វេទិកា៖ ការអភិវឌ្ឍ របស់រដ្ឋាភិបាល មិនបាន គិតគូរ ពីផលប៉ះពាល់ ទៅលើសង្គម និង បរិស្ថាន
ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានព្រះបន្ទូលជាភាសាអង់គ្លេសទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចពិភាក្សាមួយអំពី«ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា»ដែលប្រព្រឹត្តធ្វើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃសៅរ៍ទី២៣ ខែសីហា ឆ្នាំ២០១៤។ កិច្ចពិភាក្សានេះត្រូវត្រូវរៀបចំឡើងក្រោមការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងស្ថាប័នមូលនិធីអាស៊ី (Asia Foundation) ជាដើម។ (នូវ ពៅលក្ខិណា VOA
ភ្នំពេញ—ការអភិវឌ្ឍ សេដ្ឋកិច្ច នៅប្រទេស កម្ពុជា ជាការអភិវឌ្ឍមួយប្រកបដោយ ភាពផុយស្រួយ និងគ្មាននិរន្តរភាព ដែលនាំមក នូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់ សង្គម និងបរិស្ថាន។ អ្នកជំនាញ នានា បានលើកឡើង ដូច្នេះក្នុងវេទិកា ស្តីពីការអភិវឌ្ឍ ប្រកបដោយ ចិរភាព កាលពី សប្ដាហ៍មុន។
តំណាងរដ្ឋាភិបាលសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលបានមកពិភាក្សាគ្នាក្នុងវេទិកានោះកាលពីថ្ងៃសៅរ៍បានសម្តែងកង្វល់អំពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ។ កិច្ចពិភាក្សានេះរៀបចំឡើងក្រោមការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងស្ថាប័នមូលនិធីអាស៊ី (Asia Foundation) ជាដើម។
ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអតីតសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានព្រះបន្ទូលជាភាសាអង់គ្លេសទៅកាន់អ្នកចូលរួមថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជានាំមកជាមួយផលប៉ះពាល់យ៉ាងច្រើនដល់សង្គម និងបរិស្ថាន។
«កម្ពុជាបានរីករាយនឹងកំណើនសេដ្ឋកិច្ចប្រមាណ៨ភាគរយក្នុងមួយឆ្នាំជាងមួយទសវត្សហើយ។ យើងត្រូវតែមានមោទនភាព និងអបអរសាទររដ្ឋាភិបាលកម្ពុជាដែលសម្រេចបានកំណើនបែបនេះ។ ប៉ុន្តែកំណើនខ្ពស់នេះក៏នាំមកជាមួយផលប៉ះពាល់ខ្ពស់ដែរ ដូចជាការសឹករិចរិលបរិស្ថាន និងការកើនឡើងនូវគម្លាតនៃការអភិវឌ្ឍ។ អត្រាភាពក្រីក្រនៅតែខ្ពស់ ជាពិសេសនៅតំបន់ជនបទ។ គម្លាតរវាងអ្នកទីក្រុង និងអ្នកជនបទនៅតែធ្ងន់ធ្ងរ នាំឱ្យមានភាពតានតឹងសង្គម និងនយោបាយនិងអស្ថិរភាព។ ជនរងគ្រោះពីការរំលោភដីធ្លី សិទ្ធិមនុស្ស អយុត្តិធម៌ និងអំពើពុករលួយកំពុងតែស្វែងរកការជួយសង្គ្រោះ។ តើអ្នកណាអាចជួយពួកគេបាន? តើអ្នកណាគួរទទួលខុសត្រូវចំពោះបញ្ហាទាំងនេះ?»
ព្រះអង្គម្ចាស់នរោត្តមសិរីវុឌ្ឍមានបន្ទូលបន្ថែមថា កម្ពុជាចាំបាច់គិតគូរពីការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ឈានទៅរកការអភិវឌ្ឍមួយដែលមាននិរន្តរភាពនិងសមធម៌ និងដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋទាំងអស់អាចទទួលផលពីការអភិវឌ្ឍនេះ។
លោកតេក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការ NGO Forum ដែលជាវាគ្មិនម្នាក់ក្នុងវេទិកានេះ យល់ស្របនឹងការលើកឡើងនេះ។
«កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាមកជាមួយគ្នាទាំងគុណសម្បត្តិ ទាំងគុណវិបត្តិ។ យើងឃើញថា មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណាញ់សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋមួយភាគ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ឃើញមានបញ្ហាប្រឈមដែលកើតឡើងជារៀងរាល់ថ្ងៃដែរ ដូចជាបញ្ហាទាក់ទងហ្នឹងជម្លោះដីធ្លី បញ្ហាទាក់ទងហ្នឹងការបាត់បង់ព្រៃឈើ បញ្ហាទាក់ទងនឹងការបណ្ដេញចេញពីគម្រោងអភិវឌ្ឍន៍មួយចំនួន។ ប្រជាសហគមន៍គាត់នៅតែតវ៉ាពីបញ្ហាហ្នឹង។»
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសំដៅលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម វប្បធម៌ និងបរិស្ថាន ហើយធានាបានថា មនុស្សជំនាន់ក្រោយអាចទទួលបានធនធានទាំងនោះដដែល។
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងជាវាគ្មិនម្នាក់ដែរនោះថ្លែងថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាគឺជាកំណើនមួយប្រកបដោយភាពផុយស្រួយ ដែលក្នុងនោះជនមួយក្ដាប់តូចប៉ុណ្ណោះដែលទទួលផលច្រើនលើសលុបពីកំណើននេះ។
«ការអភិវឌ្ឍនៅស្រុកខ្មែរទទួលផលច្រើនចេញពីការអភិវឌ្ឍហ្នឹង ប៉ុន្តែការបែងចែកផលដែលចេញពីការអភិវឌ្ឍហ្នឹង គ្មានសមភាព គ្មានសមធម៌។ ការគ្រប់គ្រងផលដែលចេញពីការអភិវឌ្ឍហ្នឹងអត់បានល្អ ហើយមួយទៀតការអភិវឌ្ឍនៅស្រុកខ្មែរគេឱ្យឈ្មោះថា «ការអភិវឌ្ឍសូន្យ» ដោយសារតែយើងបានមួយ យើងបាត់មួយ។ យើងបានផ្លូវ ប៉ុន្តែយើងបាត់បង់ធនធានធម្មជាតិ។»
លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនបានវាយតម្លៃទៅលើការលើកឡើងរបស់ក្រុមវាគ្មិននេះទេ។ ប៉ុន្តែអះអាងថារដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការប៉ះពាល់នេះជាអតិបរមា។
«បើ យើង មិនអភិវឌ្ឍ ក៏មាន ការរិះគន់, ហើយ បើ មានការអភិវឌ្ឍ ក៏មាន ការលើកឡើង ពីចំណុចវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែ ខ្ញុំ មិនដឹងថា គាត់ ផ្អែកទៅលើអ្វី ដែលថា ការអភិវឌ្ឍ នៅកម្ពុជានេះ វា ផ្តល់ភាពអវិជ្ជមាន ច្រើនជាង វិជ្ជមាន។ ខ្ញុំ ក៏អត់ច្បាស់ដែរថា គាត់ត្រូវឬក៏ខុស។ ការអភិវឌ្ឍដែលប៉ះពាល់ដល់សង្គមឬក៏បរិស្ថាន យើងមានរបៀបរបបធ្វើការរបស់យើងហើយ។»
ក្រុមវាគ្មិនបានផ្តល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាគប្បីផ្លាស់ប្ដូរផ្នត់គំនិតនៃការដឹកនាំរបស់ខ្លួន ដោយពង្រឹងស្ថាប័នរដ្ឋឱ្យមានប្រសិទ្ធភាព ឱ្យតម្លៃខ្ពស់ទៅលើវិស័យអប់រំ អភិបាលកិច្ចល្អ និងបើកឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយដើម្បីការធ្វើកំណែទម្រង់ទាំងនេះបានជោគជ័យគឺទាមទារឱ្យមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំប្រទេស៕
No comments:
Post a Comment