Paris Peace Accords 23 Oct. 1991

Sunday, August 17, 2014

មតិ​​ ជុំវិញគ​ម្រោង ​ចាត់​វិធានការ​ ចំពោះ ​អ្នក​ស៊ី​ប្រាក់​ខែ​ មន្ត្រី​ខ្មោច

មតិ​​ ជុំវិញគ​ម្រោង​ ចាត់​វិធានការ​ ចំពោះ អ្នក​ស៊ី​ប្រាក់​ខែ​ មន្ត្រី​ខ្មោចតវ៉ា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ៦១០ 

ជំហររបស់​អង្គភាព​ ប្រឆាំង​អំពើ​ពុករលួយ ​ដែល​បញ្ជាក់​ពី ​គម្រោង​ចាត់​វិធានការ ​ចំពោះ​អ្នក​ស៊ី​ប្រាក់​ខែ​មន្ត្រី​ខ្មោច ឬ​មន្ត្រី​ដែល​បើក​ប្រាក់ខែ​រដ្ ឋ​ហើយ​មិន​ចូល​ធ្វើ​ការ​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ គួរសម​ពី​សាធារណជន។ កាសែត វិទ្យុ ទូរទស្សន៍ និង​ អ្នក​លេង​ហ្វេសប៊ុក (Facebook) បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ ពី​បញ្ហា​នេះ។ អ្នក​ខ្លះ​បញ្ចេញ​យោបល់​រិះគន់ អ្នក​ខ្លះ​សំណូមពរ អ្នក​ខ្លះ​ទៀត​សរសេរ​សារ​ឌឺដង​ ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ របស់​មេដឹកនាំ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ក្នុង​ផ្នែក​បញ្ចេញ​មតិ​ នៅ​លើ​គេហទំព័រ​ របស់​វិទ្យុ​អាស៊ីសេរី មាន​មនុស្ស ២០​នាក់ បញ្ចេញ​ទស្សនៈ​ លើ​ព័ត៌មាន​ ដែល​ និយាយ​អង្គភាព​ ប្រឆាំង​អំពើ​ពុករលួយ នឹង​ចាត់​វិធានការ​ លើ​ឈ្មោះ​ខ្មោច​ទាំង​អស់​ ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នកអាន​អនាមិក​ម្នាក់​សរសេរ​ថា ទោះ​លោក ហ៊ុន សែន ខំ​ធ្វើ​ល្អ​យ៉ាង​ណា ក៏​មន្ត្រី​ពុករលួយ​របស់​ខ្លួន​ទាញ​ទម្លាក់​ទឹក​ដែរ ។ អ្នក​អាន​ម្នាក់​ទៀត​ឈ្មោះ​ព្រះ​មាន​ភ្នែក​មក​ពី​ភ្នំពេញ សរសេរ​ថា៖  «ស្លាប់! យូរ​ណាស់​ហើយ គ្រាន់តែ​ចាត់​វិធានការ​ទេ អត់​ដឹង​ទេ​ស្ថាប័ន​រដ្ឋ​វា​ពុករលួយ​ដល់​ក​ទៅ​ហើយ។ បើ​និយាយ​ពី​ឆ្អែត​វិញ វា​ហល់​ដល់​ក បើ​និយាយ​ឲ្យ​ច្បាស់ៗ​តែម្ដង គឺ​ស្ថាប័ន​របស់​គណបក្ស​ប្រជាជន​នេះ​តែម្ដង គឺ​ពុករលួយ​ដល់កម្រិត​ហើយ»

អ្នក​អាន​អនាមិក​ម្នាក់​ទៀត​លើក​ឡើង​ថា៖ «មិន​ត្រឹមតែ​ចាប់​ឈ្មោះ​ខ្មោច​ទេ ត្រូវ​រក​ឲ្យ​ឃើញ​ឈ្មោះ​មួយ​ធ្វើ​ការ​ច្រើន​កន្លែង ឯកជន​ផង រដ្ឋ​ផង។ ខ្លួន​ធ្វើការ​ក្រុមហ៊ុន ឬ​អង្គការ បើក​លុយ​រដ្ឋ​ផង លុយ​ក្រុមហ៊ុន អង្គការ​ផង មួយ​ខែៗ​បាត់​លុយ​រដ្ឋ​មិន​តិច​ទេ»
អ្នក​អាន​ម្នាក់​ទៀត​សរសេរ​បែប​ម្យ៉ាង​ថា៖ «លោក​ពូ​នេះ​ក្លាយ​ជា​គ្រូ​ចាប់​ខ្មោច​តាំង​ពី​ពេល​ណា​មក ម៉េច​ក៏​ខ្ញុំ​មិន​ដឹង? គ្រាន់​តែ​ចាប់​មនុស្ស​ពុករលួយ​អោយ​អស់​ពី​គ្រប់​ស្ថាប័ន នោះ​ខ្មោច​នឹង​បាត់​អស់​ទៅ​ដែរ​​ហើយ»
ទោះ​ជា​បែប​ណា​ក្តី ក៏​មាន​ពលរដ្ឋ​ខ្លះ​សរសេរ​លើក​ទឹក​ចិត្ត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែរ។
ពលរដ្ឋ​មក​ពី​ភ្នំពេញ លោក ជួន ប៊ុនឡា បញ្ចេញ​ទស្សនៈ​ថា លោក​គិត​ថា​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ធ្វើ​កិច្ចការ​មួយ​នេះ​បាន វា​ពិត​ជា​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន​ធំ។ អង្គភាព​នេះ​គួរ ប្រកាស​ឱ្យ​ចូល​រួម ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ទៀត ដូច​ពេល​ធ្វើ​ការ​ប្រលង​ថ្នាក់​ទី​១២ វា​ពិត​ជា​ល្អ និង​អាច​សម្រួល​នូវ​ភាព​លំអៀង​ដែល​កើត​មាន​ឡើង​នៅ​ពេល​ធ្វើ។
ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា បើ​សិន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មាន​ឆន្ទៈ​ការ​បោស​សំអាត​មន្ត្រី​ខ្មោច​នេះ មិន​មែន​ជា​បញ្ហា​លំបាក​ទេ។ លោក​បន្ត​ថា ការងារ​ដំបូង​បំផុត អង្គភាព​ជំនាញ​នេះ​ត្រូវ​ពិនិត្យ​លើ​ស្ថាប័ន​ណា​មួយ​ដែល​មាន​ចំនួន​បុគ្គលិក​ច្រើន​ជាង​គេ ហើយ​អាច​ធ្វើ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល។
លោក​បញ្ជាក់​ថា ការ​រក្សា​ទុក​ឈ្មោះ​មន្ត្រី​ដែល​មិន​បាន​ធ្វើ​ការ​ជា​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ដូច​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រូវ​លើកលែង​ចំពោះ​ករណី​នេះ​ទេ៖ «ប្រាក់​បើក​ទៅ​លើ​មន្ត្រី​ដែល​មានតែ​ឈ្មោះ​ហ្នឹង​គឺ​ប្រធាន​ស្ថាប័ន និង​អ្នក​ឃុបឃិត​ប៉ុន្មាន​នាក់​ដែល​កាន់​ការ​ក្នុង​រឿង​ហ្នឹង ចែក​លុយ​គ្នា​ចាយ​ផ្ទាល់​ខ្លួន»
​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​វិស័យ​ឯកជន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ថា អង្គភាព​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជម្រាប​ជូន​ប្រធាន​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ពី​គម្រោង​ការ​បោសសំអាត​បញ្ជី​ឈ្មោះ​មន្ត្រី​ខ្មោច​នេះ។ អង្គភាព​ទុក​ពេល​ឲ្យ​ក្រសួង​ស្ថាប័ន​សាមី​ចំនួន​បី​ខែ ដើម្បី​បោសសំអាត​អំពើ​ពុករលួយ​ដោយ​ខ្លួន​ឯង។
លោក​បន្ថែម​ថា អ្នក​ដែល​ស៊ី​លុយ​មន្ត្រី​ខ្មោច ឬ​បើក​ប្រាក់ខែ​ជំនួស​មន្ត្រី​ដែល​មិន​បំពេញ​ការងារ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ៖ «បាន​ន័យ​ថា ខ្លួន​ខ្មោច ខ្លួន​នៅ​ទទួល​យក​ប្រាក់​ខែ ដូច្នេះ លើក​នេះ​យើង​ចាប់​ខ្មោច​ម្ដង។ មាន​ន័យ​ថា បញ្ហា​សាមញ្ញ​ទេ គឺ​អ្នក​ដែល​រក្សា​ក្របខ័ណ្ឌ​ខ្មោច​នេះ​ទុក ហើយ​យក​លុយ​របស់​ជាតិ យក​ដាក់​ហោប៉ៅ​ខ្លួន​ឯង អ្នក​នោះ​ត្រូវតែ​ប្រឈម​មុខ​នឹង​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់»
​រដ្ឋាភិបាល​ធ្លាប់​បាន​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ស៊ីវិល​ចំនួន ៣​ដង​រួច​មក​ហើយ។ ជំរឿន​លើក​ទី​១ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៥ រក​ឃើញ​មន្ត្រី​ខ្មោច​ជាង ១​ម៉ឺន ៧​ពាន់​នាក់។ ជំរឿន​លើក​ទី​២ ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០០ និង​២០០១ រក​ឃើញ​មន្ត្រី​ខ្មោច​ជាង ៩​ពាន់​នាក់។ ជំរឿន​លើក​ទី​៣ នៅ​ឆ្នាំ​២០១០ រក​ឃើញ​មន្ត្រី​រាជការ​ដែល​មិន​ធ្វើការ​ងារ​ហើយ​បើក​ប្រាក់​ខែ​រាល់​ខែ​ចំនួន​ជាង ២.០០០​នាក់។ ប៉ុន្តែ​អ្នក​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​និង​បើក​ប្រាក់ខែ​រដ្ឋ​យក​ទៅ​ចាយ​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​នោះ មិន​ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​ឡើយ។
​នៅ​អាណត្តិ​ទី​៥​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កែទម្រង់​ការ​បើក​ប្រាក់ខែ​មន្ត្រី​រាជការ​ពី​ការ​បើក​តាម​មន្ត្រី​គណនេយ្យ​របស់​ស្ថាប័ន​ទៅ​ជា​ការ​បើក​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​វិញ​ម្ដង។ លោក​បញ្ជាក់​ថា មន្ត្រី​ខ្មោច​មិន​អាច​បើ​ប្រាក់ខែ​តាម​ធនាគារ​ឡើយ។ ក៏ប៉ុន្តែ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ជា​មន្ត្រី​រាជការ​ផង​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពួកគេ​មិន​ទៅ​ធ្វើ​ការ​រដ្ឋ​ទេ តែ​បើក​ប្រាក់ខែ​ធម្មតា​តាម​ធនាគារ តែ​ពេល​បើក​រួច​ពួកគេ​យក​ប្រគល់​ឲ្យ​នាយក​ស្ថាប័ន​នោះ​តែម្ដង ហើយ​ពេលខ្លះ​ត្រូវ​ថែម​លុយ​ថ្លៃ​កាត​ទូរស័ព្ទ​ឲ្យ​ប្រធាន​ខ្លះ​ទៀត​ក៏​មាន​ដែរ។
​អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី លើក​ឡើង​ថា មន្ត្រី​មិន​ធ្វើការ​ហើយ​បើក​ប្រាក់​ខែ​មាន​ច្រើន​ណាស់ ហើយ​ភាគ​ច្រើន​ជា​អ្នក​មាន​សែស្រឡាយ​ជា​អ្នកធំ អ្នក​មាន​អំណាច។ លោក​បន្ត​ថា ស្ថាប័ន​ដែល​មាន​មនុស្ស​មិន​ធ្វើការ ហើយ​បើក​លុយ​រដ្ឋ​យក​ទៅ​ចាយ​ច្រើន​ជាង​គេ គឺ​ស្ថាប័ន​អង្គរក្ស ព្រោះ​អ្នក​ធ្វើ​អង្គរក្ស​ភាគ​ច្រើន​មាន​មុខ​របរ​ចាប់​ពី​ពីរ​ឡើង​ទៅ។
លោក​បញ្ជាក់​ថា ការ​អនុវត្ត​របស់​លោក ឱម យ៉ិនទៀង អាច​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​តែ​អ្នក​ធម្មតាៗ​ប៉ុណ្ណោះ៖ «បើ​សិន​ជា ឱម យ៉ិនទៀង ចង់​ធ្វើ​ការ​ហ្នឹង​មែន អាច​ចាប់​ផ្ដើម​ធ្វើ​ជំរឿន​ម្ដង​មួយ ក្រសួង​មួយ អង្គភាព ហើយ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល ពី​សាធារណជន ពី​សារព័ត៌មាន​គឺ​ជោគជ័យ​​ហើយ តែ​បើ​ធ្វើ​តែ​ឯង​វិញ ដូចជា​លាប​ម៉ាកាយ៉េ​អ៊ីចឹង គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​មើល​ប៉ុណ្ណោះ»
​របាយការណ៍​របស់​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០១០ បង្ហាញ​ថា មន្ត្រី​រាជការ​ស៊ីវិល​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជិត ១៨​ម៉ឺន​នាក់។ ចំពោះ​តួលេខ​កងកម្លាំង​នគរបាល មន្ត្រី​អង្គរក្ស និង​កងទ័ព មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ដឹង​ឡើយ។ ការ​លាក់​បាំង​នេះ​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ជាតិ។
​កាល​ពី​ឆ្នាំ​២០១៣ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្លាប់​ប្រកាស​ថា អង្គភាព​នេះ​នឹង​បង្កើត​យន្តការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​តាមរយៈ​បណ្ដាញ​សារព័ត៌មាន។ បាន​ន័យ​ថា ទាំង​អ្នក​ដែល​ចោទ​ប្រកាន់​គេ ទាំង​អ្នក​ដែល​គេ​ចោទ​ប្រកាន់​អាច​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដាញ​សារព័ត៌មាន​បាន។
​ម្យ៉ាង​ទៀត​អង្គភាព​នេះ​ក៏​អាច​ចុះ​ផ្សាយ​ពី​ការ​ចោទ​ប្រកាន់​បុគ្គល​ណា​ម្នាក់​តាម​កាសែត ហើយ​ឲ្យ​បុគ្គល​នោះ​ឆ្លើយ​តប​តាម​កាសែត​មក​វិញ​ដែរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ត្រឹមតែ​ផ្សាយ​លទ្ធផល​សម្រេច​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឲ្យ​សាធារណជន​ជ្រាប​ប៉ុណ្ណោះ។ លទ្ធផល​ដែល​ផ្សាយ​នោះ ជា​លទ្ធផល​ដែល​ស៊ើប​ហើយ​មិន​ឃើញ​កំហុស។
នៅ​ឆ្នាំ​២០១៤​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ផ្សាយ​ពី​លទ្ធផល​អង្កេត​របស់​លោក​ក្នុង​សំណុំរឿង​ដែល​មន្ត្រី​ក្រសួង​ការបរទេស​ប្ដឹង​កូន​ប្រុស​លោក ហោ ណាំហុង ពី​រឿង​ប្រព្រឹត្តិ​អំពើ​ពុករលួយ តែ​លទ្ធផល​បញ្ជាក់​ថា មិន​មាន​អំពើ​ពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​ទេ៕



3 comments:

  1. Anonymous9:11 PM

    ហ៊ុនសែនជាប្រវត្តិសាស្ត្រចម្លែកលើពិភពលោក part1


    (ដោយជូលាងហាក់)


    ព្រឹត្តិការណ៏នៅកម្ពុជា មានពីរករណី ដែលធ្វើឱ្យវិចារណញ្ញាណខ្ញុំវិលវល់ មួរហ្មងមិនស្ងប់ក្នុងអារម្មណ៍។ ករណីទី១៖ គឺវាសនាអនាគតខ្មែររាប់លាននាក់, ព្រមទាំងកូនចៅរបស់ពួកគេ, កំពុងឋិតក្នុងចរន្តដែលហូរយឺតៗ ចាក់ចូលទៅក្នុង សមុទ្រនៃគ្រោះមហន្តរាយ។ ចរន្តនេះចាប់ផ្តើមមានឋាមពលបន្តិចម្តងៗ ដោយសារនយោបាយទន់ខ្សោយរបស់ខ្មែរ ដែលមានមេដឹកនាំមិនល្អ គ្មានប្រាជ្ញាមុះមុត គ្មានតម្លាភាពក្នុងចក្ខុវិស័យ នារយៈពេលបីទសវត្សរ៍ នៃការគ្រប់គ្រងរដ្ឋ ប្រកបដោយផ្នត់គំនិតឆិនឆៃ និងកាយវិការក្រអឺតក្រទម ផ្តាច់ការរបស់ពួកគេ។

    គឺគណបក្សប្រជាជន នៃសម្តេចហ៊ុន សែន ដែលបាននិងកំពុងឆិនឆៃ វាសនាប្រទេសជាតិនិងជីវិតរាស្ត្រ ទាំងលាននាក់ ដោយមិនប្រមើលមើល ឱ្យច្បាស់ នូវយុទ្ធសាស្ត្រយួន ដែលមិនផ្លាស់ប្តូរ ក្នុងការតស៊ូតាមចាប់ឱ្យបាននូវភាពពិតជាក់ស្តែង សម្រេចតាមចក្ខុវិស័យហូជី មិញ មេកន្ទ្រាញនៃទស្សនវិស័យ ‹ដំណើរឆ្ពោះទៅទិសខាងលិច›។

    ចោរប្លន់មានល្បិច តែខ្មែរកំពុងវក់នឹងអំណាច។ ករណីទី១ហ្នឹងធំណាស់ ព្រោះវាប៉ះពាល់ ដល់សន្តិសុខមនុស្សមួយនគរ គ្មាននរណាម្នាក់ គេចផុតពីមហន្តរាយនេះ បានឡើយ។ កាលណាអត្តសញ្ញាណនៃជនជាតិគេ ត្រូវរលុបបាត់ គឺវានឹងបាត់បង់ជារហូត មិនអាចបកក្រោយបាន ដូចជាមរណភាព ដែលនឹងមិនអាចវិលល្ងាចវិញ តាមចិត្តចង់នោះទេ។ ហ៊ុនសែនជាជនចម្លែក ជាងមេដឹកនាំនានា ក្នុងពិភពលោក ត្រង់ចំណុចមួយដែលថា នៅប្រទេសដទៃ ទោះជាជនដឹកនាំទាំងនោះ ជាជនផ្តាច់ការគ្រួសារនិយម ជាយ៉ាងណាក្តី ក៏យ៉ាងហោចណាស់ គេមានទឹកចិត្តស្នេហានឹងភក្តីភាព ចំពោះជាតិសាសន៍របស់គេ មិនរណបអ្នក ក្រៅ ហើយក្បត់ប្រយោជន៍ជនជាតិឯង ទៅបម្រើផលប្រយោជន៍ជនបរទេស ក្នុងន័យបានជំនួយទប់ទល់ទ្រទ្រង់ ការកាន់អំណាចរបស់ខ្លួននិងក្រុមគ្រួសារបក្ខពួក ឱ្យបានយូរឋិតឋេរជានិច្ចតរៀងទៅ។ នេះជាគំនិតមនុស្សល្ងង់ខ្លៅ សម្លឹងឆ្ងាយបន្តិចទៅឃើញតែក្តីសប្បាយលោតកញ្ឆេង នៃកូនចៅខ្លួននាអនាគតក្នុងជីវិតខ្ពង់ខ្ពស់សុខក្សេមក្សាន្ត។

    ប៉ុន្តែស្រមោលបិសាចខ្មៅដែលកំពុងលូនសន្សឹមៗមកពីក្រោយជីវិតក្មេងៗកំពុងតែសប្បាយលោតកញ្ឆេងទាំងនោះ ពួកមនុស្សល្ងង់ខ្លៅ មិនចាប់ភ្លឹក ហើយក៏មិនខ្វល់អ្វីក្រៅពីតណ្ហាខ្លាំងនៃការញៀនអំណាច ក្នុងដួងចិត្តរបស់ខ្លួន។ គឺ ជាស្រមោលបិសាចសាសន៍យួន ដែលលូនគើមៗគ្របដណ្តប់មកលើកម្ពុជៈរដ្ឋនិងអត្តសញ្ញាណខ្មែរទាំងមូល តាម រូបភាពកំណើនអន្តោប្រវេសន៍យួន អាគារសំណង់នៃអត្តសញ្ញាណយួនក្នុងទឹកដីខ្មែរ បូករួមនិងការឈ្លានពានដោយ ត្រង់ៗ ចូលមកក្នុងទឹកដីខ្មែរ តាមជាយដែនខ្មែរ-យួន ដែលគេ(កម្រឃើញ)មានអន្តរាគមន៍ ពីរដ្ឋាភិបាលនៃប្រទេស កម្ពុជា ជួយជ្រោមជ្រែងពលរដ្ឋខ្លួនក្នុងកាលៈទេសៈ នៃការឈ្លានពានពីសត្រូវប្រវត្តិសាស្ត្រ។

    ជាអាម៉ាសធំចំពោះ អត្តសញ្ញាណខ្មែរ ដែលយួនអាចគ្របដណ្តប់លើសតិសម្បជញ្ញៈហ៊ុនសែន និងសមាជិក។ ជាអលជ្ជី យួនមានចរិត កោងព្រហើនចំពោះពលរដ្ឋខ្មែរ សូម្បីតែរឿងរ៉ាវដែលកើតឡើងក្នុងទឹកដីខ្មែរក៏ដោយ មានដូចជាករណី​នៅភូមិ ថ្មសំ លៀង ឃុំ​ដំរីផុងស្រុក​ឆ្លូងខេត្ត​ក្រចេះ នាថ្ងៃ១៥សីហា២០១៤កន្លងទៅថ្មីៗនេះ ដែលរាស្ត្រខ្មែរមានវិបត្តិចោទ​ប្រកាន់ ​ក្រុមហ៊ុន​វៀតណាម មួយ​នៅ​ទីនោះ ថា​បាន​រំលោភ​លើ​ដីដាំ​ដំណាំ​របស់​ពួក​គាត់។ អត់ឮ អត់់ឃើញមានអន្តរាគមន៍ ពីរដ្ឋាភិបាលហ៊ុនសែន ជួយរាស្ត្រខ្លួនក្នុងហេតុការណ៍ដូចនេះ។ តើមានប្រវត្តិសាស្ត្រជនជាតិណា ដូចហ៊ុនសែន? អំពើជាក់ស្តែងទាំងនេះ ដែលយួនបានប្រព្រឹត្ត ជាការប្រមាថមើលងាយធ្ងន់ធ្ងរ ចំពោះអំណាចទាំងបីនៃរដ្ឋាភិបាល ហ៊ុនសែន, (១)អំណាចនិតិប្រតិបត្តិ, (២)អំណាចនិតិបញ្ញាត្តិ និង(៣)អំណាចតុលាការ។






    ReplyDelete
  2. Anonymous9:14 PM

    part2

    ឬក៏ ពួកគេដឹង រឿងអស់ទាំងហ្នឹងច្បាស់ដូចពន្លឺថ្ងៃ តែពួកគេមានចក្ខុវិស័យផ្សេង ដោយសារអំពើមិនគប្បីជាច្រើន ដែលគេបាន ប្រព្រឹត្តចំពោះរាស្ត្រខ្មែរ ជាហេតុបណ្តាលឱ្យគេរអៀសខ្លួនខ្លាំង ហើយមិនទុកចិត្ត រឿងត្រីស៊ីស្រមោច ស្រមោចស៊ី ត្រី ម្តងម្នាក់ ម៉្លោះហើយគេក៏ប្តេជ្ញាចិត្តថាត្រូវតែតោង កាន់ក្តោបអំណាចឱ្យជាប់ កុំឱ្យខ្លួនធ្លាក់ទៅក្នុងនរកអវិចី ដែល មានអណ្តាតភ្លើងក្រហមឆ្អៅ ឆេះសន្ធោរសន្ធៅ នៅក្នុងក្តីស្រមើស្រមៃរបស់ពួកគេ ហើយរង់ចាំពួកគេ នឹងធ្លាក់ចុះ ក្នុងទីដែលឮតែសម្រែកខ្លោចផ្សារទួញយំដោយក្តីវេទនានោះ?

    មនុស្សដែលបានប្រព្រឹត្តអំពើអាក្រក់យង់ឃ្នងច្រើន បែបច្រើនយ៉ាង គឺធម្មតារមែងរអៀសខ្លួនដូចគោដំបៅខ្នង។ តែទោះយ៉ាងណា ខ្ញុំថា ទឹកចិត្តក្លាហាន ហ៊ានសម្តែង ការសោកស្តាយចំពោះកំហុស រួមនិងការលន់តួ សុំខមាទោសពីរាស្រ្ត រមែងសម្រាលទម្ងន់នៃកំហុសបានច្រើន។ ប្រវត្តិសាស្ត្រពិភពលោក សូម្បីតែជនផ្តាច់ការ ដែលមានភក្តីភាពចំពោះប្រទេសជាតិ តែធ្វេសប្រហែសចំពោះ សុខ ទុក្ខរបស់រាស្ត្រ ក៏គង់តែរាស្ត្រនៅខឹងសម្បារ តាមប្រហារឱ្យបានដើម្បីសេចក្តីស្ងប់ក្នុងអារម្មណ៏។

    ចុះទំរាំហ៊ុនសែន ដែលព្រងើយកន្តើយចំពោះទុក្ខវេទនា នៃរាស្ត្រខ្មែររាប់សែនរាប់លាននាក់ ហើយដាក់ខ្លួនជាអាយ៉ងយួន បណ្តែត បណ្តោយឱ្យបាត់បង់ទឹកដីកេរ្តិ៍អាករពីដូនតាខ្មែរ ហើយក្រុមហ៊ុនយួន ដើរយារយីឈូសឆាយដំណាំរាស្ត្រខ្មែរ តាម អំពើចិត្ត ឥតកោតក្រែងខ្មែរ ជាម្ចាស់ទឹកដីនៃកម្ពុជា ឥចឹងសួរថា តើអារម្មណ៍ខ្មែររាល់គ្នាក្តៅក្រហាយមួរហ្មង ដល់ កម្រឹតណា? យើងចង់ឃើញការផ្លាស់ប្តូរទិសដៅ នៃនយោបាយខ្មែរ ដើម្បីស្រោចស្រង់កិត្តិយស និងជីវិតរស់នៅ ដោយសុខសាន្តនៃជនជាតិយើង។ បើសម្តេចហ៊ុនសែនលោកយល់ថា នយោបាយគឺដូចទូកខ្លីមួយ ដែលគេងាយ បត់បែននោះ សូមសម្តេចសម្រេចកិច្ចការនេះភ្លាមៗទៅ ដើម្បីស្តារកិត្តិយសនៃអត្តសញ្ញាណខ្មែរ និងជីវិតខ្មែរ។

    ខ្ញុំ ក៏នឹងមានលេសត្រឹមត្រូវ សរសេរលើកតម្កើងរសម្តេច ជាជាងការរិះគន់សម្តេច ដែលខ្ញុំមិនចង់ធ្វើទាល់តែសោះ។ ករណីទី២៖ គឺការប្រើយុទ្ធសាស្ត្រ‹កាប់គល់ផ្តួលចុង› ប្រព្រឹត្តិដោយគណបក្សប្រជាជន ក្រោមសំពាធហ៊ុនសែន។

    ReplyDelete
  3. Anonymous9:16 PM

    Part3

    ខ្ញុំយល់ថា ការយឺតយ៉ាវមិនព្រមដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំងបីនាក់ នៅគុកព្រៃស រួមនិងការ កោះហៅសកម្មជនដទៃទៀតជាបន្ថែម ពីបក្សនយោបាយមួយនេះ ឱ្យចូលតុលាការ គឺគ្មានអ្វី ក្រៅពីយុទ្ធសាស្ត្រ គម្រាមកំហែង បំបាក់ទឹកចិត្តអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឱ្យមានចិត្តរោយរាវទៅ ហើយគណបក្សប្រជាជន នឹងមានប្រៀបខ្លាំង នៅពេលបោះឆ្នោតអាណត្តិទី៦។ សូមកុំធ្វេសប្រហែសក្នុងអារម្មណ៍ ហើយជឿជាក់ថា គឺ យួនហាណូយឯណោះទេ ដែលនឹងបានសើចសប្បាយខ្លាំង ចំពោះជោគជ័យគណបក្សប្រជាជន។ ព្រោះគឺគណ បក្សមួយនេះហើយ ដែលបាននិងកំពុងបង្ករឱ្យមានព្រឹត្តិការណ៍ស្លាប់រស់ នៃជនជាតិខ្មែរ ដោយសារពួកយួនមាន ឱកាសនឹងបញ្ជូនពលរដ្ឋវា រាប់សែនឬលាននាក់ មករស់នៅកម្ពុជា ដូចជាប្រទេសនេះបានត្រូវពួកវាដាក់បញ្ចូល ឱ្យឋិតក្រោមអាណានិគមរបស់វារួចស្រេចទៅហើយ។

    ត្រង់ចំណុចគួរឱ្យខ្មាស់អៀនឈឺចាប់ក្នុងចិត្តនេះ តើមាន ប្រវត្តិសាស្ត្រប្រទេសណាមួយ ដែលមានមេដឹកនាំទន់ខ្សោយដូចមេដឹកនាំខ្មែរ ហ៊ុនសែន? នេះជារឿងស្លាប់រស់ នៃប្រទេសមួយ ដែលមានមេកើយ កំពុងដឹកនាំវាសនាមនុស្សរាប់លាននាក់ ទៅជាមួយផងដែរ។ ដូច្នេះ បើគណបក្សប្រជាជន នៅតែបន្តយុទ្ធសាស្ត្រ‹កាប់គល់ផ្តួលចុង› ពន្លិចគណបក្សសង្គ្រោះជាតិ គឺបានន័យ ថា ហ៊ុនសែនជាជនចម្លែកក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលគាត់តាំងចិត្តជានិច្ច នៅអបជនបរទេសដែលបូម ផលប្រយោជន៍ពីជ័យជំនះរបស់គណបក្សប្រជាជន ហើយអត្តសញ្ញាណខ្មែរ នៅតែកប់ក្នុងភាពអាប់ឱន រាស្ត្រ ខ្មែរនៅតែវេទនា ក្តៅក្រហាយ ហើយការបះបោរនិងអស្ថិរភាព ក្នុងសង្គមខ្មែរ នៅតែមានជាបន្តមិនចប់មិនហើយ ជាហេតុធ្វើឱ្យព្រឹត្តិការណ៍ក្នុងប្រទេស កាន់តែដុនដាប់ទៅ ហើយលទ្ធផលនៃមហិច្ឆិតាវាតទីនិយមរបស់យួននឹង បានសម្រេចជាស្ថាពរ ដោយសារភាពល្ងើល្ងង់ នៃរដ្ឋាភិបាលខ្មែរ ដែលខុសផ្លែកពីប្រវត្តិសាស្ត្រប្រទេសនានា។

    (ទូកខ្លី) នៃនយោបាយខ្មែរ ដែលសម្តេចហ៊ុនសែននិយាយថា ស្រួលបត់បែននោះ គឺត្រឹមត្រូវប្រាកដអ៊ីចឹងមែន។ ក្នុងប្រវត្តិសាស្រ្តខ្មែរ នេះជាពេលវេលាដ៏ចាំបាច់ ដែលខ្មែរត្រូវបត់បែនទូកខ្លីនោះ ឱ្យបានទាន់ហន់ភ្លាមៗ តាម ឆន្ទៈរាស្រ្តខ្មែរ ដែលចង់ឃើញភាពសុខសាន្តរមនា ក្នុងគ្រួសារខ្មែរទាំងប្រទេស។ គណបក្សនយោបាយទាំងពីរ នឹងមានកម្លាំងខ្លាំង ក្នុងការស្តារស្រោចស្រង់ជាតិឱ្យបានទាន់ពេលវេលា។ បើព្រឹត្តិការណ៍ស្រុកទេស កាន់តែ ធ្លាក់ជ្រៅទៅៗ វានឹងធ្វើឱ្យអស់សង្ឃឹមចំពោះកូនខ្មែរ នៅតំណក្រោយៗ ដែលពួកគេនឹងពិបាករើបម្រះ ពីគំនាប យួន ដូចខ្មែរកម្ពុជាក្រោមអ៊ីចឹង។

    ពេលនេះជាពេលវេលា សមស្របមួយ ដែលនយោបាយខ្មែរកំពុងវេញចូលគ្នា ដើម្បីផលប្រយោជន៍ជាតិ។ សូម(កុំ)បណ្តែតបណ្តោយឱ្យឱកាសល្អនេះ ក្លាយជាមោឃៈ ធ្លាក់ទៅក្នុងបរាជ័យ ជាថ្មី ដែលនឹងទាញជីវិតខ្មែរទាំងលាននាក់, ទាំងនគរ, ឱ្យកប់ក្នុងភពអន្ធការជាអវសាន្ត ហើយឧក្រឹដ្ឋកម្មប្រឆាំង មនុស្សជាតិមានជោគជ័យ គ្មានសហគមន៍អន្តរជាតិអើពើ។ យើងមានប្រាជ្ញា ទើបអន្តរជាតិជួយយើង។ សូមសម្តេចហ៊ុនសែន កុំបណ្តែតបណ្តោយឱ្យគណបក្សប្រជាជន ជាក្តីសង្ឃឹមជនជាតិយួន។ បើមិនអ៊ីចឹងទេ សូមរំលាយគណបក្សនេះចោល ហើយបង្កើតឈ្មោះថ្មីមួយទៀត ជាមួយសតិសម្បជញ្ញៈស្រោចស្រង់ជាតិ។

    ក្តី សង្ឃឹមនៃខ្មែររាល់គ្នា គឺស្ថិតក្នុងការគ្របគ្រងប្រទេសប្រកបដោយ ស្មារតីជាតិនិយមពិតៗ ជាពិសេសក្នុងកាលៈ ទេសៈដ៏មហាគ្រោះថ្នាក់ ដែលដុះចេញពីការព្យាយាមជាអមតៈ នៃយួនក្នុងចក្ខុវិស័យវាតទីនិយម មិនខ្វល់នឹង ទុក្ខសោកមនុស្សជាតិផងគ្នា។ សូមសម្តេចឺ(កុំ)នៅតែជាប្រវត្តិសាស្ត្រចម្លែកលើពិភពលោក។ ខ្មែរជួយខ្មែរ៕៚ ជូលាងហាក់

    ReplyDelete