ពលករ ធ្វើការ នៅថៃ ត្អូញត្អែរ ពីការលំបាក ដោយសារ ក្រុមហ៊ុន ដកយក លិខិតឆ្លងដែន
RFA | ២២ សីហា ២០១៤
ពលករខ្មែរ ជាច្រើននាក់ អំពាវនាវ ឲ្យក្រុមហ៊ុន ផ្តល់លិខិត ឆ្លងដែន ឬឯកសារ ស្របច្បាប់ ណាមួយ ឲ្យពួកគេ កាន់ ក្នុងពេល កំពុងបំពេញ ការងារ ក្នុងប្រទេសថៃ ដើម្បី ឲ្យពួកគេ អាចធ្វើការ ដោយទុកចិត្ត មិនភ័យបារម្ភ ពីការចាប់ខ្លួន ពីសំណាក់ ប៉ូលិសថៃ។
ពលករ នៅខេត្ត ស្វាយរៀង ម្នាក់ ថ្លែង ក្នុងលក្ខខណ្ឌ មិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃ ទី២២ ខែសីហា ថា, ពួកគេ ទៅធ្វើការ នៅប្រទេស ថៃ តាមរយៈ ក្រុមហ៊ុន អានី រីតា ដោយស្របច្បាប់ ប្រមាណ ១ខែ មកហើយ។ ពលករ រូបនេះ បន្តថា, ការរស់នៅ ប្រទេសថៃ ពុំមាន សេចក្ដីសុខ នោះទេ គឺ ធ្វើការងារ យ៉ាងលំបាក លំបិន និងភិតភ័យ, ហើយ មិនអាច ដើរហើរ ដោយសេរីឡើយ។ ជាងនេះ ការបើក ប្រាក់ឈ្នួល ក៏មិន ទៀងទាត់ មិនដូចការសន្យា ដែលក្រុមហ៊ុន ថា បើកប្រាក់ឈ្នួល ឲ្យកម្មករ នៅពេល ធ្វើការ ពីរ សប្ដាហ៍ម្ដង ដើម្បី យកប្រាក់ ឲ្យសាច់ញាតិ សងថ្លៃ ជំពាក់គេ នៅឯស្រុកខ្មែរ នោះទេ។
ពលករ រូបនេះ បញ្ជាក់បន្ថែម ថា, ក្រុមហ៊ុន ក៏មិនបាន ផ្ដល់ឯកសារ ស្របច្បាប់ ណាមួយ ឲ្យកម្មករ ធ្វើឲ្យពួកគេ រស់នៅ ទាំងប្រថុយប្រថាន ប្រឈម នឹងគ្រោះរៀង រាល់ថ្ងៃ។ ដោយសារ ការលំបាកនេះ ធ្វើឲ្យ ពលករ មួយចំនួន សម្រេចចិត្ត ចាកចេញ ពីកន្លែង ការងារ ទាំងគ្មាន លិខិតឆ្លងដែន៖ «ទុក្ខលំបាក របស់ ពួកខ្ញុំ ធ្ងន់ណាស់ ដោយសារ ខ្ចីគេ មកធ្វើប៉ាសស្ព័រ, ប៉ាសស្ព័ រហើយថ្លៃហូបចុក អីនាយអាយ មកនោះ អស់លុយ ម៉ាគំនរ, ម៉ាគគោក។ ខ្ញុំ ជឿជាក់ លើក្រុមហ៊ុន។ ដល់ពេល ក្រុមហ៊ុន ធ្វើអ៊ីចឹង ដាក់ពួកខ្ញុំទៅ, ពួកខ្ញុំហ្នឹង អ្នកអស់ជំនឿៗ ក៏ទៅផ្ទះ។ ឥឡូវហ្នឹង អត់មាន ប៉ាសស្ព័រ ប៉ាសអីហ្នឹង។ ប៉ូលិស ចាប់; ប៉ូលិស អីជាប់គុក ជាប់ច្រវាក់, ហើយ ម៉ែ ឪ ក្រ, ពិបាក វេទនា, ហើយ ចាំរំពឹងកូន ផ្ញើលុយទៅ។»
ពលកររូបនេះបន្តថា ពលករមួយចំនួនដែលគេចចេញពីការលំបាកទាំងនោះដោយគ្មានលិខិតឆ្លង ដែន ត្រូវប៉ូលិសថៃ នៅខេត្តសុរាដថានី ចាប់ដកយកទូរស័ព្ទដៃ ហើយដាក់ពន្ធនាគារ មិនអាចទាក់ទងពួកគេបាននោះទេ។ ប្រភពដដែលឲ្យដឹងថា ពលករ ៣នាក់ ដែលគេស្គាល់ ហើយត្រូវចាប់ខ្លួន និងបាត់ទំនាក់ទំនងកាលពីថ្ងៃទី២០ សីហា កន្លងទៅ ឈ្មោះ លោក សារី ឆើត លោក ហឹម សុខហេង និងលោក យឹន ម៉ាញ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីដែលនាំពលករទៅធ្វើការនៅប្រទេសថៃ ដែលពលករអះអាងថា ក្រុមហ៊ុន អានី រីតា គឺលោក ឆន សោភ័ណ្ឌ និយាយថា លោកបានប្ដូរមកធ្វើការនៅក្រុមហ៊ុននាំពលករឈ្មោះ អេ.ភី (AP)។ យ៉ាងនេះក្តី លោកមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបាននាំពលករទៅទុកចោលដោយគ្មានលិខិតឆ្លងដែន ដូចការចោទប្រកាន់ឡើយ។ ចំណែកឯពលករចំនួន ៣នាក់នោះ លោកថាបញ្ហានេះជាកំហុសរបស់ពួកគេទាំងនោះទេ ដែលលួចរត់ចេញពីការងារគ្មានច្បាប់ទម្លាប់ដោយខ្លួនឯង។ រីឯពលករដែលថា ប៉ូលិសថៃ ចាប់ខ្លួននោះ លោកថាពុំទទួលព័ត៌មាននេះនៅឡើយទេ៖ «កន្លងមក គឺគេឲ្យទាំងអស់ គឺអាកូពីក៏គេឲ្យ ធម្មតាយើងចូលទៅប៉ាសស្ព័រកូពី គេតែងតែឲ្យយើងកាន់ហើយ។ តែបើថាទៅដល់ណោះ គឺខាងក្រុមហ៊ុន គឺមិនបានឲ្យកាន់ទេ ឲ្យកាន់តែប៉ាសស្ព័រកូពី ឬជាកាតណាស់បង។ កន្លងមកដែលយើងគាត់កាន់ គឺគាត់មិនដែលកាន់បានយូរទេ ជួនណាទៅ ទីមួយមានការបាត់ ទី២អ៊ីចឹង គឺវាសឹកអ៊ីចឹងទៅ ដូចថាវាទទួលយកអត់បានអ៊ីចឹងណាស់!»
ទាក់ទងនឹងបញ្ហានេះ មន្ត្រីស៊ើបអង្កេត និងការជួញដូរមនុស្សនៃអង្គការលីកាដូ (Licadho) លោក សែម ចៅសុខ មានប្រសាសន៍ថា ពលករទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ហើយនៅពេលដែលពួកគេជួបការលំបាកនោះ បញ្ហាទាំងនេះជាបន្ទុករបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ៖ «តាម ទ្រឹស្ដីផលរបរគ្រប់ឯកសារទាំងអស់ ដែលពួកគាត់ត្រូវបានរក្សាទុក ដើម្បីសម្គាល់ថា អត្តសញ្ញាណរបស់គាត់ ហើយត្រូវបានក្រុមហ៊ុនរក្សាទុកដោយអត់មានហេតុផលច្បាស់លាស់ វាជាករណីកេងកម្លាំងពលកម្មរបស់គាត់ហ្នឹង បាត់បង់ផលប្រយោជន៍ច្រើន ពេលដែលគាត់អត់មានឯកសារអស់ហ្នឹងនៅនឹងខ្លួនរបស់គាត់ គាត់អត់មានកម្លាំងអត់មានឥទ្ធិពលអីក្នុងការតវ៉ាទាមទារទាក់ទងទៅ នឹងលក្ខខណ្ឌការងារមិនល្អនោះទេបាទ។»
តាមការស៊ើបអង្កេតរបស់អង្គការលីកាដូ រកឃើញថា ពលករទៅធ្វើការនៅប្រទេសថៃ ភាគច្រើនក្រុមហ៊ុនពុំបានផ្ដល់លិខិតឆ្លងដែនឲ្យកាន់រស់នៅជា កម្មករស្របច្បាប់ឡើយ។
ពលករធ្វើការនៅប្រទេសថៃ ឲ្យដឹងថា ពួកគេទៅធ្វើការតាមរយៈក្រុមហ៊ុន អានី រីតា ជាកម្មករសំណង់នៅខេត្តសុរាដថានី ប្រមាណជាង ៣០នាក់ កំពុងជួបការលំបាកចុះទឹកក្រពើ លើគោកខ្លា ទាំងការរស់នៅ និងការដើរហើរគ្មានសេរីភាព ទៅណាមិនរួចឡើយ ហើយចង់ត្រឡប់មកកម្ពុជា វិញក៏គ្មានលិខិតឆ្លងដែន៕
No comments:
Post a Comment