ទោះ ជាមាន ការសន្យា ពីភាគីឡាវ ស្តីពី ការផ្អាក ការអភិវឌ្ឍន៍ ទំនប់វារី អគ្គីសនី ដនសាហុង ក៏ដោយ ក៏អង្គការ សង្គមស៊ីវិល នៃបណ្តាប្រទេស ប្រជាជាតិ ទន្លេមេគង្គ នៅតែ សម្តែង ការព្រួយ
បារម្មណ៍ ដដែល ដោយហេតុ ថា, ផុតពីការផ្អាក រយៈពេល ៦ខែ ទៅតើ ភាគី ឡាវ នឹងបញ្ឈប់ សកម្មភាព សាងសង់ ឬយ៉ាងណា?
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិកា មិនមែន រដ្ឋាភិបាល ស្ដីពី កម្ពុជា បានលើក ឡើង ថា, គេ មិនអាច ជឿជាក់បានទេ ថា ប្រទេសឡាវ នឹងបញ្ឈប់ គម្រោងសាងសង់ របស់ខ្លួន នៅពេល ដែលគេ រកឃើញថា សំណង់ វារី អគ្គីសនីនោះ មានផល ប៉ះពាល់ ឆ្លងដែន ធ្ងន់ធ្ងរ។
ពាក់ព័ន្ធទៅនឹងភាពមិនច្បាស់លាស់របស់ភាគីឡាវនាពេលនេះ ក្រុមអង្គការសង្គមស៊ីវិលគ្រប់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គនឹងធ្វើការសិក្សានិងស្រង់យកមតិយោបល់ព្រួយបារម្មណ៍ ពីប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ហើយធ្វើជារបាយការណ៍បញ្ជូនទៅកាន់រដ្ឋាភិបាលឡាវ ម្ចាស់គម្រោងដនសាហុង និងគណៈកម្មការទន្លេមេគង្គ។
ជាមួយគ្នានេះ ពួកគេក៏គ្រោងសរសេរលិខិតទៅប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៤ ដែលស្ថិតនៅជាប់ទន្លេមេគង្គ មានកម្ពុជា វៀតណាម ឡាវ និងថៃ ថែមទាំងចង់ឲ្យភាគីឡាវយកក្តីព្រួយបារម្មណ៍ទាំងនេះ ទៅបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ផងដែរ។
កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវថ្មី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានរំលឹកភាគីឡាវពីការប្រើប្រាស់ទឹកដោយចីរភាពនៅតាមដងទន្លេមេគង្គដែរ ដោយភាគីឡាវបានសម្រេចផ្អាកការសាងសង់បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីចុងខែមេសាកន្លងទៅនេះនៅប្រទេសថៃ។
ក៏ប៉ុន្តែលោក តឹក វណ្ណារ៉ា យល់ថានេះគឺគ្រាន់តែជាការរំលឹកមួយប៉ុណ្ណោះ ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នៅលើទីតាំងជាក់ស្តែង ឃើញថាភាគីឡាវនៅបន្តមានសកម្មភាពនៅឡើយ ដោយគេកំពុងធ្វើស្ពានពីចំណុចហួសាដាំ ភ្ជាប់ទៅចំណុចហួសាហុង នៃប្រទេសឡាវ ដែលជាផ្នែកមួយសម្រួលដល់ការសាងសង់ទំនប់ដនសាហុង។
ទោះជាយ៉ាងនេះ ក្តី ការសាងសង់ទំនប់ដនសាហុងរបស់ភាគីឡាវ នៅលើទីតាំងទន្លេមេនៃទន្លេមេគង្គ នៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែទឹកខាងក្រោម ដូចជាធនធានជលផល ការ
ប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះ និងការប្រកបការងារកសិកម្មរបស់ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គជាដើម៕
No comments:
Post a Comment