លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា វិបត្តិនយោបាយនៅមិនទាន់ចប់ទេប្រសិនបើតុលាការនៅបន្តចាត់នីតិវិធីប្រឆាំងនឹងសកម្មជនគណបក្សប្រឆាំងទៀតនោះ។ ការអះអាងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ខណៈដែលមេដឹកនាំបក្សប្រឆាំងចុះទៅជួបអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង ដែលឡើងមកតវ៉ាបញ្ហាដីធ្លីនៅភ្នំពេញ ហើយកំពុងស្នាក់នៅជាមួយអ្នកភូមិបឹងកក់។
សារព្រមានអំពីវិបត្តិនយោបាយមិនទាន់ចប់របស់លោក សម រង្ស៊ី បានធ្វើឡើងក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅសកម្មជនបក្សប្រឆាំងម្នាក់ទៀតគឺ លោក មៀច សុវណ្ណារ៉ា មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យារបស់គណបក្សសង្គ្រោះជាតិឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១កញ្ញាខាងមុខនេះទាក់ទងនឹងអំពើហិង្សាកាលពីថ្ងៃទី១៥កក្កដានៅក្បែរទីលានប្រជាធិបតេយ្យ។ ចំណែកឯសកម្មជនយុវជនគណបក្សសង្គ្រោះជាតិ៣នាក់ដែលកំពុងជាប់មន្ទីរឃុំឃាំងពីបទចោទដូចគ្នាដែរនោះក៏នៅមិនទាន់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅឡើយដែរ។
គួរកត់សម្គាល់ថា ក្រោយពីមានកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី ២២ កក្កដាមក តំណាងរាស្ត្រ៧នាក់និងសកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិត្រូវបានដោះលែងឲ្យមានសរីភាពពីការឃុំឃាំង។ ទោះជាយ៉ាងណា សំណុំរឿងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ កក្កដា នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ តុលាការនៅបន្តចោទប្រកាន់សកម្មជនបក្សសង្គ្រោះជាតិជាបន្តបន្ទាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា អ្នកញុះញង់ និងអ្នកប្រព្រឹត្តហិង្សានឹងមិនត្រូវអនុញ្ញាតឲ្យរួចផុតពីផ្លូវច្បាប់ឡើយ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងខិតខំធ្វើយ៉ាងណាឲ្យស្មារតីកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី ២២ កក្កដា ត្រូវបានគោរពទាំងអស់គ្នាដើម្បីបិទបញ្ចប់ទាំងស្រុងកាកសំណល់នៃវិបត្តិនយោបាយនៅកម្ពុជា៕
No comments:
Post a Comment