សាលក្រមសាលាក្តីខ្មែរក្រហម នឹងនាំឲ្យមានសំណួរ ជាច្រើនអំពីយុត្តិធម៌
សវនាការមួយក្នុងសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤។
សុខ ខេមរាវីអូអេ០៧ សីហា ២០១៤
វ៉ាស៊ីនតោន —ក្រុមអ្នកជំនាញ និងអ្នកឃ្លាំមើលសាលាក្តី កាត់ទោសខ្មែរក្រហម ក្នុងសហរដ្ឋអាមេរិកបានអះអាងថា សាលក្រមតុលាការខ្មែរក្រហម នឹងធ្វើឲ្យមានយុត្តិធម៌ខ្លះមែន តែជនរងគ្រោះនិងពលរដ្ឋជាច្រើននឹងចោទសួរថា ហេតុអ្វីបានជាការកាត់ទោសនេះអូសបន្លាយពេលយូរ ហេតុអ្វីបានជាមានមេដឹកនាំខ្មែរក្រហមតែពីរនាក់ត្រូវទទួលទោសនេះ ហើយទោសទណ្ឌនេះហេតុអ្វីបានជាមិនសមល្មមនឹងអំពើឃោរឃៅដែលក្រុមខ្មែរក្រហមបានកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃក្នុងទសវត្សរ៍១៩៧០។សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍នេះប្រឆាំងនឹងជនជាប់ចោទពីរនាក់ដែលជាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតដែលកំពុងនៅរស់រានមានជីវិត។ ជនជាប់ចោទទាំងពីរគឺ នួន ជា «បងធំទី២» បន្ទាប់ពីប៉ុលពត«បងធំទី១» មេស្ថាបនិករបស់ខ្មែរក្រហម ហើយនឹង ខៀវ សំផន ប្រមុខរដ្ឋ។ ជនទាំងពីរជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលមានការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាន ហើយនឹងបទឧក្រិដ្ឋកម្មមួយចំនួនទៀត ដែលកើតឡើងកាលពីជាង៣ទសវត្សរ៍មុននោះ។លោក ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) អ្នកនិពន្ធសៀវភៅខ្មែរក្រហមនិងជា សាស្ត្រាចារ្យអាមេរិកាំងម្នាក់បានអះអាងថា ពលរដ្ឋច្បាស់ជាមិនអស់ចិត្តនឹងការ អូសបន្លាយពេលជាង៣០ឆ្នាំដើម្បីកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហម ហើយការ ដាក់ទោសទណ្ឌត្រឹមកម្រិតច្បាប់កំណត់ឬមានន័យថា ការដាក់ទោសមួយជីវិត ដល់ជនជាប់ចោទតែពីរនាក់នោះ នឹងធ្វើឲ្យមានការមិនសប្បាយចិត្តពីពលរដ្ឋ និងជនរងគ្រោះ។លោកថ្លែង៖ «លោកអ្នកដឹងទេ មិនថាឡើយមនុស្សប៉ុន្មាននាក់ដែលត្រូវផ្តន្ទាទោសនោះ រឿងនេះវានឹងមិនអាចធ្វើឲ្យពលរដ្ឋកម្ពុជាពីរលាននាក់ដែលត្រូវគេសម្លាប់នោះ រស់ឡើងវិញទេ»។លោកថ្លែងថាទោះជាច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាកម្រិតទោសធ្ងន់ជាងគេបំផុតត្រឹម ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ តែលោកនៅតែចង់ឃើញទោសប្រហារជីវិតក្នុងសំណុំរឿងខ្មែរក្រហមនេះ ដូចពលរដ្ឋដទៃដែលចង់បានទោសធ្ងន់ធ្ងរសម្រាប់ក្រុមខ្មែរក្រហមដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មកាប់សម្លាប់ពលរដ្ឋកម្ពុជាដែរ។ដោយឡែកលោកស្រី ខែលី អាស្គីន (Kelly Askin ) មន្ត្រីកិច្ចការច្បាប់ជាន់ខ្ពស់នៃអង្គការច្បាប់របស់សរអាមួយមានមូលដ្ឋាននៅក្រុងញូវយ៉កហៅថា Open Society Justice Initiative ឬ OSJI បានថ្លែងថា មានមនុស្សជាច្រើនចង់ឃើញអ្នកទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋជាង១លាន៧សែននាក់ និងធ្វើឲ្យពលរដ្ឋឈឺចាប់រាប់លាននាក់នោះ គឺទទួលខុសត្រូវចំពោះបទល្មើសដែលពួកគេបានប្រព្រឹត្ត។លោកស្រីពន្យល់ថា៖ «វាមានរយៈពេលជិត៤០ឆ្នាំហើយ តាំងពីកើតមានអំពើឧក្រិដ្ឋកម្មនានាដែលត្រូវគេប្រព្រឹត្តនោះ។ តែយុត្តិធម៌ដែលកើតមានយឺត វាប្រសើរជាងគ្មានយុត្តិធម៌សោះសម្រាប់អ្នកនៅរស់រានមានជីវិត។ ការកាត់ទោសទាំងនេះបើកចំហឲ្យមានការ ពិភាក្សាគ្នាក្នុងប្រទេសកម្ពុជាអំពីឧក្រិដ្ឋកម្មខ្មែរក្រហម។ វាបានបើកទូលាយឲ្យមានសេរីភាពនិយាយអំពីយុត្តិធម៌និងការទទួលខុសត្រូវ។ ហើយជាក្តីសង្ឃឹម នោះ យ៉ាងហោចណាស់មានជនប្រព្រឹត្តល្មើសមួយចំនួននឹងស្លាប់ក្នុងគុគ ជាមួយនឹងការប្រឡាក់ប្រឡូសកេរ្តិ៍ឈ្មោះជាបទាក់ទងនឹងបទឧក្រិដ្ឋ ជំនួសឲ្យការស្លាប់លើគ្រែរបស់ពួកគេដោយស្រួលនោះ»។លោក ចន ស៊ីយ៉ូសៀយ៉ារី (John D. Ciorciari) សាស្ត្រាចារ្យអាមេរិកាំងម្នាក់និងជាសហអ្នកនិពន្ធសៀវភៅខ្មែរក្រហម Hybrid Court បានអះអាងថា លោកសង្ឃឹមថា មានភស្តុតាងច្បាស់លាស់និងសាក្សីដាក់បន្ទុកគ្រប់គ្រាន់ដើម្បីធ្វើឲ្យតុលាការអាចចេញសាលក្រមដាក់ទោសដល់ជនជាប់ចោទ។លោក Joh Ciorciari និយាយថា៖ «ហើយរឿងនេះ ប្រសិនបើការកាត់ទោសមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ នោះនឹងមានការដាក់ទោសទណ្ឌ។ ហើយប្រសិនបើការដាក់ទោសទណ្ឌបរាជ័យ តុលាការខ្មែរក្រហមត្រូវទទួលខុសត្រូវអំពីរឿងនេះ»។មន្ត្រីជាន់ខ្ពស់របស់អសប លោក Stephen Mathias ជាឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់គ្រោងនឹងចូលរួមស្តាប់ការអាន សាលក្រមដាក់ទោសជនជាប់ចោទនៅថ្ងៃនេះដែរ។លោក Stephen Mathias កាលពីថ្ងៃអង្គារបានជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមអ្នកចរចាបញ្ហាសាលាក្តីខ្មែរក្រហមជាមួយអសប។នៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញ ភាគីទាំងពីរបានចាត់ទុកថា សាលក្រមថ្ងៃទី៧ខែសីហាឆ្នាំ២០១៤នេះ ជាទិវាប្រវត្តិសាស្ត្រនៃអង្គជំនុំជ្រមះនិង ជាជោគជ័យរួមគ្នាទាំងអសបនិងកម្ពុជា។សាលាក្តីកាត់ទោសខ្មែរក្រហមបានចំណាយថវិកាជាង២០០លានដុល្លារសរអា ចាប់តាំងពីបានចាប់ផ្តើមកាត់ទោសតាំងពីឆ្នាំ២០០៦។ សាលក្រមនៅថ្ងៃ ព្រហស្បតិ៍នេះជាសាលក្រមទី២ បន្ទាប់ពីបានកាត់ទោសដំបូងគឺសំណុំរឿង០០១កាត់ទោស កាំង ហ្គេចអ៊ាវ ហៅឌុច ប្រធានគុគទួលស្លែងខ្មែរក្រហម ជាករណីដំបូងឲ្យជាប់គុកអស់មួយជីវិតពីបទកាប់សម្លាប់អ្នកទោសជាង១២.០០០នាក់ក្នុងទសវត្សរ៍១៩៧០។ សាលាក្តីនេះនៅមានសំណុំរឿងមួយចំនួនទៀតដែលត្រូវ បំពេញនិងការគិតគូរអំពីគំរូតុលាការនេះជាមរតកនៃតុលាការក្នុងស្រុកផងដែរ៕

No comments:
Post a Comment