លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា សំណៅចម្លើយរបស់បេក្ខជនប្រលងបាក់ឌុបសរុបជាង ៩ ម៉ឺននាក់ ត្រូវបានបញ្ជូនមកពីតាមខេត្តនានាទូទាំងប្រទេស មកតម្កល់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦សីហា គឺបន្ទាប់ពីថ្ងៃប្រលងមួយថ្ងៃ។ សំណៅចម្លើយទាំងនោះ ត្រូវបានកាត់ក្បាលឈ្មោះបេក្ខជន ចេញពីក្រដាស់សំណៅចម្លើយ កាលពីថ្ងៃទី៨ និងថ្ងៃទី៩សីហា មុននឹងដំណើរការកំណែនៅថ្ងៃអាទិត្យនេះ។ ក្រសួងអប់រំកំណត់ថា កំណែលើសំណៅចម្លើយនេះ មានរយៈពេលពី ៨ ទៅ ១០ ថ្ងៃ។ ចំណែកលទ្ធផល នឹងត្រូវប្រកាសនៅថ្ងៃទី២៩សីហា សម្រាប់នៅភ្នំពេញ។ រីឯតាមបណ្តាខេត្តទូទាំងប្រទេស នឹងត្រូវប្រកាសលទ្ធផល នៅថ្ងៃទី៣០សីហា។
លោក រស់ សាលីន បន្ថែមថា ដំណើរការកំណែលើសំណៅចម្លើយរបស់បេក្ខជនប្រលងបាក់ឌុប ត្រូវបានបែងចែក ជា ៩ មណ្ឌល ហើយក្នុងមួយមណ្ឌល មានតែមួយមុខវិជ្ជាប៉ុណ្ណោះ ដូចជា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ មុខវិជ្ជាអក្សរសាស្ត្រ ហើយនៅវិទ្យាល័យបាក់ទូក លើវិញ្ញាសាគណិតវិទ្យា។
អ្នកនាំពាក្យបានបញ្ជាក់ថា ដំណើរការកំណែប្រលងនេះ ធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីមន្ត្រីក្រសួងអប់រំ និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។ ដំណើរការនេះ មិនអាចប្រព្រឹត្តអំពើពុករលួយបានទេ ព្រោះយន្តការ ត្រូវបានរៀបចំដាច់ដោយឡែកពីគ្នា រវាងគ្រូអនុរ័ក្ស ឬមេប្រយោគ ហើយអ្នកកាត់ក្បាលក្រដាស់ចម្លើយផ្សេង អ្នកកែផ្សឹង រីឯអ្នកស្រង់បូកពិន្ទុ ក៏មានមួយក្រុមផ្សេងទៀត។ ក្នុងនោះ តាមបន្ទប់កំណែនិមួយៗ ក៏មានបំពាក់កាំម៉ារ៉ាសុវត្ថិភាពថែមទៀត។
លោករ៉ុងឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសាទរចំពោះចំណាត់ការរឹតបន្តឹងរបស់ក្រសួងអប់រំ ទាំងវិន័យពេលប្រលង កាលពីថ្ងៃទី៤ និងថ្ងៃទី៥សីហា រួមទាំងយន្តការកំណែពេលនេះ។ លោករ៉ុងឈុន អះអាងថា នៅថ្ងៃចាប់ផ្តើមកំណែវិញ្ញាសាប្រលងបាក់ឌុប នៅថ្ងៃអាទិត្យនេះ មិនមានភាពមិនប្រក្រតី ឬកើតមានស៊ិសស៊ុស អំពើពុករលួយទេ។ ប៉ុន្តែគណៈកម្មការកំណែប្រលង បានរាយការណ៍ថា សិស្សធ្វើបានតិចតួច ក្នុងនោះ មុខវិជ្ជាគណិតវិទ្យា សិស្សធ្វើបានតែ ១០ ទៅ ១៥ %។ ដូច្នេះអាចនឹងធ្វើឲ្យឆ្នាំនេះ សិស្សប្រលងបាក់ឌុប ជាប់តិចតួច៕
No comments:
Post a Comment