«ការធ្វើ វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង រដ្ឋសភា ធ្វើឡើង ត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ»
RFA | ១៧ សីហា ២០១៤
ការសម្រេចនេះ នឹងបើកផ្លូវ ឲ្យរដ្ឋសភា អាចរុះរើ ក្បាលម៉ាស៊ីន រដ្ឋសភា ជាថ្មី តាមកិច្ចព្រមព្រៀង របស់ គណបក្ស ទាំងពីរ កាលពីថ្ងៃ ទី២២ ខែកក្កដា។ ទោះជា បែបណាក្តី រដ្ឋសភា មិនទាន់ ជូនដំណឹង ពីសម័យប្រជុំ វិសាមញ្ញ លើប្រធានបទ រៀបរាប់ រចនាសម្ព័ន្ធ ដឹកនាំ របស់ រដ្ឋសភា នោះទេ។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បញ្ជាក់ថា, លោក មិនទាន់ ទទួលបាន ដំណឹង ពីសម័យប្រជុំ វិសាមញ្ញ របស់ រដ្ឋសភា នៅឡើយ។ ប៉ុន្តែ ក្រុមចរចា របស់ គណបក្ស ទាំងពីរ នឹងពិភាក្សាគ្នា ពីការធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោត នៅថ្ងៃ ទី១៨ ខែសីហា ខាងមុខ៖ «មិនទាន់ ដឹងទេ។ ចាំមើល ស្អែកទៅ ដឹងហើយ, គឺ ក្រុមការងារ ចរចា របស់ គណបក្ស ទាំងពីរ ហ្នឹងជជែកគ្នា ពីរឿង កែទម្រង់ ការបោះឆ្នោត។»
ទោះជា បែបណាក្តី កិច្ចប្រជុំ វិសាមញ្ញ របស់ រដ្ឋសភា នឹងមិនអាច ធ្វើឡើង មុនថ្ងៃ ទី២២ ខែសីហា បានទេ ព្រោះថា, ចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃ ទី២២ ខែសីហា ប្រធាន រដ្ឋសភា លោក ហេង សំរិន ទៅទស្សនកិច្ច នៅប្រទេស វៀតណាម។ លោក ហេង សំរិន នឹងពិភាក្សា ជាមួយ លេខា បក្សកុម្មុយនិស្ត វៀតណាម, ប្រធានាធិបតី, នាយករដ្ឋមន្ត្រី, និងប្រធាន រដ្ឋសភា វៀតណាម, ព្រមទាំង ទៅដើរ កម្សាន្ត ស្វែងយល់ ពីទីប្រវត្តិសាស្ត្រ របស់ វៀតណាម នៅទីក្រុង ហាណូយ ទៀតផង។
ក្រុមការងារ ចរចា គណបក្ស ទាំងពីរ នឹងជជែកលំអិតពីការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃទី១៨ ខែសីហា នៅវិមានរដ្ឋសភាដោយគ្រោងលើកយកចំណុចមួយចំនួនមកពិភាក្សា រួមមាន ការរៀបចំសមាសភាពមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ ថ្នាក់ក្រោមជាតិ យន្តការពិនិត្យនិងដោះស្រាយពាក្យបណ្ដឹង ការរៀបចំចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងរៀបចំបញ្ជីឈ្មោះបោះឆ្នោត និងប្រធានបទដែលត្រូវលើកយកទៅដាក់ក្នុងអង្គសិក្ខាសាលាដើម្បីសុំ យោបល់ពីភាគីពាក់ព័ន្ធ៕
No comments:
Post a Comment