ប្រជាពលរដ្ឋ មានជម្លោះ ដីធ្លី នៅស្រុក ពញា ឮ, ខេត្ត កណ្តាល សុំអន្តរាគមន៍ ពីលោក ហ៊ុន សែន
VOD | ២៣ សីហា ២០១៤
ប្រជាពលរដ្ឋ មានជម្លោះដីធ្លី ចំនួន២ឃុំ មកពីស្រុកពញាឮ ខេត្តកណ្តាល ឡើងមក សុំអន្តរាគមន៍ ដល់មុខផ្ទះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីជម្លោះដីធ្លី អូសបន្លាយ ជិត១០ឆ្នាំ ជាមួយក្រុមហ៊ុនមួយ។ ប្រជាពលរដ្ឋ ប្រមាណ៧០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ១៣៤គ្រួសារ មកពីប្រាំភូមិ ក្នុងឃុំចំនួនពីរ នៃស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍នេះ បានឡើងដល់ គេហដ្ឋាន លោក ហ៊ុន សែន ដើម្បីរក អន្តរាគមន៍ ករណីក្រុមហ៊ុន ឡាយហៀង ប្តឹងពួកគាត់ ឡើងតុលាការ ដោយចោទថាលួចលក់ ដីក្រុមហ៊ុន ខណៈពួកគាត់ ជាម្ចាស់ដីពិតប្រាកដ។ ប៉ុន្តែ កម្លាំងសមត្ថកិច្ច បានបង្វែរ ប្រជាពលរដ្ឋ ទាំងនោះ ឲ្យទៅជួបជុំគ្នា នៅក្រោមដើមពោធិ៍ មុខ វត្ត បទុម វត្តី វិញ។
ពលរដ្ឋម្នាក់ ដែលអះអាងថា ជាតំណាង ប្រជាពលរដ្ឋ ១៣៤គ្រួសារ លោក គុយ ចាន់ថន ឲ្យអ្នកសារព័ត៌មាន ដឹងនៅក្រោម ដើមពោធិ៍ មុខវត្តបទុមវត្តីថា ស្ត្រីឈ្មោះ លឹម គា តំណាងក្រុមហ៊ុន របស់លោកស្រី ឡាយ ហៀង បានប្ដឹង តំណាង ប្រជាពលរដ្ឋ៤នាក់ ទៅតុលាការ ខេត្តកណ្តាល ពីបទលួចលក់ ដីក្រុមហ៊ុន។ លោកបន្តថា ប្រជាពលរដ្ឋ បានកាន់កាប់ ដីនោះ តាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំ២០០៨ លោកហ៊ុន សែនបានចេញសេចក្តីសម្រេច ធ្វើសម្បទាន ឲ្យប្រជាពលរដ្ឋ ប៉ុន្តែនៅឆ្នាំនោះ ដែរក្រុមហ៊ុន របស់អ្នកស្រី ឡាយ ហៀង បានចេញមុខ អះអាងថា ដី នោះជារបស់ខ្លួន ហើយបានប្ដឹង ចោទប្រជាពលរដ្ឋ ពីបទលួចលក់ដីក្រុមហ៊ុន។
ស្ត្រីវ័យចំណាស់ អាយុ៨១ឆ្នាំ ឈ្មោះ ស៊ុំ តែម ដែលគ្រោងនឹងឡើងតុលាការ នៅថ្ងៃទី២៥ សីហា ខាងមុខនេះ លោកយាយរៀបរាប់ថា ដីនោះគឺជាដី របស់ប្រជាពលរដ្ឋ កាន់កាប់ តាំងពីឆ្នាំ១៩៧៩ ហើយថា គាត់មានវ័យចំណាស់ហើយ មិនបានទៅលួចដីរបស់ ក្រុមហ៊ុនទេ។ លោកយាយ អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ខណៈពួកគាត់មានជីវភាពក្រីក្រហើយ ត្រូវបាន អ្នកមានលុយ រំលោភបំពាន។
ពលរដ្ឋឲ្យដឹងថា ដីមានទំនាស់នោះស្ថិតនៅឃុំឈ្វាំង និងឃុំជ្រៃលាស់ មានចំនួន៥ភូមិបានប៉ះពាល់ដល់ប្រជាពលរដ្ឋ១៣៤គ្រួសារ ស្មើនឹង១៥៥ហិកតា រួមមានដីភូមិ និងដីអាស្រ័យផល៕
No comments:
Post a Comment