«មនុស្ស ២៥នាក់ ស្លាប់ និងរបួស ក្នុង១ថ្ងៃ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍»
RFA | ៨ សីហា ២០១៤
មន្ត្រី ជំនាញ ក្រសួង មហាផ្ទៃ បានអះអាង ថា, បច្ចុប្បន្ននេះ មានមនុស្ស ស្លាប់ និងរបួស នៅទូទាំងប្រទេស ប្រមាណ ២៥នាក់ ក្នុង១ថ្ងៃៗ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍, ពិសេស អ្នកធ្វើដំណើរ តាមម៉ូតូ មិនពាក់មួក ការពារសុវត្ថិភាព។ គ្រោះថ្នាក់នេះ បណ្ដាលមក ពីកត្តា មនុស្ស គឺ អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរ មិនគោរពច្បាប់ ចរាចរណ៍។
លោកឧត្តមសេនីយ៍ ទោ ហ៊ឹម យ៉ាន ប្រធាន នាយកដ្ឋាន សណ្ដាប់ធ្នាប់ ក្រសួង មហាផ្ទៃ មានប្រសាសន៍ ថា គ្រោះថ្នាក់ចរាចរណ៍ កើតមាន នៅកម្ពុជា បានបន្ត កើតឡើង គួរ ឲ្យព្រួយបារម្ភ និងរាំងស្ទះ ដល់ការអភិវឌ្ឍ ជាតិ។ លោក ឲ្យដឹងថា សព្វថ្ងៃនេះ ក្នុង១ថ្ងៃៗ មានមនុស្ស ស្លាប់ចំនួន ៥នាក់ និងរបួស ចំនួន ២០នាក់ ដោយគ្រោះថ្នាក់ ចរាចរណ៍។
លោក ថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព បើកបរក្នុងល្បឿនលឿន ស្រវឹង និងខ្វះការយោគយល់ ជាដើម។
លោក ហ៊ឹម យ៉ាន ឲ្យដឹងដូច្នេះនៅក្នុងសិក្ខាសាលាដៃគូថ្នាក់ជាតិ ស្ដីពីការអនុវត្តគម្រោង "មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា នាសណ្ឋាគារកាំបូឌីយ៉ាណា។ លោក ហ៊ឹម យ៉ាន បន្ថែមថា តាមលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍នៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៤ នេះ បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព មានរហូតដល់ ៦០% នៃករណីល្មើសជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៩២៨)។
ឆ្លើយតបបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នេះ អង្គការលោកបានបង្កើតនូវកម្មវិធីអប់រំពីសារសំខាន់ នៃការពាក់មួកសុវត្ថិភាពរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស មានឈ្មោះថា "មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់"។ គម្រោងនេះ គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។ លោកបន្តថា យុទ្ធនាការនេះផ្ដោតសំខាន់ទៅលើការអប់រំពលរដ្ឋ ឲ្យយល់ដឹងពីសុវត្ថិភាពនៃការពាក់មួកសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត និងកុមារនៅតាមសាលា ជាដើម។
លោក គឹម បញ្ហា បញ្ជាក់ថា តាមរយៈគម្រោងនេះ នឹងផ្តល់ប្រយោជន៍ផ្ទាល់ដល់ពលរដ្ឋកម្ពុជា ជាង ២សែន ២ម៉ឺននាក់ (២២២.៤៤៥) តាមរយៈការផ្តល់មួកការពារសុវត្ថិភាពដោយមិនគិតថ្លៃ និងផ្តល់ជូនក្នុងតម្លៃឧបត្ថម្ភ។ ជាងនេះ ប្រជាពលរដ្ឋជាង ១លាន ៦សែននាក់ (១.៦៣៤.៥៥៥) ទៀត នឹងទទួលបានការអប់រំពីសុវត្ថិភាពចរាចរណ៍ដោយប្រយោល។
លោក គឹម បញ្ញា បន្ថែមថា គម្រោងនេះក៏មានគោលដៅធ្វើឲ្យអត្រាពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ នៅតាមឃុំសង្កាត់ ឬតាមគោលដៅមួយចំនួន មានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្តាល ចេះប្រើប្រាស់មួកសុវត្ថិភាពឲ្យបាន ៣០% ក្នុងឆ្នាំទី១ និង ៨០% នៅចុងឆ្នាំទី២៖ «នៅឆ្នាំ២០១៣ មានមនុស្សជិត ២ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងច្រើនជាង ១ម៉ឺន ៤ពាន់នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ហើយបណ្ដាលឲ្យកម្ពុជា ខាតបង់ថវិកាអស់ជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក។ នៅប្រទេសកម្ពុជា ទោចក្រយានយន្ត ឬហៅថាម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរដ៏មានសារសំខាន់មួយ។ ហើយអ្នកបើកបរ ឬអ្នករួមដំណើរតាមទោចក្រយានយន្ត គឺជាប្រភេទអ្នកប្រើផ្លូវដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ បំផុត។ នៅឆ្នាំ២០១៣ មានប្រមាណ ៦២% នៃជនរងគ្រោះបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយជាអ្នកធ្វើដំណើរតាមទោចក្រយានយន្ត បានទទួលរងរបួសក្បាល។»
បញ្ហានេះដែរ លោក ពៅ ម៉ាលី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រំពឹងថា តាមរយៈការអនុវត្តគម្រោង២ឆ្នាំមានឈ្មោះថា "មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់" នឹងអាចទប់ស្កាត់ ឬកាត់បន្ថយអត្រាអ្នកស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអ្នកធ្វើដំណើរតាមម៉ូតូ អាចចេះប្រើប្រាស់មួកការពារសុវត្ថិភាពបានច្រើននាថ្ងៃអនាគត៕
No comments:
Post a Comment