ទុននៅកម្ពុជា ហើយបានលក់ ភាគហ៊ុន របស់ខ្លួនទាំងមូល សរុប៣០ភាគរយ ទៅឲ្យក្រុមហ៊ុនដៃគូ KrisEnergy Ltd របស់ប្រទេសសិង្ហបុរី។
លោករីឆាត ឡូរ៉ិន(Richard Lorentz)នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន KrisEnergy បានបញ្ជាក់នៅក្នុងសារអេឡិកត្រូនិកនៅថ្ងៃសុក្រនេះថាក្រុមហ៊ុនKrisEnergy ដែលមានភាគហ៊ុនចំនួន២៥ភាគរយស្រាប់នឹងកើនភាគហ៊ុនរហូតដល់៥៥ភាគរយដោយមិនទាន់បានគិតពីការបែងចែកភាគផលទៅដល់រដ្ឋាភិបាល។
លោករីឆាត ឡូរ៉ិន បន្ថែមថាក្រុមហ៊ុន KrisEnergy នឹងក្លាយជាក្រុមហ៊ុនប្រតិបត្តិកររុករកប្រេងនៅកម្ពុជាក្នុងប្លុកAនេះគឺលែងជាក្រុមហ៊ុន Chevron ទៀតហើយ។
ទោះជាយ៉ាងណាលោកបដិសេធពីការដកខ្លួនរបស់ក្រុមហ៊ុនChevronដោយសារបញ្ហាបែបណាមួយប៉ុន្តែលោកហាក់ដូចជាបានបង្ហើបពីភាពមិនចុះសម្រុងគ្នាមួយចំនួនក្នុងភាគហ៊ុន។ លោកលើកឡើងថាប្រទេសកម្ពុជានឹងបូមដំណក់ប្រេងទី១នៅប្លុកAនេះ«ហើយម្ចាស់ភាគហ៊ុនជាច្រើនត្រូវការពេញចិត្តចំពោះបែបបទដែលត្រូវស្នើសុំការអនុញ្ញតផលិតកម្មមុននឹងឈានដល់កិច្ចព្រមព្រៀងនិងឈានដល់កិច្ចចុះហត្ថលេខា»។
លោក Alexander Yelland អ្នកនាំពាក្យរបស់ក្រុមហ៊ុនChevron បានឆ្លើយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកថាក្រុមហ៊ុនChevron បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនឲ្យទៅក្រុមហ៊ុនKrisEnergy ដែលភាគហ៊ុននេះគិតទាំងលើផលប្រយោជន៍នៃការចូលរួមវិនិយោគនិងគិតទាំងផ្នែកដឹកនាំប្រតិបត្តិការផងដែរ។
លោក Alexander Yelland និយាយដោយប្រយោលថា«ក្រុមហ៊ុនChevronរីករាយដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យប្រេងនិងឧស្ម័នរបស់ប្រទេសកម្ពុជាហើយChevronមានមោទនភាពដោយបានរកឃើញប្រេងនៅក្នុងប្លុកAនេះ»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍តំណាងក្រុមហ៊ុនChevron និងក្រុមហ៊ុន KrisEnergy បានប្រគល់ឯកសារដល់ក្រសួងរ៉ែនិងថាមពលដើម្បីស្នើសុំការសម្រេចឯកភាពលើការផ្ទេរភាគហ៊ុនរបស់ខ្លួន។
លោកម៉េង សាក់ធារ៉ា រដ្ឋលេខាក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថារាជរដ្ឋាភិបាលត្រូវការពេលវេលាមួយចំនួនសម្រាប់ពិនិត្យសំណុំឯកសារទាំងនេះ។
«គាត់បានដាក់ឯកសារហើយ យើងកំពុងពិនិត្យមើលមិនទាន់បានសម្រេចទេ។យើងត្រូវពិនិត្យមើលក្នុងកិច្ចព្រមព្រៀងតើកាតព្វកិច្ចអ្វីខ្លះដែលគាត់ត្រូវបំពេញពាក់ព័ន្ធនឹងការផ្លាស់ប្តូរសមាសភាពភាគហ៊ុន។ លុះត្រាតែគាត់បានបំពេញបែបបទអ្វីទាំងអស់ហ្នឹងរួចហើយទើបរដ្ឋាភិបាលអាចទទួលស្គាល់ថាគាត់បានផ្ទេរសិទ្ធិ»។
លោករីឆាត ឡូរ៉ិន (Richard Lorentz) នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុនKrisEnergyបាននិយាយក្រោយពីមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាលើការផ្ទេរភាគហ៊ុននិងតួនាទីជាប្រតិបត្តិករក្នុងប្លុកA ក្រុមហ៊ុន KrisEnergy នឹងធ្វើគម្រោងអភិវឌ្ឍន៍រួមជាមួយដៃគូភាគហ៊ុនហើយនៅពេលដែលគម្រោងអភិវឌ្ឍន៍ឬក៏ការស្នើសុំផលិតប្រេងត្រូវបានទទួលស្គាល់នោះ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់ឧបករណ៍ចាំបាច់សម្រាប់ដំណើរការបូមប្រេង។
កាលពីថ្ងៃច័ន្ទក្រុមហ៊ុន KrisEnergy បានប្រកាសថាខ្លួននឹងបើកប្រតិបត្តិការដោយរំពឹងថានឹងអាចបូមប្រេងបាន១ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
រហូតមកទល់ពេលនេះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធបែបណាមួយសម្រាប់សម្រួលដល់ការបូមប្រេងនៅឡើយ។
មុនការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងក្រុមហ៊ុន Chevron មានចំណែកហ៊ុន៣០ភាគរយក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងក្នុងប្លុកA នៅដែនសមុទ្រកម្ពុជា។ ក្រុមហ៊ុន Moeco Cambodia Co.Ltd មកពីប្រទេសជប៉ុនកាន់កាប់ភាគហ៊ុន៣០ភាគរយដែរ ក្រុមហ៊ុនKrisEnergy របស់ប្រទេសសិង្ហបុរីមានភាគហ៊ុន២៥ភាគរយ និងក្រុមហ៊ុន GS Energy Corporationមានភាគហ៊ុនចំនួន១៥ភាគរយ៕
No comments:
Post a Comment