ជប៉ុន សន្យាជាថ្មី ផ្តល់ជំនួយ បច្ចេកទេស និងអ្នកជំនាញ កិច្ចការបោះឆ្នោត មកកម្ពុជា
VOD | ២២ សីហា ២០១៤
មន្ត្រី គណៈប្រតិភូ ជប៉ុន នៅថ្ងៃសុក្រនេះ សន្យាជាថ្មី នឹងផ្តល់ជំនួយ បច្ចេកទេស និងអ្នកជំនាញ ខាងកិច្ចការបោះឆ្នោត មកកាន់ម្ពុជា, ហើយ ប្រទេសនេះ នឹងបន្តឃ្លាំមើល ស្ថានការណ៍ នយោបាយ នៅកម្ពុជា។
ការសន្យានេះ ធ្វើឡើង ក្នុងជំនួប រវាង គណៈប្រតិភូ ជប៉ុន ដឹកនាំ ដោយលោក Azuma KOSHIISHI អនុប្រធាន ព្រឹទ្ធសភា ជាមួយ នឹង អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។
ថ្លែង ក្នុងសន្និសីទ សារព័ត៌មាន ក្រោយជំនួប ពិភាក្សា អស់រយៈពេល ១ម៉ោងកន្លះ នៅមន្ទីរ រដ្ឋសភាជាតិ, ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យដឹងថា ប្រទេស ជប៉ុន នឹងជួយកម្ពុជា យ៉ាងពេញទំហឹង ក្នុងកិច្ចការងារ កំណែទម្រង់ ការបោះឆ្នោត ស្របតាម សំណើ របស់ គណបក្ស ទាំងពីរ ដែលមាន អាសនៈ ក្នុងសភា ដោយសារ ជប៉ុន មានមធ្យោបាយ ច្រើន ក្នុងកិច្ចការនេះ ទាំងផ្នែក បច្ចេកទេស មន្ត្រី ជំនាញ និងហិរញ្ញវត្ថុ ដើម្បី លើកស្ទួយ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ យ៉ាងណា ក៏ដោយ, លោក ថា កិច្ចពិភាក្សនេះ មិនទាន់ បាន កំណត់ កាលបរិច្ឆេទ នៃការស្នើ ជំនួយនេះ ឡើយទេ។
លោក កឹម សុខា បញ្ជាក់ថា ការស្នើជំនួយលើកិច្ចការងារបោះឆ្នោតពីប្រទេសជប៉ុននេះ នឹងធ្វើឡើង បន្ទាប់ពីក្រុមការងារគណបក្សទាំងពីរបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចរាល់ ហើយច្បាប់ស្តីពីការបោះឆ្នោត ត្រូវបានបង្កើតឡើងជាស្ថាពរ។
កាលពីខែឧសភាកន្លងទៅ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញខាងកិច្ចការបោះឆ្នោត មកកាន់កម្ពុជាផងដែរ ដើម្បីជួយរៀបចំកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ហើយប្រតិភូជប៉ុន ពេលនោះ ក៏បានជួបក្រុមមន្ត្រីជាន់ខ្ពស់ខាងកិច្ចការបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីពីការប្ដេជ្ញាចូលរួមរបស់អ្នកជំនាញជប៉ុននៅឡើយទេ ៕
No comments:
Post a Comment