ក្រុមអ្នកភូមិ បានស្នាក់នៅផ្ទះរបស់សកម្មជនដីធ្លីនៅបឹងកក់ អ្នកស្រី ទេព វន្នី។ កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកភូមិបានលើកបដា ធ្វើសន្និសីទកាសែត នៅកណ្តាលផ្លូវ ក្នុងតំបន់បឹងកក់។ អ្នកភូមិនៅឃុំតាជេស ទាមទារដីមកវិញ ហើយសុំឲ្យដោះលែងតំណាងទាំង ៥ រូប ជាបន្ទាន់ ដែលត្រូវបានចាប់ឃុំ ដោយអយុត្តិធម៌ កាលពីថ្ងៃទី២២កក្កដា ចំនួន ២នាក់ និងថ្ងៃទី១២សីហា ចំនួន ៣ នាក់។
អ្នកភូមិក៏បានទទូចសុំឲ្យរដ្ឋាភិបាល និងសមាជិកសភា ចាត់វិធានការអន្តរាគមន៍ដោយបញ្ឈប់ក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ កុំឲ្យបន្តរំលោភយកដី និងបញ្ឈប់ការសង់របងលើដីទំនាស់នោះទៀត ពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍បំបែកការទាមទារ និងចាប់ចងអ្នកភូមិ។ អ្នកភូមិលើកឡើងថា អាជ្ញាធរ និងតុលាការ ខេត្តកំពង់ឆ្នាំង បានលម្អៀងទៅក្រុមហ៊ុន ខេឌីស៊ី ព្រោះអ្នកភូមិ ប្តឹងក្រុមហ៊ុនរំលោភដី យូរឆ្នាំហើយ តុលាការមិនដោះស្រាយទេ តែនៅពេលក្រុមហ៊ុន ធ្វើរបងព័ទ្ធដីជម្លោះ ហើយបង្កជម្លោះ ក៏ប្តឹងចាប់អ្នកភូមិដាក់ពន្ធនាគារទៅវិញ។
តំណាងអ្នកភូមិឡពាង អ្នកស្រី អ៊ុំ សុភី ភរិយាលោកស្ងួនញឿន ដែលត្រូវប៉ូលិសចាប់ កាលពីថ្ងៃទី១២សីហា បានឲ្យដឹងថា អ្នកភូមិទាំង ៨២ នាក់ បន្តស្នាក់នៅភ្នំពេញ និងរៀបចំដាក់ញត្តិជាថ្មី ស្វែងរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ក្រសួងពាក់ព័ន្ធ ទូត និងរដ្ឋសភា ឲ្យដោះស្រាយបញ្ហាដីធ្លី និងសុំឲ្យដោះលែងអ្នកភូមិទាំង ៥ នាក់។ ក្រុមអ្នកភូមិ ក៏បានជំរុញឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង គោរពតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨សីហា។ នោះគឺអាជ្ញាធរខេត្ត ត្រូវទទួលខុសត្រូវដោះស្រាយបញ្ហាដីធ្លីដល់អ្នកភូមិ មិនត្រូវព្រងើយកន្តើយ មិនជួបដោះស្រាយជាមួយអ្នកភូមិដូចពេលកន្លងមកនោះទេ។
ជម្លោះដីនៅឃុំតាជេសត្រូវបានលោកអង្គវង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជូនលិខិតទៅកាន់ប្រធានតុលាការខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងដោះស្រាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤។ ប៉ុន្តែនៅថ្ងៃទី១៧កក្កដា ក្រុមអ្នកភូមិ និងក្រុមកម្មករធ្វើរបងរបស់ក្រុមហ៊ុន ខេឌីស៊ី ប៉ះទង្គិច ដោយហិង្សា បណ្តាលឲ្យរបួសទាំងសង្ខាង។ ក្រុមកម្មកររបស់ក្រុមហ៊ុន ដែលរងរបួស បានប្តឹងក្រុមអ្នកភូមិ ទើបមានការចាប់ខ្លួនបុរសតំណាងអ្នកភូមិទាំង ៥ នាក់។
មកដល់ពេលនេះ អ្នកស្រី អ៊ុំ សុភី បានអះអាងថា អ្នកភូមិទាំង ៥ ភូមិ ចំនួន ៨២ គ្រួសារ មានទំហំដី ១៨២ ហិកតា មិនទាន់ដោះស្រាយ។ ប៉ុន្តែតំណាងក្រុមហ៊ុនខេដីស៊ី លោកមេធាវី ផាត់ ពៅស៊ាង បានឲ្យដឹងថា នៅសល់តែអ្នកភូមិ ១៦ គ្រួសារប៉ុណ្ណោះ ដែលមិនទាន់ដោះស្រាយ ទទួលយកសំណងពីក្រុមហ៊ុន។ ក្រុមហ៊ុន ខេឌីស៊ី អះអាងថា មានប្លង់ដីត្រឹមត្រូវ ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស លើដីនៅជាប់ផ្លូវជាតិលេខ៥ ក្នុងឃុំតាជេស៕
No comments:
Post a Comment