Paris Peace Accords 23 Oct. 1991

Thursday, August 21, 2014

អាមេរិក​ ប្រកាស​ ផ្តល់​ជំនួយ​ ដល់​ប្រទេស​ អាស៊ី​ សម្រាប់​​ គ្រោះ​មហន្តរាយ | US announced assistance to Asia for natural disasters

អាមេរិក​ ប្រកាស​ ផ្តល់​ជំនួយ​ ដល់​ប្រទេស​ អាស៊ី​ សម្រាប់​​ គ្រោះ​មហន្តរាយ

បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១១។  របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តាយ​ បាន​បញ្ជាក់​ថា​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់ ​ផ្ទះ​ជាង​១៣​ម៉ឺន​ខ្នង
បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១១។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តាយ​ បាន​បញ្ជាក់​ថា​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥០​នាក់ ​ផ្ទះ​ជាង​១៣​ម៉ឺន​ខ្នង

គង់ សុឋានរិទ្ធ / វីអូអេ | ២១ សីហា ២០១៤
ភ្នំពេញ—សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ ផ្តល់​ជំនួយ​ ចំនួន​១០០​ លាន​ដុល្លារ​ អាមេរិក​ នៅ​ថ្ងៃពុធ​នេះ​ ដល់​បណ្តា​ ប្រទេស​អាស៊ី​ និង​ អាហ្វ្រិក​ ដើម្បី​ទប់​ទល់​ នឹង​គ្រោះ​ធម្មជាតិ​ សម្រាប់​ទប់ទល់ អសន្តិសុខ​ស្បៀង ​ការ​ប្រែប្រួល ​អាកាសធាតុ​ និង​កត្តា​ផ្សេង​ទៀត​នៃ​ភាព​ក្រីក្រ។​


ជំនួយ​ទាំង​នេះនឹង​ត្រូវ​ប្រគល់​ជូន​រដ្ឋាភិបាល​ ឬ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​បាន​ដាក់​សំណើ​ច្បាស់​លាស់​ទៅ​ដល់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ហើយ​ការ​ផ្តល់​មូលនិធិ​នេះ​នឹងប្រព្រឹត្ត​ទៅ​នៅក្នុង​អំឡុង​ដើម​ឆ្នាំ​២០១៥។​
លោក​ម៉ាយឃើល យ៉ាតស៍ (Michael Yates)​ នាយក​បេសក​កម្ម​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ប្រចាំ​តំបន់​អាស៊ី​មាន​ប្រសាសន៍ក្នុង​សន្និសីទ​កាសែត​តាម​អ៊ីនធើណែតនៅ​រសៀល​ថ្ងៃ​នេះ​ពី​ទីក្រុង​បាងកក​ថា​ ​មូល​និធិ​នេះ​មាន​ចំនួន​តិច​តួច​ ប៉ុន្តែ​អាច​ជា​ជំនួយ​នៅ​ក្នុង​ការ​ដោះស្រាយ​គ្រោះ​ធម្មជាតិ​បាន។​
«យើង​ដឹង​ហើយ​ថា​ ទឹក​ប្រាក់​១០០​លាន​ដុល្លារ​ជាចំនួន​តិចតួច​សម្រាប់​តំបន់​អាស៊ី​ទាំង​មូល។​ ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា ​ធនធាន​ទាំង​នេះ​អាច​ដើរ​តួជា​កាតាលិករ​យ៉ាង​សំខាន់។ ​ពិតហើយ​យើង​មិន​អាច​បញ្ចៀស​ខ្យល់ព្យុះ​សង្ឃរាឬ​គ្រោះ​រញ្ជួយដី​បាន​ទេ​ ប៉ុន្តែ​យើង​អាច​ធ្វើ​កិច្ចការ​ប្រសើរ​ជាង​មុន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​ប្រជា​ពលរដ្ឋ»
លោក​ម៉ាយឃើល យ៉ាតស៍​បាន​លើក​ឧទាហរណ៍នៃ​ការ​ឡើង​ខ្ពស់​នៃ​កម្រិត​កម្ពស់​ទឹក​សមុទ្រ​នៅ​ប្រទេស​បង់ក្លាដេស ​ដែល​ជា​ការ​គំរាម​កំហែង​នៃ​គ្រោះ​ធម្មជាតិ​មួយ និង​គ្រោះ​រញ្ជួយដី​នៅ​ប្រទេស​ណេប៉ាល់។​
«គិត​ត្រឹម​ឆ្នាំ​២០២៥​គឺ​រយៈ​ពេល​១០​ឆ្នាំ​ទៀត ​គេ​រំពឹង​ថា​ ប្រជា​ពលរដ្ឋ​នៅ​តំបន់​អាស៊ី​ជាង​៤០០​លាន​នាក់​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់។ ​ហើយ​កត្តា​នេះ​នឹង​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​កាន់​តែច្រើន​ ដោយ​មាន​ការបាត់​បង់​អចលន​ទ្រព្យ​ និង​ទី​ជម្រក​ដោយ​ការ​កើន​ឡើង​នៃ​គ្រោះ​ធម្មជាតិ»
យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ប្រាក់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ចំនួន​បី​ដុល្លារ​មាន​មួយ​ដុល្លារត្រូវ​បាត់​បង់​ទៅ​លើ​ការ​ចំណាយ​សម្រាប់​វិបត្តិ​ធម្មជាតិ​ជា​បន្ត​បន្ទាប់។​ ហើយ​ក្នុងរយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទឹក​ប្រាក់ដែល​បាត់​បង់​ដោយសារ​គ្រោះ​ធម្មជាតិ​បាន​កើន​ដល់​៣,៨​ លានលាន​ដុល្លារ​ (3,8 trillions)។​
នាយក​បេសក​កម្ម​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​(USAID)​ប្រចាំ​តំបន់​អាស៊ី​នេះកត់​សម្គាល់​ថា ​ចំនួន​គ្រោះ​មហន្តរាយ​ដែលពាក់​ព័ន្ធ​នឹងបម្រែបម្រួល​អាកាស​ធាតុបាន​កើន​ឡើង​ត្រីគុណ​ក្នុង​រយៈ​ពេល​បី​ទស​វត្សចុង​ក្រោយ​នេះ​ដែរ។​ ហើយ​ការចំណាយ​សម្រាប់​ដោះ​ស្រាយ​គ្រោះ​មហន្តរាយ​នេះ​បាន​កើន​ដល់​២​ពាន់​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ។​
ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា ​លោក​ម៉ាយឃើល ​យ៉ាតស៍​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​ សង្គម​ស៊ីវិល​ ឬ​ស្ថាប័ន​ព័ត៌មាន​ផងដែរ​ អាច​ធ្វើ​សំណើ​សុំ​មូល​និធិ​ដោយ​កំណត់​យុទ្ធសាស្ដ្រ​អំពី​ការ​ដោះ​ស្រាយ​គ្រោះ​ធម្មជាតិ។​
លោកស្រី​អ៊ែល សុធារី ​ប្រធាន​កម្មវិធី​នៃគណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ដែល​ជា​ភ្នាក់​របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល​នានា​ បាន​សម្តែង​ស្វាគមន៍​ការ​ប្រកាស​ផ្តល់​ជំនួយរបស់​សហ​រដ្ឋ​អាមេរិក​នេះ។​
«វាជា​ការ​ល្អ​ ប្រសិនបើ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិកនឹង​ផ្តល់​ជំនួយ​ដើម្បី​ដោះ ស្រាយនូវ​ការ​លំបាក​របស់​ប្រជាជន ​ជា​ពិសេស​នៅ​ក្នុ​ងកាលៈទេសៈ​មួយ​ដែលយើង​កំពុង​ជួប​នូវ​បញ្ហា​ទឹក​ជំនន់​ស្ទើរ​តែ​គ្រប់​ខេត្ត។ ​ដូច្នេះ​គ្រប់​ជំនួយ​មនុស្ស​ធម៌​ទាំងអស់​គឺ​យើង​សាទរ​ជានិច្ច​ដើម្បី​ជួយពង្រឹង​នូវ​គុណភាព​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង»
វីអូអេ​បាន​ព្យាយាមទាក់ទង​សុំ​ការ​បំភ្លឺពីលោក​ញឹម វណ្ណដា ​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕​

No comments:

Post a Comment