Paris Peace Accords 23 Oct. 1991

Tuesday, August 19, 2014

លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​ អ្នក​នាំ​ពាក្យ​ ពង្រឹង​តួនាទី​របស់​ខ្លួន


លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​ អ្នក​នាំ​ពាក្យ​ ពង្រឹង​តួនាទី​របស់​ខ្លួន

សិក្ខាសាលាស្តីពីតួនាទីរបស់អ្នកនាំពាក្យនៅឯសណ្ឋាគារសាន់វ៉េនៅរសៀលថ្ងៃអង្គារទី១៩សីហានេះ។
សិក្ខាសាលាស្តីពីតួនាទីរបស់អ្នកនាំពាក្យនៅឯសណ្ឋាគារសាន់វ៉េនៅរសៀលថ្ងៃអង្គារទី១៩សីហានេះ។
RFI / ប៉ែន បូណា / 19 សីហា 2014


លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​ជំរុញ​ឲ្យ​អ្នក​នាំ​ពាក្យ​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ដល់​សាធារ​ណជន។ ការ​ជំរុញ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​បិទ​សិក្ខាសាលា​រយៈ​ពេល​ពីរ​ថ្ងៃ​ស្តីពី​តួនាទី​របស់​អ្នក​នាំ​ពាក្យ​នៅ​ឯ​សណ្ឋាគារ​សាន់វ៉េ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។


ថ្លែង​ទៅកាន់​អ្នក​នាំ​ពាក្យ​មកពី​ក្រសួង​នានា និង​មកពី​បណ្តា​ខេត្ត រាជ​ធានី ខណ្ឌ  លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​អ្នក​នាំ​ពាក្យ​ទាំង​អស់​ពង្រឹង​តួនាទី​របស់ខ្លួន និង​ត្រូវ​ផ្តល់​ព័ត៌​មាន​ដល់​សាធារ​ណជន​ឲ្យ​បាន​ឆាប់​រហ័ស និង​ជា​ព័ត៌​មាន​ពិត។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​បិទ​សិក្ខា​សាលា​ស្តី​ពី​តួនាទី​របស់​អ្នកនាំពាក្យ​នៅ​ឯ​សណ្ឋាគារ​សាន់វ៉េ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៩​សីហា​នេះ។ សិក្ខា​សាលា​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​គាំទ្រ​ដោយ​មូល​និធិ Konrad Adenauer  របស់​អាល្លឺម៉ង់ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ«តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ការងារ​របស់​អ្នក​នាំ​ពាក្យ​មាន​ប្រសិទ្ធភាព?»។ មាន​អ្នក​នាំ​ពាក្យ​មកពី​ក្រសួង ខេត្ត រាជធានី និង​ខណ្ឌ សរុប​ជាង ៥០ នាក់​បាន​ចូលរួម​ក្រោម​ការជួយ​បង្ហាត់​បង្ហាញ​ពី​អ្នក​ជំនាញ​របស់​មូលនិធិ Konrad Adenauer  ។

លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​អ្នក​នាំ​ពាក្យ​បង្កើន​សមត្ថភាព​របស់​តាមរយៈ​ការ​តាម​ដាន​ព័ត៌មាន និង​ក្តាប់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ព្រម​ទាំង​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​សារព័ត៌​មាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ លោក​រដ្ឋ​មន្ត្រី​ក៏​ដូច​ជា​អ្នក​ជំនាញ​របស់​មូលនិធិ​ខុនរ៉ាដ​ដែរ​បាន​សម្គាល់​ឃើញ​ថា អ្នក​នាំ​ពាក្យ​ទាំង​អស់​ដែល​ជា​សិក្ខាកាម​សុទ្ធ​តែ​មាន​សម​ត្ថ​ភាព​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ។

ប៉ុន្តែ អ្វីដែល​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ព្រួយ​បារម្ភ​នោះ​គឺ ប្រធាន​ស្ថាប័ន​មួយ​ចំនួន​មិន​បាន​ផ្តល់​តួនាទី​ពិត​ប្រាកដ​ដល់​អ្នក​នាំ​ពាក្យ​របស់ខ្លួន​ទេ។ យ៉ាង​ណាក៏​ដោយ លោក​ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​អ្នកនាំ​ពាក្យ​បញ្ចុះ​បញ្ចូល​ប្រធាន​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​យល់​ពី​សារ​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ដើម្បី​ឲ្យ​ពួកគេ​ប្រគល់​តួនាទី​ពិត​ប្រាកដ​ដល់​អ្នក​នាំ​ពាក្យ។ លោក​រដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​សំណើ​របស់​តំណាង​មូលនិធិ Konrad Adenauer  លោក Demis Schrey ដើម្បី​រៀបចំ​ឲ្យ​មាន​សន្និ​សីទ​កាសែត​ជា​ទៀង​ទាត់​របស់​អ្នកនាំពាក្យ​ជាមួយ​អ្នក​កាសែត​ផង​ដែរ.

សូម​បញ្ជាក់​ថា មូលនិធិ​របស់​អាល្លឺម៉ង់​ខាង​លើ​នេះ​បាន​ជួយ​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​តួនាទី​របស់​អ្នកនាំពាក្យ​ចាប់តាំងពី​ឆ្នាំ ២០១១ មក។ សិក្ខាសាលា​និង​វគ្គ​បណ្តុះបណ្តាល​អ្នកនាំពាក្យ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន​ត្រូវបាន​បើក​ធ្វើជា​បន្តបន្ទាប់៕

No comments:

Post a Comment