អ្នកបឹងកក់ បីនាក់ ត្រូវ បានចាប់ខ្លួន នៅមុខ ទីស្តីការ គណៈរដ្ឋមន្ត្រី
VOD | 22 August 2014
អ្នកបឹងកក់ ៣នាក់ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់ រថយន្ត ក្រោយពីពួក គេបានបង្ហាញមុខនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តវ៉ាទាមទារ ដំណោះស្រាយដីធ្លី។
នៅម៉ោងជាង ៨ព្រឹកថ្ងៃសុក្រ នេះ អ្នកមានជម្លោះដីធ្លីមួយចំនួន បានប្រមូលផ្តុំ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ។ តាមគម្រោង អ្នកមានជម្លោះដីធ្លី រួមមានអ្នកបឹងកក់ បុរីកីឡា ថ្មគោល និងអ្នកឡពាង នឹងប្រមូលផ្តុំ ដើម្បីសុំដំណោះស្រាយ ដីធ្លីពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការប្រមូលផ្តុំនេះ ត្រូវបានសន្តិសុខខណ្ឌ រាប់សិបនាក់ បំបែក ដោយមានការប្រទុស្តសារាយ ដោយហិង្សា ក្នុងនោះ ស្ត្រីពីរនាក់ និង បុរសម្នាក់ ដែលជាប្រជាពលរដ្ឋ មកពីតំបន់បឹងកក់ ត្រូវបានចាប់ខ្លួន។ ស្ត្រីម្នាក់ ក្នុងចំណោម ពីរនាក់ នោះ មានម្នាក់ឈ្មោះ បូ ឆវី។ សេចក្តីរាយការណ៍ ពីកន្លែង កើតហេតុ ឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានបញ្ជា ឲ្យបំបែក អ្នកតវ៉ាទាំងនោះ នៅពេលពួកគេ លើកបដា សុំដំណោះស្រាយ ដីធ្លី។
នៅព្រឹកថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបើកកិច្ចប្រជុំនៅវិមានសន្តិភាព។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់បានដឹងពីការចាប់ខ្លួននេះទេ ហើយលោកថាលោកនឹងតាមដានករណីនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នឹងចូលប្រជុំដើម្បីកំណត់ថាតើមេទាហាន មេប៉ូលិស មេប៉េអឹម នឹងត្រូវគ្រប់គ្រង ដោះស្រាយរបៀបម៉េច ហើយត្រូវទទួលញត្តិយកទៅណា ពេលប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ា៕
No comments:
Post a Comment