Paris Peace Accords 23 Oct. 1991

Friday, August 15, 2014

សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត (ERA) ​បើក​វេទិកា ​សម្ដែង​មតិ​ ជុំវិញ​ ការ​ដាក់​សមាសភាព​ គ.ជ.ប. ​ថ្មី

សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត (ERA) ​បើក​វេទិកា ​សម្ដែង​មតិ​ ជុំវិញ​ ការ​ដាក់​សមាសភាព​ គ.ជ.ប. ​ថ្មី

RFA | ១៤ សីហា ២០១៤

ERA 620
សម្ព័ន្ធ​កំណែ​ទម្រង់​ ការ​បោះឆ្នោត (ហៅ​កាត់ ​ថា ​អ៊ីរ៉ា, ERA) បាន​បើក ​វេទិកា​តុ​មូល នៅ​សណ្ឋាគារ​ អ៊ីមភ័ររៀល ថ្ងៃ ​ទី១៤ ខែ​សីហា ឆ្នាំ ២០១៤។  RFA/Den Ayuthyea

សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត (ហៅ​កាត់​ ថា អ៊ីរ៉ា, ERA) បើក​វេទិកា ​តុ​មូល ​ផ្តល់​ឱកាស​ ដល់​តំណាង​ សង្គម​ស៊ីវិល និង​គណបក្ស​ នយោបាយ​នានា លើក​ជា​អនុសាសន៍ ​ទាក់ទង ការ​ជ្រើស​រើស​ ក្បាល​ម៉ាស៊ីន​ ដឹក​នាំ គ.ជ.ប. ថ្មី នា​ពេល​ខាង​មុខ។

គម្រោង​ បង្កើត​ក្បាល​ ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប. ថ្មី គឺ​ ជា​ការ​អនុវត្ត​ នូវ​កិច្ច​ចរចា ​នយោបាយ ដែល​មេ​ដឹក​នាំ ​កំពូល ​របស់ ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ ព្រមព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា។

កិច្ច​ពិភាក្សា​នេះ រៀបចំ ​នៅ​ព្រឹក​ថ្ងៃ​ ទី​១៤ ខែ​សីហា នា​សណ្ឋាគារ​ អ៊ីមភើរៀល (Imperial Hotel) ក្រុង​ភ្នំពេញ ដោយ​មាន ​តំណាង​សង្គម​ស៊ីវិល និង​តំណាង​ គណបក្ស​ នយោបាយ ​មួយ​ចំនួន​ ចូលរួម, ប៉ុន្តែ ​គណបក្ស​ ប្រជាជន​កម្ពុជា មិន​បញ្ជូន ​តំណាង​ មក​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​ អង្គការ​ ខុមហ្វ្រែល (Comfrel) និង​ជា​សមាជិក ​អ៊ីរ៉ា។  លោក​ ឲ្យ​ដឹង​ថា វេទិកា​ តុ​មូល​នេះ គឺ​ មាន​បំណង​ ឲ្យ​អ្នក​ពាក់ព័ន្ធ ផ្តល់​មតិ ​ស្ដីពី​ ការ​ជ្រើស​រើស​ សមាសភាព​ ដឹក​នាំ គ.ជ.ប. ថ្មី ដើម្បី ​ដាក់​ជូន​ គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ពិចារណា។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​ គណបក្ស​ ហ៊្វុនស៊ិនប៉ិច ថ្លែង​រិះគន់ និង​មិន​គាំទ្រ​ សមាសភាព គ.ជ.ប. ថ្មី ដែល​គណបក្ស​ នយោបាយ​ ទាំង​ពីរ ​ព្រមព្រៀង​គ្នា គឺ​ ធ្វើ​ឡើង ​មិន​ឯករាជ្យ និង​មិន​ស្រប​ តាម​ឆន្ទៈ​រាស្ត្រ​ទេ។  លោក ​បន្ត​ថា សមាសភាព គ.ជ.ប. ថ្មី គួរ​ ជា​មនុស្ស​ មក​ពី​ស្ថាប័ន ​ឯករាជ្យ​ ណា​មួយ និង​មិន​ជាប់​ ពាក់ព័ន្ធ​ គណបក្ស​ នយោបាយ៖ «យើង ​ត្រូវ​ កំណត់​ ឲ្យ​ច្បាស់​ អំពី​ សមាសភាព គ.ជ.ប. ហ្នឹង គឺ​ អ្នក​ប្រព្រឹត្តិ​ ផ្ទុយ​នឹង​ច្បាប់​ បោះ​ឆ្នោត​នោះ។  តើ​ យើង​ ត្រូវ​ ដាក់​ទោស​ ទណ្ឌកម្ម​ របៀប​ម៉េច?  សម្រាប់​ខ្ញុំ ត្រូវ​ ដាក់​ទោសទណ្ឌ​ ឲ្យ​ធ្ងន់​ តែ​ម្តង បាន​អ្នក​ទាំងអស់​ នោះ​ អាច​ខ្លាច ឬ​អាច​គោរព។  បើ​ មិន​ដូច្នេះ​ទេ នៅ​ដូច​តែ​ ពី​មុន​អ៊ីចឹង គឺ​ អ្នក​ដែល​គោរព​ច្បាប់ នៅ​តែ​ គោរព​ច្បាប់, ហើយ​ នៅ​តែ​ ចាញ់​ប្រៀប​ ជា​រហូត។  ហើយ ​អ្នក​ដែល​គេ​ មិន​គោរព គឺ​ នៅ​តែ​ មិន​គោរព គឺ​ ថា​ គេ​ យក​ប្រៀប​ត្រង់​ ចំណុច​ត្រង់​ហ្នឹង ​ដដែល។»

ស្រដៀង​គ្នា​ដែរ តំណាង​គណបក្ស​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​វេទិកា​តុ​មូល ក៏​ថ្លែង​រិះគន់​កិច្ច​ព្រមព្រៀង ឬ​យន្តការ​រៀបចំ​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី ពេល​នេះ​ដែរ។ តំណាង​គណបក្ស​ដែល​គ្មាន​អាសនៈ​សភា ថ្លែង​ថា សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី មិន​គួរ​ជ្រើស​ចេញ​តែ​ពី​គណបក្ស​ឈ្នះ​អាសនៈ​សភា​ទេ។

ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ គណបក្ស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ដោយ​សម្រេច​ជ្រើស​រើស​សមាសភាព​ថ្មី​តាម​រូបមន្ត ៤-៤-១ ឬ​មាន​ន័យ​ថា សមាសភាព ៤​រូប ជ្រើស​រើស​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប ជ្រើស​រើស​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​១​រូប​ទៀត ជា​បុគ្គល​ឯករាជ្យ និង​ជ្រើស​ដោយ​គណបក្ស​ទាំង​ពីរ។

បញ្ហា​នេះ​ដែរ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច ដល់​គណបក្ស​ទាំង​២ ក្នុង​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី។ លោក​បន្ត​ថា អ្នក​ទាំង​នោះ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ១០​ឆ្នាំ និង​មិន​មែន​ជា​សមាជិក​ធ្លាប់​បម្រើ​ការ​នៅ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា ចៅក្រម ឬ​សមាជិក​រដ្ឋាភិបាល ឬ​ជា​បុគ្គល​មាន​មុខ​ងារ​សាធារណៈ​នៅ​ក្នុង​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​ អាវុធ​ណា​មួយ ជាពិសេស មិន​ជាប់​សាច់ញាតិ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ជាដើម។

ផ្ទុយ​ពី​តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ផ្តល់​អនុសាសន៍​ចង់​ឲ្យ​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី បាន​ល្អ ឬ​មាន​ឯករាជ្យ និង​អព្យាក្រឹត្យ ជាដើម សម្រាប់ លោក ឃុន សាវ៉ាកខេត្រ តំណាង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​និយាយ​ដៀមដាម និង​ចង់​ឲ្យ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ថ្មី ជួប​បរាជ័យ​ទៅ​វិញ៖ «គឺ​ ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ខុស​ឲ្យ​ច្រើន ដើម្បី​ខ្ញុំ​បាន​ល្អ​ជាង​គេ ហើយ​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ​ច្រើន​ជាង​គេ។ ដូច្នេះ ការ​សម្រេច​របស់​គណបក្ស​ទាំង​ពីរ ថ្វីត្បិត​មាន​លក្ខណៈ​កាត់​ក្បាល​តម្រឹម​មួក ខ្ញុំ​គាំទ្រ។ ឲ្យ​គាត់​ខុស​ឲ្យ​ច្រើន​ចុះ បាន​ខ្ញុំ​ចេញ​ឈ្មោះ​បាន។ បើ​គាត់​ត្រូវ គណបក្ស​ខ្ញុំ​មិន​បាច់​ប្រកួត​ជាមួយ​គាត់​ទេ គឺ​គាត់​ឈ្នះ​រហូត។ អ៊ីចឹង​ឲ្យ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ខុស​ឲ្យ​ច្រើន​ទៅ ងាយ​បក្ស​ខ្ញុំ​ឈ្នះ​វិញ។ សម្រាប់​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ។»

យ៉ាង​ណា​ក៏ដោយ លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា នឹង​ពិនិត្យ​សំណូមពរ ឬ​មតិ​របស់​ផ្នែក​ពាក់ព័ន្ធ​នានា ជុំវិញ​ការ​ជ្រើស​រើស​សមាសភាព​ដឹក​នាំ គ.ជ.ប ថ្មី នា​ពេល​ខាង​មុខ៖ «ការ​ រៀបចំ​សមាសភាព គ.ជ.ប ថ្មី ក៏​ដូច​ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ វា​មាន​លក្ខណៈ​សំខាន់​មួយ ជា​ស្ថាប័ន​បម្រើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​អាច​ទទួល​យក​បាន។»

លោក គួយ ប៊ុនរឿន បាន​ឲ្យ​ដឹង​ថា សមាសភាព គ.ជ.ប. បច្ចុប្បន្ន​មាន ៩​រូប ហើយ​សមាជិក​ទាំង​នេះ​មិន​បាន​គិត​ពី​កូតា​គណបក្ស​នយោបាយ​ណា​មួយ​ទេ៕



No comments:

Post a Comment