នៅក្នុងរបាយការណ៍ ជាភាសាអង់គ្លេស ដែលមានកម្រាស់ ២០ ទំព័រនោះ, លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី បានរៀបរាប់ ពីការបាតុកម្មនានា នាពេលកន្លងមក ដែលដឹកនាំ ដោយគណបក្ស សង្គ្រោះជាតិ ប្រឆាំង នឹងលទ្ធផល បោះឆ្នោត កាលពីឆ្នាំ ២០១៣ ការបង្ក្រាប ដោយហិង្សា លើបាតុកម្មករ និងការបោសសម្អាត អ្នកតវ៉ា របស់ បក្សប្រឆាំង នៅលើទីលាន ប្រជាធិបតេយ្យ កាលពីដើមខែ មករា កន្លងទៅ។ ការមិនអនុញាត ឲ្យមាន ការប្រមូលផ្តុំ ហែរក្បួន ឫជួបជុំ នៅទីសា ធារណៈ ដោយរដ្ឋាភិបាល នាពេលកន្លងមក ក៏ត្រូវ បានសរសេរ នៅក្នុងរបាយការណ៍នោះ ផងដែរ។
លោក ស៊ូប៊ែរឌី បានសម្តែងការសោកស្តាយចំពោះការមិនទាន់មានការស៊ើបអង្កេតដោយហ្មត់ចត់ ជឿជាក់ និង ឯករាជ្យនៅឡើយចំពោះឧប្បត្តិហេតុដែលបានកើតឡើងក្នុងពេលធ្វើបាតុកម្ម ដោយអ្នកបង្កអំពើហិង្សាមិនទាន់ត្រូវយកទៅកាត់ក្តី។ ប្រឈមនឹងបញ្ហានេះ លោក សង្កត់ធ្ងន់ថា បញ្ហានិទណ្ឌភាពនៅតែជាក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
លោក ស៊ូប៊ែរឌី បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា ។ អ្នករាយណ៍ពិសេសស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជារូបនេះ បានផ្តល់អនុសាសន៍បន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវនាំអ្នកដែលបានប្រព្រឹត្តអំពើហិង្សានៅក្នុងអំឡុងពេលបាតុកម្មយកទៅកាត់ទោស រួមទាំងសមាជិកនៃកងកម្លាំងសន្តិសុខដែលបានធ្វើឲ្យមានមនុស្សស្លាប់ និង រងរបួស ហើយធានាថា សំណងគ្រប់គ្រាន់ត្រូវបានផ្តល់ដល់ជនរងគ្រោះ ឫ សាច់ញាតិរបស់ពួកគេ។
លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃ សៅរ៍ ទី ២៣ សីហា ថា លោកមិនទាន់អាចវាយតម្លៃរបាយការណ៍នេះបាននៅឡើយទេ ដោយសារលោកទើបតែបានទទួល និង កំពុងពិនិត្យមើល។ យ៉ាងណាក៏ដោយ លោក ម៉ក់ សម្បត្តិ បានអះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងខិតខំពង្រឹងច្បាប់ការពារសិទ្ធិមនុស្សនេះហើយ។ លោក លើកឡើងបន្ថែមថា ស្ថានភាពសិទ្ធិនៅកម្ពុជាកំពុងវិវឌ្ឈទៅរកភាពល្អប្រសើរ តែលោកក៏មិនបានបដិសេធពីចំណុចខ្វះខាតមួយចំនួនដែលនៅតែកើតមាននោះដែរ៕
No comments:
Post a Comment