Paris Peace Accords 23 Oct. 1991

Wednesday, August 13, 2014

សមាជិក សភា ​បក្ស​ប្រឆាំង​ ប្រកាស​ថា ​នឹង​កោះ​ហៅ ​លោក ហោ ណាំហុង បំភ្លឺ​រឿង ​ខ្មែរ​ក្រោម | CNRP parliamentary members declare they will summons Hor Nam Hong to provide info on KR

សមាជិក សភា ​បក្ស​ប្រឆាំង​ ប្រកាស​ថា ​នឹង​កោះ​ហៅ ​លោក ហោ ណាំហុង បំភ្លឺ​រឿង ​ខ្មែរ​ក្រោម

ហោ ណាំហុង ៦១០
ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក្រោយ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ នា​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៣។
RFA



តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា ជុំវិញ​បញ្ហា​ដែល​វៀតណាម បំភ្លៃ​ប្រវត្តិសាស្ត្រ។ ការ​អះអាង​នេះ ធ្វើ​ឡើង​ដោយ​សមាជិក​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ចំណោម​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​វៀតណាម សុំ​អភ័យ​ទោស​ជា​សាធារណៈ នា​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា។

សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ បី​នាក់​រួម​មាន លោក ម៉ោញ សាផាន លោក យ៉យ ចំរើន និង​លោក អ៊ុំ សំអាន បង្ហាញ​វត្តមាន​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​សម្ដី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម។

សមាជិក​សភា​ទើប​ស្បថ​រួច​ថ្មីៗ លោក អ៊ុំ សំអាន ប្រកាស​ប្រាប់​ក្រុម​បាតុករ​ថា បើ​វៀតណាម នៅ​តែ​មិន​សុំ​ទោស​ជា​សាធារណៈ​តាម​ការ​ទាមទារ​របស់​បាតុករ ហើយ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​តែ​ស្ងាត់ច្រៀប​ដូច​គេ​ចុក​នោះ លោក​នឹង​កោះ​ហៅ លោក ហោ ណាំហុង មក​បំភ្លឺ​ក្នុង​រដ្ឋសភា​តែ​ម្តង។ លោក​បន្ត​ថា ក្រសួង​ការ​បរទេស​កម្ពុជា ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រយោជន៍​ជាតិ ហើយ​អ្នក​ដែល​ត្រូវ​ប្រតិកម្ម​មុន​គេ​នោះ គឺ​ក្រសួង​ការ​បរទេស មិន​មែន​ពលរដ្ឋ​ទេ។ ដូច​នេះ អ្នក​តំណាង​រាស្ត្រ​នឹង​ដេញ​ដោល​បញ្ហា​នេះ​នៅ​ក្នុង​រដ្ឋសភា។

ទោះ​ជា​បែប​ណា​ក្តី តំណាង​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឡុង វិសាលោ ឆ្លើយ​ថា រឿងរ៉ាវ​នេះ​មិន​ពាក់ព័ន្ធ​នឹង​លោក​ឡើយ។ មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​កម្ពុជា រូប​នេះ​ថែម​ទាំង​បន្ទោស​ចំពោះ​ការ​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ទៀត​ផង។


ចំពោះ​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម សុំ​អភ័យ​ទោស​ជា​សាធារណៈ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១២ នេះ ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៤​កន្លះ​ល្ងាច។ ក្រុម​បាតុករ​ដាក់​វេន​គ្នា​ស្រែក​រិះគន់​មន្ត្រី​ស្ថានទូត​វៀតណាម ក្នុង​នោះ​បាតុករ​ខ្លះ​បាន​និយាយ​ឌឺដង​ទៅ​អ្នក​តំណាង​រាស្ត្រ​ដែល​ទើប​ចូល​ស្បថ​ក្នុង​សភា​ថ្មីៗ​នោះ​ទៀត​ផង។ បាតុករ​និយាយ​ថា អ្នក​តំណាង​រាស្ត្រ​បាន​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ​ពាក់​អាវធំ​ក្រវ៉ាត់ក អង្គុយ​ក្នុង​ម៉ាស៊ីន​ត្រជាក់ បែរ​ជា​ភ្លេច​គិត​ពី​ប្រយោជន៍​ជាតិ។

ការ​ឌឺដង​នោះ ត្រូវ​បាន​ស្ងាត់​ទៅ​វិញ នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បង្ហាញ​ខ្លួន​នៅ​ទី​នោះ។ បាតុកម្ម​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ឈាន​ដល់​ដុត​ទង់ជាតិ​វៀតណាម។ ព្រះសង្ឃ​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ មាន​ថេរ​ដីកា​ថា ព្រះអង្គ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ទង្វើ​នេះ ដោយ​ហេតុ​ថា ព្រះអង្គ​ខ្ញាល់​នឹង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រមាថ​មើល​ងាយ​ជាតិ​សាសន៍ និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ ប៉ុន្តែ​ចលនា​បំផ្លាញ​ទង់ជាតិ​វៀតណាម នេះ បាន​រួញ​តូច​ទៅ​វិញ បន្ទាប់​ពី​ពលរដ្ឋ​ជាច្រើន អង្វរករ​អ្នក​ចង់​ដុត​ទង់ជាតិ​វៀតណាម ឲ្យ​បញ្ឈប់ ក្រោម​ហេតុផល​ថា​មិន​ចង់​បញ្ឆេះ​អំពើ​ហិង្សា​រវាង​ជាតិ​សាសន៍​ទាំង​ពីរ។

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម នេះ មិន​ត្រូវ​បាន​ស្ថានទូត​វៀតណាម បញ្ចេញ​ប្រតិកម្ម​ឡើយ។ ប៉ុន្តែ​ប្រទេស​វៀតណាម បែរ​ជា​ហៅ​អតីត​ប្រមុខ​រដ្ឋ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​តែង​តាំង​ដោយ​វៀតណាម បច្ចុប្បន្ន​កាន់​ការ​ជា​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន ឲ្យ​ទៅ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា។ សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​កម្ពុជា បញ្ជាក់​ថា លោក ហេង សំរិន នឹង​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​សំខាន់ៗ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ៤​រូប​រួម​មាន លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ង្វៀន ភូត្រុង (Nguyen PhuTrong) ប្រធាន​រដ្ឋ លោក ជឿង តាន់សាង (Truong TanSang) នាយក​រដ្ឋមន្ត្រី លោក ង្វៀន តាន់យុង (Ngugen Tan Dung) និង​ប្រធាន​រដ្ឋសភា លោក ង្វៀន ស៊ីងហ៊ុង (Nguyen SinhHung)។ ក្រៅ​ពី​នេះ ប្រធាន​រដ្ឋសភា​កម្ពុជា ក៏​នឹង​ត្រូវ​ទស្សនា និង​ស្វែង​យល់​កន្លែង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅ​ទីក្រុង​ហាណូយ ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា លោក សម រង្ស៉ី និង​លោក ហ៊ុន សែន សន្យា​គ្នា​ក្នុង​រដ្ឋសភា​ថា ឈប់​ប្រើ​យុទ្ធសាស្ត្រ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។ ប្រមុខ​បក្ស​ទាំង​ពីរ ក៏​សន្យា​ថា នឹង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ ដើម្បី​ភាព​រុងរឿង​នៃ​កម្ពុជា ទៀត​ផង។ លោក ហ៊ុន សែន ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ឈប់​ហៅ​បក្ស​កាន់​អំណាច​ថា​អាយ៉ង​យួន តែ​បាតុករ​ប្រឆាំង​នឹង​ទូត​វៀតណាម ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចេញ​កំណត់​ការទូត​ទៅ​វៀតណាម ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ បាតុកម្ម​ថ្ងៃ​ទី​៣ នឹង​ចាប់​ផ្ដើម​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង ៧​ព្រឹក ហើយ​បាតុករ​គ្រោង​ដង្ហែ​មក​កាន់​ស្ថានទូត​វៀតណាម ជា​ថ្មី៕



No comments:

Post a Comment