បន្ទាប់ពីខ្សែភាពយន្តឯកសារស្ដីពីប្រាសាទកោះកេរ បានទទួលជោគជ័យខ្លាំងនៅឆ្នាំ២០១៣ នៅឆ្នាំ២០១៤នេះ មូលនិធិកេរដំណែលខ្មែរ មានគម្រោងថតខ្សែភាពយន្តឯកសារថ្មីមួយទៀត ស្ដីពីប្រាសាទសំបូរព្រៃគុក ដែលជារាជធានីនៃអាណាចក្រចេនឡា នាសតវត្សទី៧។
មូលនិធិកេរដំណែលខ្មែរ ឲ្យដឹងនៅក្នុងលិខិតអំពាវនាវរបស់ខ្លួនថា ខ្សែភាពយន្តឯកសារថ្មីនេះ មានគោលដៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឲ្យបានដឹង និងសិក្សាស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរ ដែលកើតឡើងនៅក្នុងសម័យចេនឡា។ ខ្សែភាពយន្តនេះ ក៏នឹងបង្ហាញផងដែរអំពីស្ថានភាពអភិរក្សរបស់ប្រាសាទនៅក្នុងតំបន់សំបូរព្រៃគុក ព្រមទាំងប្រពៃណី ជំនឿ ទំនៀមទម្លាប់របស់ប្រជាជនចំពោះប្រាសាទ។
លោកចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរដំណែលខ្មែរ មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិ នៅថ្ងៃអាទិត្យនេះថា ខ្សែភាពយន្តឯកសារថ្មីស្ដីពី «ប្រាសាទសំបូរព្រៃគុក រាជធានីនៃអាណាចក្រចេនឡានាសតវត្សទី៧» មានរយៈពេល៣០នាទី និងត្រូវចំណាយថវិកាប្រមាណ២ម៉ឺនដុល្លារ ដើម្បីថត និងកាត់ត។ បើតាមលោកចិន្ត ច័ន្ទរតនា មូលនិធិកេរដំណែលខ្មែរមានការតាំងចិត្ត មានបច្ចេកទេស និងមានសមត្ថភាពអាចថតខ្សែភាពយន្តឯកសារដែលមានគុណភាពបាន ប៉ុន្តែមូលនិធិនេះខ្វះលទ្ធភាព គ្មានថវិកាគ្រប់គ្រាន់ដើម្បីដំណើរការថតបាន។
ចំពោះលោកអ្នកដែលមានបំណងចង់ឧបត្ថម្ភដល់មូលនិធិកេរដំណែលខ្មែរ ចំពោះគម្រោងថតខ្សែភាពយន្តឯកសារថ្មីនេះ អាចទាក់ទងទៅកាន់ក្រុមការងារកេរដំណែលខ្មែរ តាមរយៈទូរសព្ទលេខ ០៩៨ ៦៤៥ ៥៥៥ ឬ ០១៦ ៦១៦ ៣១៦៕
No comments:
Post a Comment