សភា នឹងបោះឆ្នោត តែងតាំង ថ្នាក់ដឹកនាំ គណបក្ស ប្រឆាំង ក្នុងសភា នៅថ្ងៃអង្គារ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះឈ្មោះនៅមុនសម័យប្រជុំរដ្ឋសភានៅរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចូលរួមប្រជុំរដ្ឋសភាជាលើកដំបូងក្រោយពីបានធ្វើពហិការរយៈពេល១០ខែ។
ភ្នំពេញ—យោងតាម កិច្ចព្រមព្រៀង រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ, លោក កឹម សុខា នឹងត្រូវ ឈរឈ្មោះ ជាបេក្ខជន អនុប្រធាន ទី១ នៃរដ្ឋសភា តែត្រូវ មានសំឡេង គាំទ្រ ពីសមាជិកសភា ជាប់ឆ្នោត ទាំងពីរ។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតតែតាំងអនុប្រធានទីមួយ និងទីពីរនៃរដ្ឋសភាត្រូវធ្វើបន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភាជាមុនសិន ហើយរាល់ការបោះឆ្នោតត្រូវធ្វើឡើងដោយសម្ងាត់ដោយសំឡេងភាគច្រើនដាច់ខាត៥០%+១។
លោកបាននិយាយថា៖ «បាទ រើសសមាជិកគណៈកម្មការទាំង១០នោះហើយបានសមាជិកគណៈកម្មការទាំង១០ទៅរៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងលេខារបស់គណៈកម្មការនីមួយៗ។»
យោងតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីចុងខែកក្កដា គណបក្សទាំងពីរបានព្រមព្រៀងគ្នារុះរើក្បាលម៉ាស៊ីនរដ្ឋសភាឡើងវិញ ដែលបច្ចុប្បន្នបានកាន់កាប់ទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជាចាប់តាំងតំណែងប្រធានរដ្ឋសភា អនុប្រធានទាំង២ និងប្រធានអនុប្រធានគណៈកម្មការជំនាញទាំងអស់របស់រដ្ឋសភា។
លោកយ៉ែម បុញ្ញឫទ្ធិមានប្រសាសន៍ថា បេក្ខជនតែត្រូវឈរឈ្មោះជាប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំង១០របស់គណបក្សសង្គ្រោះជាតិរួមមាន៖ លោកអេង ឆៃអ៊ាងនឹងឈរឈ្មោះជាបេក្ខជនប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោកសុន ឆ័យ ជាបេក្ខជនប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប៉ុល ហំម ជាបេក្ខជនប្រធានគណៈកម្មការវិនិយោគ កសិកម្មអភិវឌ្ឈន៍ជនបទ បរិស្ថាន និងធនធានទឹក លោកឡុង រីជាបេក្ខជនអនុប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ លោកស្រី ជូឡុង សូមូរ៉ាជាបេក្ខនារីអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័តមាន លោក អ៊ូ ច័ន្ទឫទ្ធិ ជាបេក្ខជនអនុប្រធានគណៈកម្មការនិតិកម្មនិងយុត្តិធម៌។ លោក យ៉ែម បុញ្ញឫទ្ធិ ជាបេក្ខជនប្រធានគណៈកម្មការអប់រំយុវជន និងកីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ លោកស្រី មូរ សុខហួរជាបេក្ខនារីប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច និងកិច្ចការនារី។ លោកម៉ៅ មុនីវណ្ណ ជាបេក្ខជនអនុប្រធានគណៈកម្មការសាធារណការ និងដឹកជញ្ជូន និងចុងក្រោយគេគឺលោកយឹម សុវណ្ណជាបេក្ខជនប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។
ចំណែកលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនបានឈរឈ្មោះក្នុងបញ្ជីជាបេក្ខជនក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋសភាទេ។ មន្ត្រីគណបក្សបានបញ្ជាក់ថា លោកសម រង្ស៊ីគ្រាន់តែជាសមាជិកសភាតំណាងរាស្ត្រធម្មតាតែប៉ុណ្ណោះ។
លោក ឈាង វ៉ុន សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថា កំពុងជាប់ប្រជុំ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ការចូលកាន់កាប់តួនាទីថ្មីក្នុងក្បាលម៉ាស៊ីនរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិអាចជួយជំរុញក្នុងការជួយដោះស្រាយបញ្ហានានា ព្រមទាំងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕
No comments:
Post a Comment