លោក សម រង្ស៊ី ស្នើឲ្យ បក្សប្រជាជន ឈប់ប្រើតុលាការ ចាប់សមាជិក បក្សប្រឆាំង ដាក់គុក
RFA | ១៤ សីហា ២០១៤
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវ ឲ្យគណបក្ស ប្រជាជនកម្ពុជា បញ្ឈប់ប្រើប្រាស់ តុលាការ ចាប់ចងសមាជិក របស់ខ្លួន ដោយស្នើ ឲ្យគោរពស្មារតី នៃការចរចា បញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃ ទី២២ កក្កដា ដែលមេដឹកនាំ គណបក្ស ប្រជាជនកម្ពុជា សន្យាថា នឹងបញ្ចប់ សំណុំរឿង តុលាការ ពាក់ព័ន្ធ នឹងសមាជិក របស់ខ្លួន ដែលជាប់ឃុំ និងនៅក្រៅ ឃុំនោះ។
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ព្រមានថា, បើសិនជា សមាជិក គណបក្ស សង្គ្រោះជាតិ នៅតែ បន្តជាប់គុក និងទទួលរង ការចេញដីកា ចាប់ខ្លួន ពីតុលាការទៀត គឺ វិបត្តិនយោបាយ មិនទាន់បញ្ចប់ទេ។
លោក សម រង្ស៊ី ថ្លែងប្រាប់ អ្នកសារព័ត៌មាន ថា នៅពេលចុះជួប អ្នករងគ្រោះ ដីធ្លី ឡពាង នៅសហគមន៍ បឹងកក់ នៅថ្ងៃ ទី១៤ សីហា ថា, លោក បាននិយាយ ជាមួយ លោក ហ៊ុន សែន រួចហើយ ថា, សូមបញ្ឈប់ ការប្រើប្រាស់ ចាប់ខ្លួន សមាជិក គណបក្ស សង្គ្រោះជាតិ ទៀត នៅពេល វិបត្តិ នយោបាយ បានបញ្ចប់ ហើយនោះ។ យ៉ាងនេះក្ដី លោក សម រង្ស៊ី អះអាង ថា, លោក នឹងព្យាយាម ដោះស្រាយ ដើម្បី បញ្ចប់ការចាប់ចង សមាជិក របស់លោក ពីតុលាការនេះ៖ «ខ្ញុំ បានបញ្ជាក់ហើយ នៅរដ្ឋសភា។ លោក ហ៊ុន សែន បានស្នើ ឲ្យគេ កត់ត្រាខ្ញុំ ថែមទៀត។ ខ្ញុំ ថា វិបត្តិនយោបាយ ចប់ហើយ, ដូច្នេះ រឿង ដែលពាក់ព័ន្ធ នឹងវិបត្តិនយោបាយ យើងត្រូវតែ បញ្ចប់។ តែ បើ គេ នៅតែ មានអ្នកជាប់គុក, មានអ្នក តាមដាន រករឿង, វិបត្តិនយោបាយ មិនទាន់ចប់ទេ។ ខ្ញុំ នឹងព្យាយាម និងដោះស្រាយ បញ្ចប់អាកក។ សំណល់ នយោបាយ ត្រូវតែចប់។»
កាលពីថ្ងៃទី១២ សីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ចេញដីកាបង្គាប់ឲ្យប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៃគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងយុវជនគណបក្សសង្គ្រោះជាតិ ២នាក់ទៀត គឺលោក សាន សីហៈ និងលោក ទេព ណារិន ឲ្យបង្ហាញខ្លួនក្នុងនីតិវិធីស្ដីពីការបង្ហាញខ្លួនលើកដំបូង ពាក់ព័ន្ធបទចោទ ដឹកនាំកុបកម្ម បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ។
ការចេញដីកាកោះសមាជិកគណបក្សសង្គ្រោះជាតិ ៣នាក់ថែមទៀតនេះ នៅក្រោយពេលតុលាការចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ៣នាក់ កាលពីថ្ងៃទី២ សីហា យកទៅឃុំនៅពន្ធនាគារព្រៃស នៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៤ សីហា។ ប៉ុន្តែ លោក ព្រុំ សុខា បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីកិច្ចចរចាកាលពីថ្ងៃទី២២ សីហា ថា គណបក្សទាំងពីរបានស្នើឲ្យតុលាការបញ្ចប់សំណុំរឿងសមាជិកគណបក្ស សង្គ្រោះជាតិ ទាក់ទងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា នោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា វិបត្តិនយោបាយគណបក្សទាំងពីរនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយ។ លោកបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ គឺរដ្ឋាភិបាលចង់បង្ហាញដល់សហគមន៍អន្តរជាតិថា កម្ពុជា ជាប្រទេសនីតិរដ្ឋ៖ «ទោះបីជាគណបក្សសង្គ្រោះជាតិ លោកចូលទៅសភាក៏ពិតមែន ក៏ប៉ុន្តែយើងឃើញអ្នកតវ៉ាអ្នកឡពាង អ្នកតវ៉ារឿងដីកម្ពុជាក្រោម អ៊ីចឹងដើម្បីទប់សភាពការណ៍បែបហ្នឹងមកនឹងនរវិញ តុលាការត្រូវតែប្រព័ន្ធហ្នឹង អ៊ីចឹងក្រុមសង្គ្រោះជាតិត្រូវតែប្រើប្រជាពលរដ្ឋដើម្បីដោះ ព្រោះកន្លងមកការដោះមនុស្សមិនដែលដោះដោយតុលាការទេ គឺដោះដោយកម្លាំង។»
គណបក្សជាប់ឆ្នោតទាំងពីរ ក្រោយពីបានបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ កក្កដា នោះ បានរៀបចំកែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងសភា បានអនុម័តបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៤ សីហា នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានឯកភាពទៅលើការកែបទបញ្ជាផ្ទៃក្នុង រដ្ឋសភាត្រង់មាត្រា៦ថ្មីពីរ ដើម្បីរៀបចំបំបែកគណៈកម្មការក្រសួងមហាផ្ទៃ ឲ្យទៅជាគណៈកម្មការទី១០ ជាគណៈកម្មការបោះសម្អាត និងប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ការកែបទបញ្ជាផ្ទៃក្នុងនេះ ជាដំណាក់ទី១ ដែលជាការប្រញាប់ ហើយសភានឹងពិនិត្យបទបញ្ជាផ្ទៃក្នុងនេះបន្តទៀតនៅពេលខាងមុខ។
ចំពោះក្រុមការងារគណបក្សទាំងពីរ ដែលរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃការបង្កើត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនោះ អ្នកជំនាញច្បាប់កំពុងតែរៀបចំច្បាប់ទាំងពីរនេះ ហើយនឹងយកមកពិភាក្សាគ្នានៅថ្ងៃច័ន្ទ ទី១៨ សីហា ដើមសប្ដាហ៍ក្រោយ៕
No comments:
Post a Comment