មួយថ្ងៃមុន ប្រកាសសាលក្រម ដើមបណ្តឹងប្រឆាំង មេដឹកនាំខ្មែរក្រហម ទាមទារសំណងបុគ្គល
ទេសចរមួយរូបមើលរូបថតអតីតមេដឹកនាំខ្មែរក្រហម នួន ជា ឬ «បងធំទី២» នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤។
ស៊ុយ ហ៊ាមខេមរា / វីអូអេ / ០៧សីហា ២០១៤
ភ្នំពេញ —តំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅតែទទូចចង់ឲ្យសាលាក្តីខ្មែរក្រហម ដាក់បញ្ចូល ការសំណង ជាលក្ខណៈបុគ្គលដល់ពួកគេ ខណៈពេលដែលសាលាដំបូង នៃសាលាក្តីខ្មែរក្រហមនឹងប្រកាស សាលក្រមនៃសំណុំរឿង០០២ ដំណាក់កាលទី១ នៅថ្ងៃស្អែកនេះ។ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតំណាងដើមបណ្តឹងរដ្ឋប្បវេណីទូទាំង២៤ខេត្តក្រុង ក្នុងប្រទេសកម្ពុជា នៅរសៀលថ្ងៃពុធនេះ។
ក្រោមការរៀបចំរបស់អង្គការអាដហុក (Adhoc) មានតំណាងដើមបណ្តឹងសរុប ៤៦បានចូលរួមពិភាក្សានិងសួរដេញដោលតំណាងមេធាវីរបស់ខ្លួន។
លោកឆេង គឹមហន តំណាងទី១នៃដើមបណ្តឹងរដ្ឋប្បវេណី មកពីខេត្តកំពង់ចាម ថ្លែងថា សំណងទាំង១៣ ដែលបានដាក់បញ្ចូលដោយតុលាការនោះ មិនបានឆ្លើយតបនឹងអ្វីដែលពួកលោកជាជនរងគ្រោះចង់បានឡើយ។
លោកបន្ថែមថា ការទាមទារសំណងជាលក្ខណៈបុគ្គល ឬឯកជននេះដើម្បីអាចឲ្យរូបលោក និងជនរងគ្រោះដទៃទៀតអាចទទួលបានប្រាក់កាសខ្លះសម្រាប់ធ្វើបុណ្យទានផ្សេងៗដល់សាច់ញាតិដែលត្រូវបានសម្លាប់ក្នុងសម័យខ្មែរក្រហម។
«គ្រប់បណ្តាខេត្តទាំងអស់ចង់បានសំណងឯកជនតិចតួចដើម្បីទុកធ្វើបុណ្យទាន ពីព្រោះគាត់បានចំណាយពេលវេលាជាមួយសាលាក្តីស្តីពីបណ្តឹងរដ្ឋប្បវេណីយូរហើយ»។
ជាគោលការណ៍ អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងសម្រេចផ្តល់សំណងជាសមូហភាពនិងសំណងជានិមិត្តរូប សម្រាប់សំណុំរឿង០០២វគ្គទី១។ តុលាការគ្រោងនឹងសម្រេចផ្តល់សំណងជាការផ្តល់សំណងផ្លូវចិត្ត និងសមោហភាព ការបង្កើតទិវាជាតិនៃការចងចាំ ការបង្កើតស្តូបដើម្បីរំឭក និងគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលស្លាប់ក្នុងសម័យខ្មែរក្រហមជាដើម។
លោកហេង ប៊ុនណែត តំណាងដើមបណ្តឹងរដ្ឋប្បវេណីមកពីខេត្តកណ្តាល បាននិយាយថា សំណងទាំង១៣នេះមិនបានឆ្លើយតបនឹងឆន្ទៈរបស់ដើមបណ្តឹងនោះទេ។
«សំណងផ្លូវចិត្តរបស់យើងខ្ញុំគឺជាសំណងបែបបុគ្គល។ ដូច្នេះខ្ញុំស្នើឲ្យមេធាវីនាំមុខដាក់ស្នើអ្វីដែលយើងជាដើមបណ្តឹងចង់បាន។ សូមមេត្តាដាក់បញ្ជៀបសំណងជាបុគ្គលហ្នឹងដល់តុលាការផង»។
ដោយឡែកលោកប៉ែន សឿន តំណាងដើមបណ្តឹងរដ្ឋប្បវេណីមកពីខេត្តស្វាយរៀង ចង់ឲ្យតុលាការពន្យល់ពីមូលហេតុដែលតុលាការសម្រេចមិនដាក់បញ្ចូលការផ្តល់សំណងជាឯកជនដល់ជងរងគ្រោះ។
«បើតុលាការនៅតែបន្តបដិសេធហ្នឹងខ្ញុំ សុំជួបផ្ទាល់ជាមួយចៅក្រមណាក៏ដោយឲ្យតែមានវេទិកា ពួកខ្ញុំជួបសួរគាត់ផ្ទាល់ម្តងមើល។ តើគាត់ប្រើវិធានមកធ្វើហ្នឹងវារំលោភលើច្បាប់ ឬធម្មនុញ្ញភាពរបស់កម្ពុជាដែរឬទេ?»
លោកមេធាវី ពេជ អង្គ សហមេធាវីជាតិនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី ថ្លែងថា តាមវិធានផ្ទៃក្នុងដែលតុលាការបានចេញ មានតែសំណងជាសមោហភាពនិងផ្លូវចិត្តប៉ុណ្ណោះ ហើយមិនមានជាការសងសំណងជាប្រាក់ដល់បុគ្គលណាមួយទេ។
«ខ្ញុំក៏បានធ្លាប់លើកឡើងជាច្រើនលើកទៅកាន់តុលាការហើយថា មានដើមបណ្តឹងរដ្ឋប្បវេណីជាច្រើនចង់ទាមទារឲ្យតុលាការផ្តល់សំណងជាលក្ខណៈឯកជន។ យើងបានលើកដាក់ជូនទៅតុលាការ»។
ដូចគ្នានេះដែរ លោកនេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបញ្ជាក់ថា ក្នុងវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមសំណងមិនមានចែងពីការផ្តល់សំណងជាលក្ខណៈបុគ្គលនោះទេ។
«សំណងដែលផ្តល់ទៅឲ្យជនរងគ្រោះនៅក្នុងនិតិវិធីនេះគឺផ្លូវចិត្ត និងសមោហភាព គឺយើងមិនមានសំណងជាលក្ខណៈបុគ្គលនោះទេ។ នេះជាការសម្រេចដោយច្បាប់ ហើយតុលាការមិនមានការសម្រេចណាផ្សេងក្រៅពីអនុវត្តតាមច្បាប់នោះទេ»។
ជនជាប់ចោទក្នុងសំណុំរឿង០០២ រួមមាននួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភា និងលោកខៀវ សំផង អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ជនជាប់ចោទវ័យជរាទាំងពីររូបខាងលើនេះត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម
៕
No comments:
Post a Comment