អង្គការ សិទ្ធិមនុស្ស អន្តរជាតិ រិះគន់ សាលក្រម សាលាក្ដី ខ្មែរក្រហម ថា, យឺតពេល បន្តិច
RFA / វិទ្យុ អាស៊ី សេរី | ៩ សីហា ២០១៤
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) រិះគន់ សាលក្រម របស់ សាលាក្តី ខ្មែរក្រហម ដែលបាន កាត់ទោស អតីត មេដឹកនាំ ខ្មែរក្រហម នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតនោះ ថា, យឺតពេល បន្តិចហើយ។
លិខិតចំហ របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ ដែលមាន ទីស្នាក់ការ នៅបុរី ញីវយ៉ក ចុះកាលបរិច្ឆេទ កាលពីថ្ងៃ ទី៨ សីហា បានប្រកាស ស្វាគមន៍ សាលក្រមផង និងបាន ថ្កោលទោស ថា, សាលាក្តី កូនកាត់ មួយនេះ ចំណាយពេលយូរ និងស្ថិតក្រោម ឥទ្ធិពល នយោបាយ របស់ រដ្ឋាភិបាលកម្ពុជា។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិ ទទួលបន្ទុក សិទ្ធិមនុស្ស នៅអាស៊ី នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ និយាយ ថា៖ «សាលក្រមការ កាត់ទោស អតីត មេដឹកនាំ ជាន់ខ្ពស់ ខ្មែរក្រហម លោក នួន ជា និងលោក ខៀវ សំផន យឺតពេល បន្តិចហើយ, ហើយ វា មិនបាន ជួយស្រោចស្រង់ សាលាក្តី ខ្មែរក្រហម ពីភាពបរាជ័យ របស់ខ្លួន ឡើយ។» លោក ថា, «គោលបំណង ក្នុងការ រកយុត្តិធម៌ ជូនជនរងគ្រោះនៃរបប ខ្មែរក្រហម ត្រូវ បានប្រឡូកប្រឡាក់ ដែលមិនអាច លុបលាងជ្រះ ចេញ ដោយការជ្រៀតជ្រែក នយោបាយ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។» លោក បន្តថា, «ភាពខ្មៅ ស្រអាប់ ប្រឡូកប្រឡាក់ ជាឧបសគ្គ រារាំង មិនឲ្យ ជនរងគ្រោះ នៃរបបខ្មែរក្រហម មិនអាចទទួលបាន យុត្តិធម៌ ពេញលេញ, ទាំងនោះ រួមមាន ការខកខាន មិនអាច នាំជនសង្ស័យ ជាអតីត មេដឹកនាំ ខ្មែរក្រហម ដទៃទៀត មកកាត់សេចក្តី, ការពន្យារពេល ដ៏យូរ, និងអំពើពុករលួយ ស៊ីសំណូក ជាប្រព័ន្ធ នៅក្នុងសាលាក្តី ខ្មែរក្រហម ដែលជាការប៉ះពាល់ ដល់ជនរងគ្រោះ យ៉ាងខ្លាំងក្លា។»
កាលពីថ្ងៃព្រហស្បតិ៍ ទី៧ សីហា សាលាក្តីខ្មែរក្រហម បានប្រកាសសាលក្រមកាត់ទោស លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងលោក នួន ជា អនុប្រធានរដ្ឋសភានៃរបបនោះ អោយជាប់ពន្ធនាគារអស់មួយជីវិត ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ សំណុំរឿង០០២ នេះ នឹងត្រូវបន្តចូលទៅវគ្គ២ទៀត។ នេះជាសាលក្រមលើកទី២ហើយ បន្ទាប់ពីសាលាក្តីខ្មែរក្រហម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ សាលក្រមទី១ សម្រាប់សំណុំរឿង០០១ កាត់ទោសអោយ កាំង ហ្កេកអ៊ាវ (ហៅ ឌុច) អតីតមេគុកទួលស្លែង នៃរបបខ្មែរក្រហម អោយជាប់គុកអស់មួយជីវិតដែរ។ ប៉ុន្តែ ជនជាប់ចោទ លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្លាប់ដោយជំងឺក្នុងអំឡុងពេលជំនុំជម្រះក្តី។ រីឯភរិយារបស់លោក គឺលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមដែរនោះ មានជំងឺវង្វេងវង្វាន់ស្មារតីរួចខ្លួនពីការកាត់ទោសទៀត៕
No comments:
Post a Comment