ថ្នាក់ដឹកនាំ បក្សប្រឆាំង ទៅសួរសុខទុក្ខ សកម្មជន របស់ខ្លួន នៅគុក ព្រៃ ស
RFI | ៩ សីហា ២០១៤
លោក សម រង្ស៊ី កំពុងសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ នៅថ្ងៃទី ៩ សីហា ឆ្នាំ ២០១៤។
ទំព័រ Facebook លោក សម រង្ស៊ី
ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ដែលដឹកនាំ លោក សម រង្ស៊ី
នៅព្រឹកថ្ងៃសៅរ៍ ទី ០៩ សីហានេះ
បានចុះទៅសួរសុខទុក្ខសកម្មជនទាំងបីនាក់របស់ខ្លួនដែលកំពុងជាប់
ឃុំនៅពន្ធនាគារព្រៃស។ យ៉ាងណាក៏ដោយ ការដោះលែងសកម្មជនទាំងបីនេះ
ឲ្យនៅក្រៅឃុំវិញនោះ ហាក់មិនទាន់មានពន្លឺនៅឡើយនោះទេ
បើទោះបីវិបត្តិនយោបាយត្រូវបានបិទបញ្ជប់ទាំងស្រុងហើយនោះ។
ក្រោយពីចូលរួមប្រជុំរដ្ឋសភា និង ប្រកាសបញ្ចប់វិបត្តិនយោបាយទាំងស្រុងកាលពីថ្ងៃសុក្រម្សិលមិញ នៅព្រឹកថ្ងៃសៅរ៍នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង សមាជិកតំណាងរាស្ត្រមួយចំនួនទៀត បានចុះទៅសួរសុខទុក្ខសកម្មជនទាំងបីនាក់របស់ខ្លួននៅឯពន្ធនាគារ ព្រៃស។ គិតមកដល់ថ្ងៃសៅរ៍នេះ គឺមួយសប្តាហ៍ហើយដែលសកម្មជនបីរូបរបស់គណបក្សសង្គ្រោះជាតិត្រូវ បានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅទីនោះ។
លោក យែម ប៉ុញ្ញារិទ្ធ អ្នកពាក្យគណបក្សសង្គ្រោះជាតិដែលបានទៅចុះផ្ទាល់ ជាមួយលោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា សុខភាពសកម្មជនទាំងបីនាក់នោះ មានស្ថានភាពល្អជាធម្មតាទេ។ លោក បន្ថែមថា លោក សម រង្ស៊ី បានរៀបរាប់ពីការវិវឌ្ឍន៍ផ្សេងៗនៃនយោបាយរវាងគណបក្សជាប់ឆ្នោត ទាំងពីរប្រាប់ដល់សកម្មជនទាំងបីនាក់នោះ។ ចំពោះការដោះលែងសកម្មជនទាំងបីនាក់នេះឲ្យនៅក្រៅឃុំវិញនោះ ត្រូវបានលោក សម រង្ស៊ី ពន្យល់ដល់សកម្មជនទាំងបីថា នឹងធ្វើឡើងតាមរយៈនីតិវិធីតុលាការ ដោយ នឹងធ្វើការប្តឹងទៅសាលាឧទ្ធរណ៍ជាដើម។
សូមបញ្ជាក់ថា សកម្មជនទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិ គឺ លោក ឃិន ជំរឿន លោក សាន គីមហេងនិង នាង សុឃុន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបានចាប់ខ្លួន និង បញ្ជូនទៅឃុំឃាំងទៅពន្ធនាគារព្រៃសកាលពីថ្ងៃទី ០២ សីហា ។ យុវជនទាំងបីនាក់នេះ ត្រូវបានតុលាការចោទប្រកាន់បីករណីពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរ ទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ ១៥ កក្កដា កន្លងទៅ។ បទចោទទាំងបីនោះរួមមាន ទី១ ចូលរួមកុប្បកម្ម ទី២ប្រឆាំងនឹងអ្នករាជការសាធារណៈ និងទី៣ប្រើប្រាស់អំពើហិង្សាដោយចេតនាដោយមានស្ថានទំងន់ទោស។
កាលពីថ្ងៃទី៦សីហា ក្រោយការចូលស្បថកាន់តំណែងភ្លាមៗលោក សម រង្ស៊ី បានផ្ញើលិខិតសុំអន្តរាគមន៍ទៅកាន់លោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយស្នើឱ្យមានការដោះលែងសកម្មជន ទាំងបីនាក់នេះដោយឈរលើកកិច្ចព្រមព្រៀងបិទបញ្ចប់ជម្លោះនយោបាយ រវាងគណបក្សទាំងពីរកាលពីថ្ងៃទី២២កក្កដា។ ក៏ប៉ុន្តែកាលពីថ្ងៃទី ០៧ សីហា តុលាការបានចេញដីកាសម្រេចបន្តឃុំខ្លួនសកម្មជនទាំងបីនាក់នេះ ដដែល ដោយសម្អាងលើហេតុផលថាការស៊ើបអង្កេតនៅមិនទាន់ចប់សព្វគ្រប់។ នេះ បើតាមការបញ្ជាក់របស់លោក សំ សុគង់ មេធាវីការពារក្តីឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ។
លោក មេធាវី សំ សុគង់ បានបន្ថែមប្រាប់វិទ្យុបារាំងអន្តរជាតិថា កាលពីថ្ងៃសុក្រ ក្រុមមេធាវីការពារក្តីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការសម្រេចមិន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ។ លោក មេធាវីបន្តថា នៅពេលនេះ ក្រុមមេធាវីកំពុងរង់ចាំសាលាឧទ្ធរណ៍បើកសវនាការសម្រេចលើការសុំនៅក្រៅ ឃុំបណ្តោះអាសន្ននេះ។ យ៉ាងណាក៏ដោយ លោក មេធាវី សំ សុគង់ មានជំនឿថា សាលាឧទ្ធរណ៍នឹងសម្រេចឲ្យសកម្មជនបក្សប្រឆាំងទាំងបីនៅក្រៅឃុំ បណ្តោះអាសន្ន ប្រសិនបើតុលាការនេះសម្រេចក្តីប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌នោះ៕
No comments:
Post a Comment