Paris Peace Accords 23 Oct. 1991

Tuesday, August 5, 2014

លោក ហ៊ុន សែន ប្រកាស​ មិន​លើក​លែង «អ្នក​ញុះ​ញង់» និង​អ្នក​ប្រព្រឹត្ត​ អំពើ​ហិង្សា | Hun Sen declares those who incite and use violence will not go free

លោក ហ៊ុន សែន ប្រកាស​ មិន​លើក​លែង «អ្នក​ញុះ​ញង់» និង​អ្នក​ប្រព្រឹត្ត​ អំពើ​ហិង្សា

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ថ្លែង​ទៅ​កាន់​ ប្រជាពលរដ្ឋ ​នា​ពេល​កន្លង​មក។
RFI/Siv Channa

RFI | ៤ សីហា ២០១៤

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ថា, អ្នក​ញុះញង់ ​និង​អ្នក​ប្រព្រឹត្ត​ អំពើ​ហិង្សា​ មិន​ត្រូវ​ បាន​លើក​លែង​ ចំពោះ​ មុខ​ច្បាប់​ នោះ​ឡើយ​។  បើ​ ទោះ​ជា​លោក​ នាយក​រដ្ឋ​មន្ត្រី​ មិន​បាន​សំដៅ​ ចំពោះ ​ករណី​ណា​មួយ​ ក៏​ដោយ ក៏​ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ ពី​តុលាការ​ ក៏​បាន​បន្ត​ នីតិវិធី​ ចំពោះ​ សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ​ ទាក់​ទង​ នឹង​អំពើ​ហិង្សា​ នៅ​ក្បែរ​ ទី​លាន​ ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ ទី១៥ កក្កដា​។  យ៉ាង​ណា ​ក៏​ដោយ គណបក្ស​ ទាំង​ពីរ​ កំពុង​បន្ត​ ការ​ចរចា ដើម្បី​ ឈាន​ទៅ​ បញ្ចប់​បញ្ហា​។



ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ចន្ទ​ទី​៤​សីហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អ្នក​ដែល​ញុះញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា និង​អ្នក​ប្រព្រឹត្ត​ហិង្សា មិន​ត្រូវ​បាន​លើក​លែង​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​។ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​តុលាការ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​។

ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​នេះ​៧​នាក់ និង​សកម្មជន​ម្នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ ទី ២២​កក្កដា​នោះ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​ដែរ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​សង្គម​ស៊ីវិល​ខ្លះ​ចាត់​ទុក​ថា ជា​សម្ពាធ​នយោបាយ​ថ្មី​ទៀត​ទៅ​លើ​គណបក្ស​ប្រឆាំង ខណៈ​ដែល​គណបក្ស​នេះ​នៅ​កិកកុក មិន​ព្រម​ចូល​សភា​តាម​ការ​សន្យា​នៅ​ឡើយ​។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា ចំណាត់​ការ​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​នយោបាយ​រវាង​ គណបក្ស​ទាំង​ពីរ​ទេ​។ យ៉ាង​ណា​ក៏​ដោយ កម្តៅ​នយោបាយ​ហាក់​កំពុង​ឆាប​ឆេះ​ឡើង​វិញ​។ បញ្ហា​ខ្ទាស់​ចុង​ក្រោយ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បញ្ចូល​ក្នុង​មាត្រា​ថ្មី​នៃ​ រដ្ឋធម្មនុញ្ញ​អំពី​ស្វ័យភាព​របស់ គ.ជ.ប និង​ការ​ចែង​អំពី​ការ​ជំនួស​សមាជិក​ថ្មី ក្នុង​ករណី​ដែល​សមាជិក​ណា​ម្នាក់​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​។

ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ ក្រោម​ហេតុផល​ថា វាជា​ចំណុច​លម្អិត ដែល​មិន​គួរ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។ នេះ​បើ​យោង​តាម​លិខិត​ឆ្លើយ​តប​របស់​លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​សីហា​។ ភ្លាម​ៗ​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ គេ​រំពឹង​ថា ស្ថានការណ៍​អាច​វិល​ទៅ​រក​ភាព​ធូរ​ស្រាល​វិញ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​អំពី​រឿង​នយោបាយ ជា​ពិសេស​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​ តំណែង​ក្នុង​រដ្ឋ​សភា​៕

No comments:

Post a Comment