Paris Peace Accords 23 Oct. 1991

Friday, August 8, 2014

គណបក្ស​ ទាំង​ពីរ​ ព្រមព្រៀង​ បញ្ចប់​វប្បធម៌​ គុំគួន ​និង​លាប​ពណ៌​គ្នា | Both parties agree to end the culture of revenge

គណបក្ស​ ទាំង​ពីរ​ ព្រមព្រៀង​ បញ្ចប់​វប្បធម៌​ គុំគួន ​និង​លាប​ពណ៌​គ្នា

RFA | ៨ សីហា ២០១៤

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​ អ្នក​កាសែត បន្ទាប់ ​ពី​ប្រជុំ នៅ​មន្ទីរ​ រដ្ឋសភា ថ្ងៃ ​ទី៨ ខែ​សីហា ឆ្នាំ២០១៤។  RFA/Yeang Socheametta

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ ប្រជាពលរដ្ឋ​ខ្មែរ​ កត់ត្រា​ ទុក​ នវ​ពាក្យ​សម្ដី ​របស់ ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​លើក​ឡើង​ ថា, អ្នក​នយោបាយ ​ខ្មែរ​ គួរ​បញ្ចប់ ​នូវ​វប្បធម៌ ​គុំគួន ឬ​វប្បធម៌​ «ទឹក​ ឡើង, ​ត្រី​ស៊ី​ ស្រមោច; ទឹក ​ហោច, ស្រមោច ស៊ី​ត្រី»

លោក ហ៊ុន សែន ក៏​ទាមទារ​ ឲ្យ​បក្ស​ប្រឆាំង ឈប់​ហៅ ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ ប្រជាជន​កម្ពុជា ថា​, ជា​អាយ៉ង ​របស់​យួន។  ការ​ថ្លែង ​របស់លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ ក្នុង​សម័យ​ប្រជុំ​ សភា ដែល​មាន​ ការ​ចូលរួម​ របស់​ តំណាង​រាស្ត្រ ​គណបក្ស ​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ដើម្បី​ ពិភាក្សា និង​អនុម័ត ​លើ​សេចក្តី​ ស្នើ​វិសោធនកម្ម​ ប្រការ​ ៦​ថ្មី នៃ​បទបញ្ជា ​ផ្ទៃ​ក្នុង ​រដ្ឋសភា ដែល​បក្ស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ កាល​ពី​ពេល ​ថ្មីៗ​នេះ។


ស្ថានភាព ​នយោបាយ​នៅ​កម្ពុជា ហាក់​ធូរ​ស្រាល ​មួយ​កម្រិត​ ថែម​ទៀត បន្ទាប់ ​ពី​តំណាង​រាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ ព្រម​ចូល​ប្រជុំ​ សភា ដែល​ពួក​គេ​ បាន​ធ្វើ​ ពហិការ​ អស់​រយៈពេល ​ជិត​មួយ​ឆ្នាំ ​កន្លង​មក​ហើយ។  ការ​ចូល​ប្រជុំ​ សភា​ របស់​ តំណាង​រាស្ត្រ​បក្ស ​ប្រឆាំង​ ពេល​នេះ ធ្វើ​ឲ្យ​សភា​ ដែល​គេ ​ចោទ​ប្រកាន់​ ថា ជា​សភា​ ឯក​បក្ស ឬ​សភា​ មិន​គ្រប់​ទឹក​នោះ ក្លាយ​ទៅ​ ជា​សភា​ពហុ​បក្ស និង​គ្រប់​ទឹក។  ក្រៅ​តែ ​ពី​ធ្វើ ​ឲ្យ​ស្ថាប័ន​ នីតិប្បញ្ញត្តិ​ មួយ​នេះ ជា​ស្ថាប័ន​គ្រប់​ទឹក​នោះ មេ​ដឹក​នាំ​ គណបក្ស​ នយោបាយ​ ទាំង​២ ក៏​បង្ហាញ​ជំហរ ​ដោះស្រាយ​ បញ្ហា​ ដោយ​សន្តិវិធី និង​បញ្ឈប់​វប្បធម៌​ ស្អប់​គ្នា​ ទៅ​វិញ ​ទៅ​មក។

ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា វា​ដល់​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ ត្រូវ​រួម​រស់ និង​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ការពារ និង​កសាង​ប្រទេស​កម្ពុជា ហើយ។ លោក សម រង្ស៊ី បន្ត​ថា វប្បធម៌​ថ្មី​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​បង្កើត​នោះ គឺ​វប្បធម៌​សន្ទនា ដោយ​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី សម្រាប់​ប្រទេស​ជាតិ។ ក្រៅ​តែ​ពី​លើក​ឡើង​បែប​នេះ ដែល​មើល​ទៅ​ហាក់​ធ្វើ​ឲ្យ លោក ហ៊ុន សែន សប្បាយ​ចិត្ត​នោះ លោក សម រង្ស៊ី ក៏​មិន​ភ្លេច​សម្ដែង​ការ​អរគុណ​ចំពោះ លោក ហ៊ុន សែន ចំពោះ​ស្មារតី​យោគយល់ និង​សហការ​របស់​លោក ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ។

លោក សម រង្ស៊ី៖ «វប្បធម៌​សហការ​ធ្វើ​ការ​ជាមួយ​គ្នា ជជែក​គ្នា មិន​ដណ្ដើម​យក​ឈ្នះ​យក​ចាញ់​ទេ មិន​សំខាន់​ទេ អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ អ្វី​ដែល​សំខាន់ យើង​ត្រូវ​រក​គំនិត​ដែល​ល្អ គំនិត​ដែល​ត្រឹមត្រូវ គំនិត​ដែល​ជួយ​ការពារ​ប្រទេស​ជាតិ​យើង គំនិត​ដែល​ជួយ​កសាង​ប្រទេស​ជាតិ​យើង​ឲ្យ​រុងរឿង។ ដូច្នេះ គំនិត​ដែល​ល្អ​នេះ អាច​ទទួល​ការ​គាំទ្រ​ពី​គ្រប់​គណបក្ស​ទាំងអស់។ ដូច្នេះ​មិន​មែន​គណបក្ស​ណា​ចង់​យក​ឈ្នះ​គណបក្ស​ណា​ដាច់​ខាត​ទេ»

បន្ទាប់​ពី​អង្គុយ​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ការ​ថ្លែង​របស់ លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​ថ្លែង​ឆ្លើយ​តប​ទៅ​កាន់​សមាជិក​បក្ស​ប្រឆាំង ដែល​កំពុង​បាញ់​ភ្នែក​មក​រក​លោក​នោះ ហាក់​ជា​របៀប​ឌឺដង​ទៅ​វិញ។ លោក ហ៊ុន សែន ចាប់​ផ្តើម​ដោយ​ថ្លែង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​តំណាង​រាស្ត្រ​បក្ស​ ប្រឆាំង និង​ចំពោះ​ស្មារតី​រួបរួម មិន​គុំគួន​គ្នា​របស់​មេ​បក្ស​នេះ។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន ដោយ​មិន​បង្អង់​យូរ ឆ្លើយ​តប​បែប​ចំអក​ទៅ​វិញ​ថា ប្រសិន​បើ​បក្ស​ប្រឆាំង​ប្រកាន់​យក​ស្មារតី​នេះ​តាំង​ពី​ក្រោយ​ការ​បោះ​ ឆ្នោត​មក​ម្ល៉េះ សភាពការណ៍​នយោបាយ​នៅ​កម្ពុជា មាន​លក្ខណៈ​ប្រសើរ​ពេញ​មួយ​ឆ្នាំ​មក​ហើយ។

លោក ហ៊ុន សែន ថ្លែង​ចំអក​ផ្ទួនៗ​ទៀត​ថា អ្វី​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទៅ​នឹង​ស្មារតី​នៃ​ការ​ចរចា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ នោះ​ទេ។ លើស​ពី​នេះ លោក ហ៊ុន សែន ចាត់​ទុក​ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​ពេល​នេះ ថា​ជា​ការ​ភ្ញាក់​ខ្លួន​របស់​ពួក​គេ។ លោក ហ៊ុន សែន មិន​បាន​បង្អង់​ត្រឹម​នេះ​ទេ លោក​ថា ការ​ប្រជុំ​សភា​នៅ​ពេល​នេះ និង​នៅ​ថ្ងៃ​ខាង​មុខ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែរ​នេះ លោក​ក៏​សំដៅ​លើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង លោក កឹម សុខា ឲ្យ​ទៅ​កាន់​តំណែង​ជា​អនុប្រធាន​សភា​ផង​ដែរ។ ក្រៅ​ពី​នេះ លោក​ទទូច​ឲ្យ​បក្ស​ប្រឆាំង​ឈប់​ហៅ​លោក​ថា​ជា​អាយ៉ង​យួន ទៀត​ទៅ។

លោក ហ៊ុន សែន៖ «ហើយ​ខ្ញុំ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួក​យើង​ខ្ញុំ​ជា​គណបក្ស​ប្រជាជន មិន​ក្លាយ​ទៅ​ជា​អាយ៉ង​យួន ទៀត​ទេ។ បើ​ឯកឧត្តម​ឲ្យ​ខ្ញុំ​ទៅ​ជា​យួន អស់​ទៅ​ហើយ អ៊ីចឹង​មាន​ន័យ​ថា យើង​នៅ​តែ​ជា​សត្រូវ​ជាមួយ​គ្នា គ្រាន់​តែ​មក​និយាយ​ល្អ​រៀង​ខ្លួន។ អ៊ីចឹង​បាន​ជា​ខ្ញុំ​អំពាវនាវ សូម​ព្រះតេជព្រះគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជាជន​ទូទាំង​ប្រទេស កត់ត្រា​ទុក​នូវ​សម្ដី​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង៕»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ចំពោះ​ការ​យោគយល់​របស់ លោក សម រង្ស៊ី ដែល​ធ្វើ​ឲ្យ​ការ​ប្រជុំ​សភា​ពហុ​បក្ស​លេច​ចេញ​ជា​រូបរាង​ឡើង។ ព្រម​ជាមួយ​គ្នា លោក​ក៏​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​បាន​សូកប៉ាន់​លុយ​ទៅ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​លោក គួយ ប៊ុនរឿន ចំនួន ២០​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ធ្វើ​ឲ្យ​ចូល​សភា​នេះ។

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ លោក​គាំទ្រ​ការ​ថ្លែង​របស់ លោក ហ៊ុន សែន ដែល​ថា លទ្ធផល​ដែល​បក្ស​ប្រឆាំង​ទទួល​បាន​នៅ​ពេល​នេះ គឺ​មិន​ខុស​គ្នា​ច្រើន​នឹង​អ្វី​ដែល​បក្ស​កាន់​អំណាច​ប្រកាស​ផ្តល់​ឲ្យ​ពី​ មុន​មក​ទេ។ ប៉ុន្តែ​លោក​ថា ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​ពេល​នេះ គឺ​ដោយសារ​ពួក​គេ​ខ្លាច​ការ​គំរាម​កំហែង​របស់​បក្ស​កាន់​អំណាច បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ និង​សកម្មជន​ជា​បន្តបន្ទាប់​មក។ ចំពោះ​ការ​ថ្លែង​លុប​បំបាត់​វប្បធម៌​គុំគួន​គ្នា ឬ​ការ​ហាម​ឃាត់​មិន​ឲ្យ​ហៅ​អ្នក​នយោបាយ​ថា​អាយ៉ង ជាដើម​នោះ លោក​បណ្ឌិត សុខ ទូច ថា​វា​មិន​ចាំបាច់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​នយោបាយ គួរ​នាំ​គ្នា​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រសើរ​ជាង។

លោក​បណ្ឌិត សុខ ទូច៖ «ពាក្យ​អាយ៉ង​យួន ហ្នឹង វា​ចេញ​ពី​ណា​មក អាយ៉ង​យួន ហ្នឹង វា​មិន​មែន​ចេញ​ពី​គណបក្ស​ប្រឆាំង​ទេ វា​ជា​ប្រវត្តិសាស្ត្រ​មក​ហើយ នៅ​ពេល​ណា​ដែល​គណបក្ស​ណា​មួយ​យល់​ឃើញ​ថា គណបក្ស​នោះ​មិន​បាន​បម្រើ​ស្អី​ដែល​ជា​ផល​ប្រយោជន៍​របស់​គេ គេ​យល់​ថា អា​ហ្នឹង​ជា​អាយ៉ង​របស់​បរទេស​ហើយ អា​ហ្នឹង​វា​ផុស​ចេញ​ពី​ណា​មក វា​ផុស​ចេញ​ពី​ប្រជាជន។ យើង​បារម្ភ​ខ្លាច​អ្នក​នយោបាយ​ទាំង​២​ហ្នឹង​ត្រូវ​គ្នា ហើយ​បង្កើត​ច្បាប់​មួយ​ថា អ្នក​ណា​ហៅ​កញ្ជះ​យួន ឬ​ក៏​អាយ៉ង​យួន ហ្នឹង ត្រូវ​តែ​ជាប់​ទោស។ អា​ហ្នឹង​ខ្លាច​ប្រើ​ប្រព័ន្ធ​តុលាការ ដូច​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​សម្លុត​គណបក្ស​ប្រឆាំង ឲ្យ​ចូល​សភា​អ៊ីចឹង។»

ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង ដើម្បី​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ប្រការ​៦​ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា គឺ​គ្រាន់​តែ​ជា​ជំហាន​ចាប់​ផ្តើម​តូច​មួយ ក្នុង​ការ​អនុវត្ត​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ប៉ុណ្ណោះ។ បន្ទាប់​ពី​នេះ ពួក​គេ​នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​ថ្នាក់​ដឹក​នាំ​សភា អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ថ្មី ជាដើម។

លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ប្រកាស​ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ដែល​មាន​វត្តមាន​ តំណាងរាស្ត្រ​បក្ស​ទាំងពីរ ក្នុង​ថ្ងៃ​នេះ និង​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ។  លោក បាន គីមូន ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ប្រឹងប្រែង ​កែទម្រង់ និង​ពង្រឹង​ស្ថាប័ន ដែល​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ទាំងឡាយ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់៕




No comments:

Post a Comment