ជនរងគ្រោះ នៅបឹងកក់ តវ៉ា នៅស្ថានទូត សិង្ហបុរី
VOA / វីអូអេ | ៥ សីហា ២០១៤
ភ្នំពេញ —ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទំនាស់ ដីធ្លី នៅតំបន់ បឹងកក់ ប្រមាណ ជាង៤០នាក់ បានធ្វើបាតុកម្ម នៅពីមុខ ស្ថានទូត សិង្ហបុរី ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ ដើម្បី ទាមទារ ឲ្យស្ថានទូតនេះ ដាក់សម្ពាធដល់ ក្រុមហ៊ុន ឯកជន របស់ សិង្ហបុរីមួយ ឲ្យបញ្ឈប់ការទិញដី នៅក្នុងតំបន់ បឹងកក់ ដែលកំពុងមានទំនាស់ យ៉ាងរ៉ាំរ៉ៃ។
ក្រុមអ្នកតវ៉ា ដែលភាគច្រើនជាស្ត្រី បានអះអាងនៅមុខស្ថានទូតសិង្ហបុរីថាក្រុមហ៊ុន D'Lotus Development បានទិញដីមានទំនាស់ពីក្រុមហ៊ុនស៊ូកាគូអ៊ីងក្នុងតម្លៃ១៤,៩លានដុល្លារលើដីទំហំ១,៣ហិកតាសម្រាប់ការអភិវឌ្ឍទៅជាតំបន់ផ្សារទំនើប អគារការិយាល័យ ខុនដូ និងភោជនីយដ្ឋាន។
ក្រុមហ៊ុន D'Lotus Development គឺជាផ្នែកមួយរបស់សម្ព័ន្ធ HLH Group ដែលបានចុះបញ្ជីទីផ្សារហ៊ុនរបស់ប្រទេសសិង្ហបុរី។ រីឯក្រុមហ៊ុនស៊ូកាគូអ៊ីងជាក្រុមហ៊ុនរបស់លោកឧកញ៉ាឡៅ ម៉េងឃីន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងចំណោមបាតុករទាំងនេះ មានអតីតអ្នកភូមិបឹងកក់ដែលបានទទួលសំណងរួចហើយ និងអ្នកដែលទទួលបានចំណែក ប៉ុន្តែពួកគេចាត់ទុកថា នោះជាសំណងមិនសមរម្យ និងពួកគេត្រូវបណ្តេញចេញដោយបង្ខំ។ ពួកគាត់បានលើកបដាផ្សេងៗបង្ហាញពីសកម្មភាពនៃការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាននាពេលកន្លងមក។
អ្នកស្រីស៊ា ណារ៉េត អ្នកដឹកនាំការតវ៉ារបស់ក្រុមស្ត្រីបឹងកក់ បានថ្លែងថា ដីដែលក្រុមហ៊ុនរបស់សិង្ហបុរីបានទិញពីក្រុមហ៊ុនសូកាគូនៅតំបន់បឹងកក់នោះជាដីដែលស្ថិតនៅតំបន់ជម្លោះនៅឡើយ។
«សូមឲ្យប្រទេសសិង្ហបុរីប្រាប់ឲ្យឈ្មួញគាត់ដកលុយទៅវិញ មិនឲ្យទិញទឹកដីនេះទេ ដីនេះនៅមានជម្លោះ។ ដីរបស់ប្រជាពលរដ្ឋ។ ខ្ញុំឈឺចាប់ណាស់។ ចាំគាត់ដោះស្រាយ ចាំគាត់លក់ដូរចុះ។»
នៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមផ្ដល់ដីតំបន់បឹងកក់ឲ្យក្រុមហ៊ុនសូកាគូអ៊ីន ដើម្បីអភិវឌ្ឍលើផ្ទៃដីសរុបជាង១៣៣ហិកតាក្នុងរយៈពេល៩៩ឆ្នាំ ក្នុងទឹកប្រាក់វិនិយោគចំនួន៧៩លានដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស បានរិះគន់ថា គម្រោងអភិវឌ្ឍន៍នេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៤.០០០គ្រួសារ។ ហើយប្រជាពលរដ្ឋប្រមាណជាង ៣.០០០គ្រួសារបានសម្រេចចាកចេញពីលំនៅដ្ឋានទាំងបង្ខំ ជាថ្នូរនឹងទឹកប្រាក់សំណង៨.០០០ដុល្លារ និង២លានរៀលដែលផ្ដល់ដោយក្រុមហ៊ុន។
បន្ទាប់ពីមានការតវ៉ាមួយរយៈ មន្ត្រីលេខាទូតមួយរូបរបស់ប្រទេសសិង្ហបុរីបានចេញមកទទួលញត្តិពីក្រុមបាតុករ។ មន្ត្រីរូបនេះបានបដិសេធមិនប្រាប់ឈ្មោះ ក៏ប៉ុន្តែបានថ្លែងថា ស្ថានទូតនឹងលើកយកបញ្ហានេះទៅពិភាក្សា។
«ខ្ញុំសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានមកស្ថានទូតនេះ។ យើងនឹងពិនិត្យមើលញត្តិនេះ នឹងជូនដំណឹងនៅពេលក្រោយ។»
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានសម្តែងការសោកស្តាយនៅពេលដែលរដ្ឋាភិបាល និងក្រុមហ៊នបានខកខានក្នុងការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ។
«ខ្មាសអៀនដែរ ប្រជាពលរដ្ឋយើងគាត់ទៅតវ៉ានៅមុខស្ថានទូតរបស់សាសន៍ដទៃដែលធ្វើឲ្យរំាងស្ទះដល់ការអភិវឌ្ឍ។ នេះហើយការអភិវឌ្ឍដែលគ្មានតម្លាភាព។ យើងអត់ចង់ឃើញស្ថានភាពបែបហ្នឹងបន្តទៀតទេ។ រដ្ឋាភិបាលក្រុមហ៊ុនគួរផ្លាស់ប្តូរឥរិយាបទ។»
នៅឆ្នាំ២០១១ ក្រោមការដាក់សម្ពាធពីធនាគារពិភពលោកតាមរយៈការផ្អាកជំនួយរហូតដល់មានការស្វែងរកដំណោះស្រាយដល់ជនរងគ្រោះនោះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសអនុក្រិត្យប្រគល់ដី១២,៤៤ហិកតាឲ្យទៅប្រជាពលរដ្ឋបឹងកក់សម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។ ក៏ប៉ុន្តែយ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រហែលជិត៤០គ្រួសារទៀតដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិពីដីនៅឡើយ។ នេះបើយោងតាមការឲ្យដឹងរបស់ក្រុមអ្នកតវ៉ា។
វីអូអេសំឡេងសហរដ្ឋអាមេរិកមិនអាចស្នើសុំសេចក្តីអធិប្បាយពីក្រុមហ៊ុន HLH Group របស់ប្រទេសសិង្ហបុរី និងក្រុមហ៊ុនសូកាគូបានឡើយរហូតមកទល់ល្ងាចថ្ងៃច័ន្ទនេះ។
ក្រុមអ្នកតវ៉ាថ្លែងថា ពួកគេនឹងឡើងមកទៀតក្នុងសប្តាហ៍ក្រោយ ប្រសិនបើពួកគេមិនទទួលបានដំណោះស្រាយ៕
No comments:
Post a Comment