នាយករដ្ឋមន្ត្រី ហៅអ្នករិះគន់ រឿងចំណាត់ការ ដោះស្រាយបញ្ហាដីធ្លី ជាក្មេងល្ងង់ និងភ្លើ
ដោយ៖ តាំង វីដា និង ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ នេះ ប្រតិកម្មខ្លាំងៗ ទៅលើអ្ន ករិះគន់រូបលោក លើចំណាត់ការ ដោះស្រាយបញ្ហាដីធ្លី ដោយចាត់ទុកថាអ្នកទាំងនោះជាក្មេងល្ងង់ និងភ្លើ។
ក្នុងពិធី សម្ពោធអគារថ្មី និង ចែកសញ្ញាបត្រ ដល់សិស្ស-និស្សិតវិទ្យាស្ថានប៊ែលធី នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី បានថ្លែងសំដៅ ទៅអ្នករិះគន់ និង ធ្វើការប្រដូចមួយថា វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ បានធ្វើបទអត្ថាធិប្បាយមួយលើបញ្ហាដីធ្លី ដោយមានការគោរព និងវិជ្ជាជីវៈ គ្រាន់បើជាងមនុស្សដែលលោក ហៅថា «អាល្ងង់ និងអាក្មេងភ្លើ»។
លោកនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលលោកលើកឡើង ពាក់ព័ន្ធ នឹង បញ្ហាដីធ្លី កាលពីកន្លងទៅ គឺបញ្ហាចរាចរណ៍ ឯកសារ ដែលតម្រូវឲ្យអភិបាលខេត្តនានាដោះស្រាយជាប្រញាប់។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងថា លោកព្រមានទៅអភិបាលខេត្ត ហេតុអ្វីបានជាខេត្តមិនដោះស្រាយបញ្ហា បណ្តាលឲ្យប្រជាពលរដ្ឋមកដល់ភ្នំពេញ ដោយពុំមានអ្នកគ្រប់គ្រង។ លោកបន្តថា លោកមិនមែនជានាយករដ្ឋមន្ត្រីមិនដឹងអ្វីទាំងអស់នោះទេ តែលោកគ្រាន់តែមិនបានទទួលញត្តិរបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លី។
លោកបញ្ជាក់ថា «និយាយឲ្យលោកឯងភ្លឺភ្នែកតិច ... ខ្ញុំនិយាយអាដំណាក់កាលចុងក្រោយគ្មានអ្នកណារាយការណ៍ឲ្យខ្ញុំរឿងហ្នឹង ខេត្តមិនទទួលខុសត្រូវ រុញប្រជាពលរដ្ឋមកដល់ភ្នំពេញ»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានរិះគន់ទៅកាន់មន្ត្រីសង្គមស៊ីវិល ដែលបានលើកឡើងជុំវិញការអត្ថាធិប្បាយរបស់សង្គមស៊ីវិលពីមូលហេតុ ដែលលោកនាយករដ្ឋមន្ត្រី មិនបានទទួលញត្តិ និងមិនទទួលខុសត្រូវចំពោះពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី«ពួកក្រយ៉ៅលោកឯងនេះខ្ញុំស្គាល់ពេកហើយ ចុះលោកហ៊ុន សែន ទៅប្រកាន់អីក្មេងពាល ពាលនោះមិនព្រមបាត់ពាល នេះអាងខ្លួនធ្វើអង្គការក្រៅរដ្ឋាភិបាល ប្រយ័ត្ន! សូមឲ្យយកចិត្តទុកដាក់ គោរពគ្នាទៅវិញទៅមកផង ហើយបើលោកឯងមិនច្បាស់ទេ មុននឹងនិយាយ លោកឯកគ្រលាស់អណ្តាតឲ្យបាន៥០០០ដងទៅ ស្គាល់ប្រវត្តិហ៊ុន សែន ច្បាស់ទេ។ អ្វីដែលខ្ញុំថ្នាំងថ្នាក់ គឺរយៈពេលចុងក្រោយ ម៉េចបណ្តោយប្រជាពលរដ្ឋឲ្យមក ម៉េចមិនដោះស្រាយនៅហ្នឹង ហើយពេលផ្នែកខាងលើដឹងហើយ ម៉េចមិននាំគ្នាដោះ? ទុកឲ្យប្រជាពលរដ្ឋទៅសភា ទៅផ្ទះខ្ញុំ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត គិតថា ការរិះគន់ និងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ជុំវិញអ្វីដែលសង្គមស៊ីវិល លើកឡើងជុំវិញបញ្ហាដីធ្លីកន្លង គឺគ្រាន់តែជាការណែនាំមួយ ក្នុងនាមជាអាណាព្យាបាលនៃប្រទេសមួយតែប៉ុណ្ណោះ។ លោកយល់ថា អ្វីដែលសំខាន់ រាជរដ្ឋាភិបាល ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បីពិចារណាលើការដោះស្រាយបញ្ហាដីធ្លីនេះ ឲ្យបានលឿន និងប្រសើរ ជាជាងការរិះគន់គ្នាដោយច្រានចោលទំនួលខុសត្រូវទៅវិញទៅមកបែបនេះ «យើងគួរឈប់គិតពីបញ្ហាលាបពណ៌ ពីបញ្ហានៃការរិះគន់។ អ្វីដែលសំខាន់ រាជរដ្ឋាភិបាល ឬសម្តេចនាយករដ្ឋមន្ត្រី ត្រូវតែចាត់វិធានការឲ្យមានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដើម្បីចៀសវាងបាតុភាព ការតវ៉ារឿងដីធ្លីនេះ ជាបន្តទៀត ប្រសិនជាយើងដោះស្រាយ ដោយមិនមានប្រសិទ្ធិភាពទេ បាតុភាពដីធ្លី វាអាចនឹងកក្រើកឡើងជាបន្តបន្ទាប់»។
សម្រាប់ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក លោក នី ចរិយា ចាត់ទុកការរិះគន់របស់លោកនាយករដ្ឋមន្ត្រី មកកាន់ទង្វើរបស់សង្គមស៊ីវិលវិញនេះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមួយ ដែលគប្បីបន្តធានាឲ្យមានទៅកាន់គ្រប់ភាគី ទៅថ្ងៃខាងមុខនេះ។ លោកយល់ថា ថ្វីបើមានការរិះគន់បកមកវិញក្តី តែលោក ជឿជាក់ថា សង្គមស៊ីវិល នឹងនៅតែបន្តឃ្លាំមើលនូវភាពអសកម្មរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា «ខ្ញុំគ្រាន់តែបានដឹងថា ឥឡូវនេះគាត់ទទួលស្គាល់ថា គាត់មិនបានដឹងទេពីមុនមក។ ប៉ុន្តែឥឡូវនេះ គឺគាត់ត្រូវតែដឹង ព្រោះឥឡូវគាត់បានដឹងហើយថា មានរឿងដីធ្លីមែន។ អ៊ីចឹងត្រូវតែរៀបចំវិធានការ ដោះស្រាយបញ្ហា និងទប់ស្កាត់ កុំឲ្យមានបញ្ហាដីធ្លីតទៀត ហើយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋទៅ»។
កាលពីថ្ងៃទី១៨ខែសីហា នាយករដ្ឋមន្ត្រី អះអាងជាលើកដំបូងថា លោកមិនដែលបានទទួលពាក្យបណ្តឹង ពីអ្នករងគ្រោះរឿងដីធ្លី តាមរយៈមន្ត្រីក្រោមឱវាទទេ។ លោកបានថ្លែងថា «ខ្ញុំអំពាវនាវឲ្យ គ្រប់ទីកន្លែង ពាក់ព័ន្ធជាមួយបញ្ហា (ដីធ្លី) ហ្នឹង ខិតខំធ្វើការហើយកុំស្ទក់ពេក ស្ទក់រហូតដល់ចាំ រហូតដល់ពលរដ្ឋមក យកប៉ូលីសខ្ទប់ យកប៉ូលិសខ្ទប់បង្វែរផ្លូវ រួចទទួលយកញត្តិ ហើយអាញត្តិហ្នឹងមិនដឹងយកទៅដល់ណាទេ។ ញត្តិហ្នឹងសូមជម្រាបដល់ពលរដ្ឋ ញត្តិហ្នឹងមិនដឹងថា យកទៅដល់ទីណាទេ? អត់បានមកដល់ខ្ញុំទេអាញត្តិហ្នឹងនោះ! »។
គួរបញ្ជាក់មួយរយៈចុងក្រោយនេះ អ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ បានឡើងមករាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕
No comments:
Post a Comment