ជនរងគ្រោះ ទទួលយក សាលក្រម ដាក់ទោស មេដឹកនាំ ខ្មែរក្រហម ជាប់គុក មួយជីវិត
លោក Soum Rithy ដែលបាត់បង់ឪពុកនិងបងប្អុនបីនាក់ក្នុងអំឡុងសម័យខ្មែរក្រហម យំនិងអោបជនរងគ្រោះម្នាក់ទៀតនៅក្រោយពីតុលាការខ្មែរក្រហមបានប្រកាសសាលក្រមចំពោះអតីតមេដឹកនាំខ្មែរក្រហមខៀវ សំផន និង នួន ជា។
ភ្នំពេញ—សំឡេងស្រែកយំ និង ស្នូរទះដៃអបអរសារទរ បានបន្លឺព្រម គ្នាខណៈពេល ដែលអង្គជំនុំជម្រះ របស់សាលាក្តីខ្មែរក្រហម បានប្រកាសផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមកំពូល ចំនួនពីរ រូបគឺលោក នួនជា អតីតបងធំទីពីរបន្ទាប់ពីប៉ុល ពត និង លោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដាក់ពន្ធនាគារអស់មួយជីវិត។
សាលក្រមដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាងបីទសវត្សរ៍ ត្រូវបានលោកនិល ណុន ប្រធានចៅក្រមជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមបានអានអស់រយៈពេលជាង១ម៉ោង។លោកបានប្រកាសផ្តន្ទាទោសលោក នួន ជា និងលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតដូចគ្នាបន្ទាប់ពីតុលាការបានរកឃើញថាមេដឹកនាំទាំងពីរជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តធ្វើឡើងក្នុងទឹកដីប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដល់ ខែធ្នូឆ្នាំ១៩៧៧។
លោកនិយាយថា៖ «អង្គជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា ដាក់ ពន្ធនាគារអស់មួយជីវិត។ អង្គជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទខៀវ សំផនដាក់ពន្ធនាគារអស់មួយជីវិត។»
លោក ជុំ ម៉ី អាយុ៨៤ឆ្នាំ អ្នករស់រានមានជីវិតពីគុកទួលស្លែងបានមានប្រសាសន៍ប្រាប់ក្រុមអ្នកការសែតដែលបានចោមរោមសួរលោកបន្ទាប់ពីលោកបានដើរចុះពីបន្ទប់ជំនុំជម្រះថាលោកពេញចិត្តនឹងសាលក្រមនេះ។
លោកបាននិយាយទាំងទឹកភ្នែករលីងរលោងថាអ្វីដែលលោកចង់បានឱ្យមេដឹកនាំខ្មែរក្រហមជាប់គុកអស់មួយជីវិតនោះ ឥឡូវបានសមនឹងបំណងដែលលោកចង់បានហើយ។
លោកបាននិយាយថា៖ «ចំពោះខ្ញុំ ខ្ញុំប្បាយចិត្តហើយ។ យុត្តិធម៌១០០%។យើងរង់ចាំតែពីរអ្នកហ្នឹងកាត់ទោសតើ។រឿងផ្ទាល់ខ្លួនខ្ញុំសំណងគឺថាយើងចង់បានកសាងជាស្តូបមួយទុកជាអនុស្សាវរីយ៍ នៅកន្លែងណាដែលសំខាន់ៗ ដែលការកាប់សម្លាប់ច្រើន។»
មិនមានសាច់ញាត្តិលោក នួន ជា និង លោក ខៀវ សំផន មកស្តាប់ការប្រកាសសាលក្រមនេះទេពោលគឺមានតែជនរងគ្រោះដែលជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនិងអ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហមប៉ុណ្ណោះបានមកស្តាប់ការប្រកាសសាសក្រមនេះ។
លោក ប៊ូ ម៉េង អ្នករស់រានមានជីវិតពីគុកទួលស្លែងម្នាក់ទៀតមានប្រសាសន៍ពេញចិត្តនឹងសាលក្រមនេះដែរ។លោកនិយាយថា៖ «ខ្ញុំ ពេញចិត្ត ១០០% បាទ។ បានពេញចិត្តពីព្រោះបំណងខ្ញុំ មានបំណងអញ្ចឹងថាត្រូវជាប់គុកប៉ុន្មាន នួន ជា និង ខៀវ សំផន។ ខ្ញុំថាត្រូវជាប់មួយជីវិត ហើយឥឡូវបានជាប់មួយជីវិតតាមបំណងដែលខ្ញុំចង់បានមែន។»
មានជនរងគ្រោះក្នុងរបបខ្មែរក្រហមខ្លះក៏មិនពេញចិត្តនឹងប្រកាសសាលក្រមនេះដែរដោយអ្នកខ្លះចង់បានឱ្យដាក់ទោសធ្ងន់ជាងនេះ។
បុរសម្នាក់បាននិយាយទាំងកំហឹងថា៖ «នៅពេលដែលស្លាប់ទៅខៀវ សំផន និង នួន ជា យកឆ្អឹងគាត់ទៅដាក់ខ្នោះបោះទៅបាតសមុទ្រទៀតបានល្អ។ត្បិតអីអស់មួយជីវិត តិចណាស់។ឱ្យដាក់គុកឱ្យបាន១០០ឆ្នាំ។គាត់ងាប់ទៅយកឆ្នឹងគាត់មកវាយជាខ្នោះដាក់ឱ្យកូនខ្មែរមើល ឱ្យអន្តរជាតិមើលតទៅទៀត។»
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យបានមើលឃើញថាការប្រកាសសាលក្រមនេះអយុត្តិធម៌ទៅវិញដោយសារតែតុលាការខ្មែរក្រហមបានបង្កើតឧក្រិដ្ឋកម្មមួយហើយយកឧក្រិដ្ឋកម្មនោះទៅចោទប្រកាន់ទៅលើជនជាប់ចោទ ដែលទង្វើនេះផ្ទុយនឹងច្បាប់។
លោក បាននិយាយ ថា៖ «ការសម្រេចទោសនេះប្រសិនបើអត់មានសហឧក្រិដ្ឋកម្មរួមគឺចោទអត់ជាប់ទេ។អត់ជាប់ទាំងអស់ នេះគឺដដែលៗទេ យករឿងឧក្រិដ្ឋកម្មរួមបើអត់មានទេធម្មតាទេ អត់មានជាប់បានទេជាប់អត់បានទេ។»
លោក ឡុង បញ្ញវុធ ប្រធានគម្រោងរបស់អង្គការគំនិតផ្តួចផ្តើមសង្គមសេរីនៅកម្ពុជាមានប្រសាសន៍ថាលោកនៅមានភាពមិនច្បាស់លាស់នៅឡើយនៅពេលដែលលោកប្រធានចៅក្រមបានកាត់ទោសលោកខៀវ សំផនឱ្យជាប់ពន្ធនាគារអស់មួយជីវិតដូចលោកនួន ជាដែរដោយសារតែលោក ខៀវ សំផនជាអ្នកទំនុកបម្រុង នៃបទល្មើសឬមួយបានចូលរួមជាមួយលោក នួន ជាដែរ។
លោក បាននិយាយ ថា៖ «យើងជឿថាការកាត់ទោសអស់មួយជីវិតនេះជនរងគ្រោះប្រាកដជាបានស្រាកស្រាន្តក៏ប៉ុន្តែសម្រាប់យើងអ្នកច្បាប់យើងចង់មើលអំពីមុខងារមួយៗនៃជនជាប់ចោទទាំងពីរដែលត្រូវបានកាត់ឱ្យមានទោសហ្នឹងគឺនួន ជា និងខៀវ សំផន។តើគាត់មានមុខងារ អំណាចដូចគ្នាដែរឬអត់ដែលយើងមើលយុតិ្តធម៌គឺទាំងអស់គ្នាអំពីការចូលរួមរបស់ជនជាប់ចោទផងនិងយុត្តិធម៌របស់ជនរងគ្រោះផង។»
របបគ្រប់គ្រងដោយពួកខ្មែរក្រហមត្រូវបានគេស្តីបន្ទោសថាបានសម្លាប់ប្រជាជនខ្មែរអស់ជាង១លាន៧សែននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដោយសារការធ្វើទារុណកម្ម ការបង្អត់អាហារ ធ្វើការជាទម្ងន់ និងការកាប់សម្លាប់។
មានមេដឹកនាំចំនួនបីនាក់ហើយត្រូវបានតុលាការបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត គឺ លោក កាំង ហ្កេកអ៊ាវ ហៅឌុចអតីតមេគុកទួលស្លែង លោក នួន ជា អតីតប្រធានរដ្ឋសភា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋ។ ចំណែកលោក អៀង សារីបានស្លាប់បាត់បង់ជីវិតមុនពេលការប្រកាសសាលក្រម ខណៈពេលដែលភរិយារបស់លោកគឺលោក ស្រី អៀង ធីរិទ្ធត្រូវបានតុលាការរកឃើញថាមានជំងឺវង្វេងវង្វាន់យ៉ាងធ្ងន់ធ្ងរ៕
No comments:
Post a Comment